ភ្នំពេញ ៖ ក្រោយប៉ុន្មានម៉ោងនៃការអញ្ជើញដល់ទីក្រុងញូវដេលី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនារសៀល ថ្ងៃទី២៤ ខែមករា បានអញ្ជើញទស្សនាគម្រោងផលិតផលបច្ចេកវិទ្យារបស់មជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើបឥណ្ឌា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើដល់ភាគីឥណ្ឌា ធ្វើការសិក្សានិងផ្តល់លទ្ធភាពក្នុង ការភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជា ដើម្បីឲ្យកម្ពុជាបានធ្វើការតភ្ជាប់និងផ្តល់នូវព័ត៌មាន ពីគ្នាទៅវិញទៅមកលើប្រព័ន្ធ។
រដ្ឋមន្ត្រីក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌាលោក Ravi Shankar Prasad បានឲ្យដឹងថា មជ្ឈមណ្ឌលនេះគឺជាទីកន្លែងប្រមូលផ្តុំដោយការសិក្សាស្រាវជ្រាវ និងការអនុវត្តជាក់ស្តែង ក៏ដូចជាការរក្សាទុកបណ្តាទិន្នន័យនានា លើប្រព័ន្ធអ៊ីនធើណែត ក្នុងការគ្រប់គ្រងលើគ្រប់ផ្នែក និងគ្រប់ទីកន្លែងក្នុងប្រទេសឥណ្ឌា ហើយវាក៍ជាការភ្ជាប់ទំនាក់ទំនងទៅកាន់បណ្តាប្រទេសមួយចំនួនទាំងនៅក្នុងតំបន់ និងក្រៅតំបន់។ លក្ខណៈពិសេសមួយទៀត គឺការគ្រប់គ្រងទិន្នន័យដល់ប្រជាកសិករ និង ការធ្វើអាជីវកម្មគ្រប់បែបយ៉ាងទាំងក្នុងប្រទេសឥណ្ឌា និងអន្តរជាតិនានា ពិសេសការភ្ជាប់ទៅនិងបណ្តាសាកលវិទ្យាល័យធំៗលើពិភពលោកប្រមាណ ១៦ម៉ឺនកន្លែង។
នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់ភាគីឥណ្ឌា ធ្វើការសិក្សានិងផ្តល់លទ្ធភាពក្នុង ការភ្ជាប់ទំនាក់ទំនងជាមួយកម្ពុជា ដើម្បីឲ្យកម្ពុជាបានធ្វើការតភ្ជាប់និងផ្តល់នូវព័ត៌មាន ពីគ្នាទៅវិញទៅមកលើប្រព័ន្ធ ព័ត៌មានវិទ្យាដ៏មានសារះសំខាន់នេះ។ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា បានអញ្ជើញទស្សនានូវការបង្ហាញជាក់ស្តែង ពីការតភ្ជាប់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើប ការគ្រប់គ្រងទន្នន័យ ការតម្លើងប្រព័ន្ធសហ្វវែរ ការចុះបញ្ជីដីធ្លី និងឯកសារផ្សេងៗ តាមរយះប្រព័ន្ធព័ត៌មានវិទ្យាបែបទំនើប ពិសេសការតភ្ជាប់ពី ប្រទេសឥណ្ឌាទៅកាន់ប្រទេសដទៃទៀត លើពិភពលោក។
សូមបញ្ជាក់ថា នៅក្នុងដំណើរនៃការអញ្ជើញទស្សនកិច្ចនោះដែរ ថ្នាក់ដឹកនាំឥណ្ឌាក៏បានចាត់ទុកវត្តមានរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅពេលនេះ គឺជាការជួយជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំឥណ្ឌា ពិសេសថ្នាក់មជ្ឈមណ្ឌលអភិវឌ្ឍកុំព្យូទ័រទំនើបនេះ កាន់តែមានសកម្មភាពរស់រវើកថែមទៀត ក្នុងការស្រាវជ្រាវរកនូវរបកគំហើញថ្មីៗ ក្នុងការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យានេះជាមួយនិងបណ្តាប្រទេសជឿនលឿននានាលើសកលលោក៕