ថៃ ៖ រដ្ឋាភិបាលថៃ និង រដ្ឋាភិបាលហ្វីលីពីន បានសម្រេចអោយបិទកោះទេសចរណ៌ដ៏ល្បីល្បាញចំនួន២ ជាបណ្តោះអាស័ន្ន ដើម្បីធ្វើការកែលម្អរបរិស្ថាន និង ប្រព័ន្ធអេកូឡូស៊ី បើទោះបីមានការប៉ះពាល់ដល់ចំណូលទេសចរណ៌របស់ខ្លួនជាច្រើនក៏ដោយ។
រដ្ឋាភិបាលហ្វីលីពីន កាលពីថ្ងៃពុធ បានប្រកាសថា កោះលម្ហែកាយ Boracay ដ៏ល្បីល្បាញរបស់ខ្លួននឹងត្រូវបិទទ្វារមិនទទួលភ្ញៀវទេសចររយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី ២៦ ខែមេសា តទៅ ដោយសារមានក្តីបារម្ភថារមណីយដ្ឋានខ្សាច់សដ៏គួរឲ្យទាក់ទាញមួយនេះ បានក្លាយជា «អាងស្តុកទឹកស្អុយ» ដែលត្រូវបានបំពុលដោយ ការបង្ហូរទឹកស្អុយចូលសមុទ្រ។ ការគំរាមបិទកោះទេសចរណ៌របស់ហ្វីលីពីននេះ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Duterte បានបន្ទោសសណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនប្រមាណ ៥០០ នៅលើដីកោះដ៏តូចនេះ ដែលបានបង្ហូរទឹកស្អុយ ចូលទៅក្នុងសមុទ្រ និងធ្វើឲ្យដីកោះនេះប្រែក្លាយជា «អាងស្តុកទឹកស្អុយ»។
នេះជាវិធានមួយ ដែលបង្ហាញពីការគិតគូលើការការពារបរិស្ថាន និង ប្រព័ន្ធអេកូឡូស៊ី សម្រាប់រយៈពេលវែង នៅតំបន់ឆ្នេរសមុទ្រ បើទោះបីជាការសម្រេចបិទឆ្នេរទេសចរណ៌ Boracay នេះ នឹងធ្វើអោយរដ្ឋាភិបាលហ្វីលីពីន បាត់បង់ប្រាក់ចំណូល ប្រមាណ១ពាន់លានដុល្លារចូលក្នុងសេដ្ឋកិច្ច ដែលទទួលបានពីភ្ញៀវទេសចរប្រមាណ ២លាននាក់ ក៏ដោយ។ ការសម្រេចបិទកោះនេះ ក៏នឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនហ្វីលីពីន ប្រមាណ៣ម៉ឺន៦ពាន់នាក់ ដែលកំពុងបម្រើការងារ និង មានពាណិជ្ជកម្មទេសចរណ៍នៅទីនោះផងដែរ។
ដូចគ្នានេះដែរ រដ្ឋាភិបាលនៃប្រទេសថៃ ក៏បានប្រកាសថា នឹងបិទ ឆ្នេរ Maya Bay ដែលជាឆ្នេរទេសចរណ៌ដ៏ល្បីល្បាញរបស់ខ្លួន រយៈពេល៤ខែ ចាប់ពីខែមិថុនា ឆ្នាំ២០១៨ តទៅ ដោយសារតែ អ្នកជំនាញខាងផ្នែកសមុទ្រ របស់ប្រទេសថៃ បានរកឃើញថា កោះនេះមាន ប្រព័ន្ធអេកូឡូស៊ី ផុយស្រួយដែលរងការបំផ្លាញដោយមនុស្ស តាមរយៈការបំពុលពីកាណូតនិងសណ្ឋាគារនៅតាមមាត់សមុទ្រជាដើម។
គួរបញ្ជាក់ថា វិស័យទេសចរណ៌ បានចូលរួមក្នុងចំណូលសេដ្ឋកិច្ចជាតិ របស់ប្រទេសថៃ ប្រមាណ១២ភាគរយ។ ក្នុងនោះ រដ្ឋាភិបាលរំពឹងថា តំបន់ឆ្នេរ បានទាក់ទាញអ្នកទេសចរ 38 លាននាក់ នៅឆ្នាំ២០១៨នេះ។ ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាល បានសម្រេចចិត្តបិទឆ្នេរទេសចរណ៌ និង កន្លែងមុជទឹកមួយចំនួន ចាប់តាំងពីឆ្នាំ ២០១៦មក បន្ទាប់ពីការសិក្សាបង្ហាញថា ការបំពុលបរិស្ថានដោយមនុស្ស និង កម្តៅទឹកសមុទ្រឡើងក្តៅខ្លាំង អាចធ្វើឱ្យខូច ជីវចម្រុះ និង ប្រព័ន្ធអេកូឡូស៊ី៕