លោក ផៃ ស៊ី​ផាន ទាមទារ​ឲ្យ​វិទ្យុ​អាស៊ីសេរី​ពន្យល់​ពីបទ​វិភាគ​របស់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2014 ក+ ក-

ភ្នំពេញ៖កាលពី​ម្សិលមិញ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈ រដ្ឋមន្ត្រី​បានទាមទារ​ឲ្យ​វិទ្យុ​អាស៊ីសេរី (RFA) “​បញ្ជាក់​” ពី​ការលើកឡើង​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដែល​វាយប្រហារ​ទៅលើ​ការ​កាន់អំណាច​យ៉ាងយូរ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​

​នៅក្នុង​លិខិត​បើកចំហ​មួយ ដែល​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​ដឹងឮ​កាលពី​ម្សិលមិញ លោក ផៃ ស៊ី​ផាន បានទាមទារ​ឲ្យ​លោក ជុន ច័ន្ទ​បុត្រ ប្រធាន​គ្រប់គ្រង​ការផ្សាយ​ជា​ខេមរភាសា​របស់​វិទ្យុ​អាស៊ីសេរី​ពន្យល់​ចំពោះ​ការប្រើ​ឃ្លា​ចំនួន​បួន​នៅក្នុង​បទ​វិភាគ​កាលពី​ថ្ងៃទី​២៧ ខែសីហា ក្រោម​ប្រធានបទ “​តើ​ការកំណត់​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី​មាន​សារៈសំខាន់​យ៉ាងណា​?”​។​

​នៅក្នុង​ប្រធានបទ​នោះ​លោក ជុន ច័ន្ទ​បុត្រ បាន​សំដៅលើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ជា​អ្នក​ក្រាញ​នឹង​អំណាច ហើយ​បាន​និយាយ​បញ្ឆិតបញ្ឆៀង​ថា លោក​ត្រូវបាន​រំ​ុ​ជុំជិត​ដោយ​ទីប្រឹក្សា​អា​ម៉ី​អា​ថោង​ឆ្វេង​ស្តាំ​ចាំតែ​លើកជើង​។ ចំណុច​ទាំងពីរ​នេះ​បានធ្វើ​ឲ្យ​លោក ផៃ ស៊ី​ផាន ខឹង​យ៉ាងខ្លាំង​។​

​លោក ផៃ ស៊ី​ផាន ក៏បាន​សួរ​អំពី​ឯកសារយោង​ដែល​ប្រធាន​គ្រប់គ្រង​ការផ្សាយ​ជា​ខេមរភាសា​រូបនេះ​បានលើកឡើង​ពាក់ព័ន្ធ​នឹង​ការប្រើ​កងសន្តិសុខ​ទៅ​វាយប្រហារ​អ្នក​តវ៉ា និង​អ្នកកាសែត ក៏ដូចជា​ការលើកឡើង​ដែលថា មន្ត្រី​រហូតដល់ និង​រួមទាំង​ព្រះមហាក្សត្រ​ផង​ត្រូវការ​គាំទ្រ​ពី​លោកនាយក​រដ្ឋមន្ត្រី​ដើម្បី​ឡើងកាន់តំណែង​របស់ខ្លួន​។​

​លោក ផៃ ស៊ី​ផាន បានសរសេរថា “​វា​ហាក់បីដូចជា​ស្ថានីយ​វិទ្យុ​បរទេសមួយ​នេះ​ជ្រៀត​ជ្រែកចូល​នយោបាយ​ផ្ទៃក្នុង និង​អធិបតេយ្យភាព​នៃ​ទឹកដី​កម្ពុជា​”​។ លោក​បាន​បន្ថែមថា “​ខ្ញុំ​សង្ឃឹម និង​ជឿជាក់ថា សាធារណជន​ទូទៅ​នឹង​ទទួលបាន​ការពន្យល់​ចំពោះ​គោលបំណង​នៃ​ការប្រើប្រាស់​ពាក្យ​ទាំងនេះ និង​ការទទួលខុសត្រូវ​រប​ស់​វិទ្យុ​អាស៊ីសេរី​ក្នុងពេល​ឆាប់ៗ​”​។​

​លោក ជុន ច័ន្ទ​បុត្រ បាន​ឆ្លើយតប​នឹង​លិខិត​របស់​អ្នកនាំពាក្យ​រូបនេះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដោយ​លើកឡើងថា លោក​នឹងមិន​ផ្តល់​ការបកស្រាយ​លើ​អ្វីដែល​លោក​បានលើកឡើង​ទេ ព្រោះថា លោក​បាន​ប្រើប្រាស់​ភាសា​សាមញ្ញ​។​

​លោក​បានសរសេរថា “​ម្យ៉ាងវិញទៀត​អ្វីដែល លោក ផៃ ស៊ី​ផាន បានលើកឡើង​ជា​ឧទាហរណ៍​នៅក្នុង​លិខិត​របស់លោក​គឺ​វា​ពិតជា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការពិត​”​។​

​លោក ជុន ច័ន្ទ​បុត្រ បានលើកឡើង​តាមរយៈ​អី​ុ​ម៉េ​ល​កាលពី​ម្សិលមិញ​ថា លោក​មិន​ព្រួយបារម្ភ​ចំពោះ​លិខិត​របស់លោក ផៃ ស៊ី​ផាន នោះទេ​។ លោក ជុន ច័ន្ទ​បុត្រ បាន​មានប្រសាសន៍ថា “​គាត់​បាន​គំរាម​វិទ្យុ​អាស៊ីសេរី​ជាច្រើនលើក​មកហើយ​កាលពីពេល​កន្លងមក​។ ខ្ញុំ​មិន​ព្រួយបារម្ភ​អំពី​ការផ្សាយ​អ្វីដែល​ពិត​នោះឡើយ​។ វិទ្យុ​អាស៊ីសេរី គឺជា​វិទ្យុ​ឯករាជ្យ​។ យើង​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ​”​។​

​នៅពេល​ទាក់ទង​តាម​ទូរស័ព្ទ លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា លោក​គ្មាន​ផែនការ​ដាក់ពាក្យ​បណ្ដឹង​ជា​ផ្លូវការ​ប្តឹង​លោក ជុន ច័ន្ទ​បុត្រ នោះទេ ប៉ុន្តែ បាន​លើកឡើងថា លិខិត​របស់លោក “​ជា​ជំហាន​ដំបូង​”​។​

​លោក​បាន​មានប្រសាសន៍ថា “​ខ្ញុំ​មិន​ចង់​និយាយ​ទុកជាមុន​ទេ​។ ប៉ុន្តែ វា​មានប្រតិកម្ម​ពី​ភាគី​សន្តិសុខ និង​ពី​មនុស្ស​ដែល​នៅ​ជុំវិញ​សម្តេច [ ហ៊ុន សែន ] ដែល​ត្រូវ​ការការពារ​កិត្តិយស​របស់ខ្លួន ពីព្រោះ​ពួកគេ​ត្រូវបាន​ហៅថា ជា​ក្រុម​អា​ម៉ី​អា​ថោង​ឆ្វេង​ស្តាំ​ចាំតែ​លើកជើង​”៕​ស៊ុយ​ឈាង (​ខេ​ម​បូ​ឌា​ដេលី​)​

Untitled-3                                                                   លោក ផៃ ស៊ីផាន

Untitled-1                                                      លោក ជុន ច័ន្ទបុត្រ