ភ្នំពេញ ៖ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារអប់រំ ឆ្នាំសិក្សា២០១៦ ២០១៧ និងទិសដៅឆ្នាំសិក្សា២០១៧-២០១៨ បានឈានចូលដល់ថ្ងៃទី២ នៃការពិភាក្សា លើអនុវិស័យការអប់រំក្រៅប្រព័ន្ធ។ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ថ្លែងថា នៅឆ្នាំ២០១៨នេះការអប់រំក្រៅប្រព័ន្ធ ត្រូវបង្កើនការបង្រៀនដល់កម្មករកាត់ដេរ និងសំណង់ មានជំនាញ និងចំណេះដឹងទូទៅ។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង្ស ជួនណារុន មានប្រសាសន៍ថា កម្មកររោងចក្រកាត់ដេរ និងសំណង់ត្រូវទទួលបានការអប់រំក្រៅប្រព័ន្ធ តាមរយៈគម្រោង អនុវិស័យការអប់រំក្រៅប្រព័ន្ធ។ លោក មានប្រសាសន៍ថា ការអប់រំក្រៅប្រព័ន្ធទៅលើកម្មករទាំងរោងចក្រ និងសំនង់នេះ គឺបណ្តុះបណ្តាលមិនមែនតែអក្សសាស្ត្រទេគឺរៀនទាំងជំនាញការងារ និងអក្ខរកម្មកុំព្យូទ័រ។
លោកមានប្រសាសន៍បន្តថា តម្រូវការគ្រូជាប់កិច្ចសន្យាច្រើន ដើម្បីបង្រៀនគ្រប់កន្លែង តាមរោងចក្រ តាមជនបទដាច់ស្រយាល តាមតំបន់ជនជាតិដើមភាគតិច ជាដើម ក្រសួងគួរតែបន្ថយ ការជ្រើសរើសគ្រូជាមន្ត្រីរាជការ ដោយសារប្រាក់មានកំណត់។
ពន្យល់បន្ថែមលើប្រសាសន៍របស់រដ្ឋមន្ត្រី លោក គួច គូ លម្អង ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធនៃក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា បច្ចុប្បន្ន ការអប់រំអក្ខរកម្ម តាមរោងចក្រទើបបាន១២រាជធានី ខេត្តទេ។ លោក គួច គូលម្អង អះអាងថា ឆ្នាំ២០១៧ អប់រំក្រៅប្រព័ន្ធគឺបង្រៀនកម្មករសាកល្បងបានជាង៣០០នាក់នៅខេត្ត សៀមរាប កំពង់ស្ពឺកណ្តាល និងរាជធានីភ្នំពេញ។ ប៉ុន្តែអនុវិស័យអប់រំក្រៅប្រព័ន្ធទូទាំងប្រទេស នៅឆ្នាំ២០១៦២០១៧ ប្រមូលអ្នកបោះបង់ការសិក្សានិងមនុស្សមិនចេះអក្សរ ឲ្យបានរៀនឡើងវិញបានជាង៤ម៉ឺន៣ពាន់នាក់៖(សម្លេងយកដោយសំណួរខ្ញុំនៅកណ្តាលផង… កម្មវិធីអប់រំ ក្រៅប្រព័ន្ធនេះគឺយើងបណ្តុះបណ្តាលជំនាញ ១ខែ ទៅដល់៦ខែ… បូកនឹងជំនាញងាយៗ ដល់ប្រជាពលរដ្ឋដែលនៅតាមសហគមន៍ )។
ប្រធានការិយាល័យអប់រំក្រៅប្រព័ន្ធ របស់មន្ទីរអប់រំយុវជននិងកីឡា ខេត្តត្បូងឃ្មុំ លោក ហាប តុងហូរ មានប្រសាសន៍ថា ការអប់រំក្រៅប្រព័ន្ធនៅខេត្តនោះបានចាប់ផ្តើមពីឆ្នាំ២០១៤ក្រោយពីខេត្តត្បូងឃ្មុំបំបែកចេញពីខេត្តកំពង់ចាម។ចំណែកប្រធានសហគមន៍អប់រំខេត្តបាត់ដំបង លោក អ៊ុំ ជឿន អះអាងថា ក្រសួងអប់រំ យុវជននិងកីឡា បានផ្តល់ថវិកាជិត២១ឆ្នាំហើយ ឲ្យសហគមន៍នោះ បានប្រមូលក្មេង ចាស់ប្រុសស្រី ដែលមិនចេះអក្សរ បោះបង់ការសិក្សា និងអ្នកត្រឡប់ពីធ្វើចំណាកស្រុក បានចូលរៀន ជំនាញក្រឡឹងឈើ ជំនាញកែសម្ភស្ស ជំនាញកាតដេរ និងជំនាញ អក្សរសាស្ត្រ។
លោក គួច គូ លម្អង ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំ យុវជននិងកីឡាបានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលពុំមានឱកាសបានរៀនក្នុងប្រព័ន្ធ ឬបោះបង់ការសិក្សាអាចចុះឈ្មោះចូលរៀននៅមន្ទីរអប់រំរាជធានី ខេត្ត ដើម្បីរៀនតាមកម្មវិធីអប់រំក្រៅប្រព័ន្ធដែលក្រសួងអប់រំយុវជននិងកីឡា កំពុងរង់ចាំជួយដល់ប្រជាពលរដ្ឋគ្រប់រូបដែលចង់ចេះ ចង់ដឹងបន្ថែម ទាំងជំនាញការងារ និងអក្សរសាសស្ត្រជាតិ៕