ភ្នំពេញ ៖ បន្ទាប់ពីបានដាក់អោយអនុវត្តដោយជោគជ័យនៅក្នុងជំហានទី១ នូវប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលបានចាប់ផ្តើមកាលពីខែមករា ឆ្នាំ២០១៧កន្លងទៅសំរាប់ ក្រសួងចំនួន ១០ ឥឡូវនេះមានក្រសួង ស្ថាប័នចំនួន ១០ផ្សេងទៀតត្រូវបានប្រកាសដាក់ឲ្យ អនុវត្តប្រព័ន្ធមួយនេះសំរាប់ឆ្នាំ២០១៩ខាងមុខនេះផងដែរ។
ថ្លែងក្នុងកម្មវិធីបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសំរាប់ ក្រសួង ស្ថាប័នថ្មីទាំង ១០ដែលត្រូវចូលរួមអនុវត្តគម្រោងឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ នា ព្រឹកថ្ងៃទី២៦ ខែមីនា នេះ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ គ្រប់គ្រងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បាន គូសបញ្ជាក់ថា៖ ភាពជោគជ័យក្នុងការដាក់ប្រព័ន្ធ FMIS ឲ្យអនុវត្តក្នុងជំហានទី១ នៅក្នុងអគ្គ លេខាធិការដ្ឋានគន្លឹះនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរតនាគាររាជធានី ខេត្តទាំងអស់ នៅទូទាំងប្រទេសកម្ពុជា គឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ថា ប្រព័ន្ធ FMIS បានដើរតួនាទីជា កាតាលីករសកម្ម ក្នុងការនាំមកនូវប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព ក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
យោងតាមការចេញផ្សាយរបស់ព្រឹត្តិបត្រព័ត៍មានគម្រោងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ឲ្យដឹងថា ការអនុវត្តគម្រោងនេះបានដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងអំពីលទ្ធភាព និងតម្រូវការជាក់ស្តែង ក្នុងការកែលម្អជាជំហានៗ នូវនីតិវិធីអនុវត្តការងារហិរញ្ញវត្ថុ ដែលមាន ភាពស្មុគស្មាញ និងមិនផ្តល់តម្លៃបន្ថែមក្នុងគោលដៅពង្រឹងវិន័យថវិកា កាត់បន្ថយពេលវេលា និងធនធានមិនចាំបាច់ និងជួយសម្រួលបន្ទុកការងាររបស់មន្ត្រីអនុវត្តថវិកា និងកិច្ចការហិរញ្ញ វត្ថុទៀតផង។
FMIS មានអត្ថប្រយោជន៍ ៧យ៉ាងសម្រាប់ក្រសួង ស្ថាប័ន រួមមាន៖ ការពង្រឹង គណនេយ្យភាពស្ថាប័ន និងភាពជាម្ចាស់ក្នុងការគ្រប់គ្រង និងអនុវត្តថវិកា,កាត់បន្ថយការប្រើ ប្រាស់ធនធានក្នុងការរត់ការឯកសារទៅតាមកម្មវិធីនីមួយៗ,តាមដានការអនុវត្តថវិកាបានកាន់ តែមានប្រសិទ្ធភាពជាងមុន ទាំងថវិកាថ្នាក់ក្រសួង ថ្នាក់មន្ទីរ និងអង្គភាពថ្នាក់ក្រោមជាតិនៅ ក្រោមឱវាទ តាមរយៈការទទួលបាននូវរបាយការណ៍ហិរញ្ញវត្ថុ និងថវិកាបានដោយខ្លួនឯង និងទាន់ពេលវេលា,ទទួលបាននូវមូលដ្ឋានគ្រឹះមួយក្នុងការពិនិត្យមើលឡើងវិញនូវនីតិវិធីអនុ វត្តការងារដែលនាំឲ្យមានការរាំងស្ទះ ឬពន្យាពេលដល់ការអនុវត្តថវិកា,មានភាពងាយស្រួល ក្នុងការគ្រប់គ្រង និងការអនុវត្តកម្មវិធី ដោយប្រើប្រាស់ចំណាត់ថ្នាក់ថវិកា ដែលមានស្រាប់នៅ ក្នុងប្រព័ន្ធ,ប្រើប្រាស់ប្រព័ន្ធដើម្បីប្រតិបត្តិការហិរញ្ញវត្ថុទៅតាមនីតិវិធីអនុវត្តការងារនានា,អាច តាមដាននូវដំណើរការនៃការអនុវត្តថវិកាតាមរយៈលំហូរការងារក្នុងប្រព័ន្ធ FMIS ពេលបញ្ជូន ពេលពិនិត្យរួច និងពេលអនុម័តរួច៕