ភ្នំពេញ ៖ នៅក្នុងរយៈពេល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានជម្រុញអោយប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតទាប និងក្លាយជាខ្លាសេដ្ឋកិច្ចមួយនៅក្នុងតំបន់អាស៊ី ដោយនៅតែរក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ។
ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសមានប្រាក់ចំណូលកំរិតទាប មកជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតទាបចាប់តាំងពីឆ្នាំ២០១៥មក ហើយក៏ត្រូវបានចាត់ទុកថា ជាខ្លាសេដ្ឋកិច្ចមួយក្នុងតំបន់អាស៊ី ចាប់តាំងឆ្នាំ២០១៦ ដោយសារកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំដ៏រឹងមាំ ក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេលជិត២ទសវត្សមកនេះ។
សមិទ្ធផលទាំងនេះ គឺត្រូវបានសម្រេចនៅក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បន្តអនុវត្តធ្វើកំណែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងដំណាក់កាលទី៣ ដែលជាមូលដ្ឋានដ៏សំខាន់នៃ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជា។
នេះបើតាមខ្លឹមសារដែលបានដាក់បង្ហាញជាផ្លូវការ នៅក្នុងកិច្ចប្រជុំវាយតម្លៃសមិទ្ធផល ៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរៀបចំធ្វើឡើង ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។ តាមការបញ្ជាក់របស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចំណូលចរន្តថវិការដ្ឋ បានកើនឡើងជាង២ដង ដោយកើនពីប្រមាណ២,២៦៤លានដុល្លារនៅឆ្នាំ២០១៣ ដល់ប្រមាណ៤,៥៦០លានដុល្លារ នៅឆ្នាំ២០១៨នេះ។
ដោយឡែកចំណូលសរុបថវិកាជាតិ (ចំណូលពីពន្ធ) មានចំនួន ៥.៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ កើន១០.៦ភាគរយ ឡើងដល់ ៥.៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ស្មើនឹង២៣.៥៩ភាគរយ នៃផសស។
ជាក់ស្តែង ផលិតផលក្នុងស្រុកសរុប រឺ ផសស ក្នុងឆ្នាំ2017 មានចំនួន $22.3ពាន់លានដុល្លារអាមេរិក ហើយនឹងកើនដល់ 22.6 ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។ កត្តានេះ បានធ្វើអោយផសសសម្រាប់មនុស្សម្នាក់ ក្នុងឆ្នាំ2013 មានចំនួន 1042 $ បានកើនឡើងដល់ 1568$ ក្នុងឆ្នាំ២០១៨។ កំណើន ផលិតផលក្នុងស្រុកសរុប រឺ ផសស នេះ គឺដោយសារមានកំណើនគាំទ្រដោយ វិស័យឧស្សាហកម្ម ៨.៦ភាគរយ!វិស័យសេវាកម្ម៧.៦ភាគរយ! វិស័យកសិកម្ម២ភាគរយ។ ចំណែកអតិភរណាក្នុងឆ្នាំ២០១៧ មាន 3.8% និងបានធ្លាក់ចុះមក ៣.៥ភាគរយ ក្នុងឆ្នាំ២០១៨។ អាត្រាប្តូរប្រាក់នៅតែរក្សាបានក្នុងរង្វង់ ៤០៣៧រៀល ក្នុងមួយដុល្លារអាមេរិក។ កំណើននេះ បានធ្វើអោយអាត្រានៃភាពក្រីក្រ ធ្លាក់ចុះពី ៥៣.៤ភាគរយ ក្នុងឆ្នាំ២០០៤ មកនៅត្រឹម ១៣.៥ភាករយ នៅឆ្នាំ២០១៤ និងរំពឺងថាបន្តធ្លាក់ចុះបន្តបន្ទាប់ទៀត។
ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិ បានកើនឡើងពីចំនួន ៣.៦៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៣ កើនដល់ ៧.៨៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨។ ការកើនឡើងនៃទំហំចំណូលនេះ បានផ្តល់លទ្ធភាពឲ្យរាជរដ្ឋាភិបាល បង្កើនចំណាយយ៉ាងច្រើន ទៅលើការលើកកម្ពស់គុណភាព និងការពង្រីកវិសាលភាព នៃសេវាសាធារណៈ ទាំងតាមរយៈចំណាយចរន្តថវិកាជាតិ និងទាំងតាមរយៈចំណាយវិនិយោគសាធារណៈ ដើម្បីធ្វើឲ្យការផ្តល់សេវាសាធារណៈ មានភាពកាន់តែប្រសើរឡើង និងកាន់តែខិតជិតនឹងប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។ បន្ថែមពីនេះ សមាមាត្រនៃចំណូលថវិកាពីប្រភពហិរញ្ញប្បទានក្រៅប្រទេស ក្នុងចំណែកថវិកាជាតិ ក៏បានថយចុះ ពីប្រមាណជិត ៧០% នៅក្នុងឆ្នាំ ១៩៩៥ មកនៅត្រឹមតែប្រមាណ២១.៤%ប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៧ ហើយនឹងបន្តថយចុះថែមទៀត នៅមិនដល់ ២០% នៅឆ្នាំ២០១៨ ។
ប្រការនេះ គឺជាការសបញ្ជាក់ឲ្យ ឃើញថា កម្ពុជាកាន់តែមានឯករាជ្យ ភាពខាងថវិកាជាងមុន និងកាន់តែមានភាពជាម្ចាស់ជាងមុន។ ទន្ទឹមនឹងកំណើននៃថវិកាចំណូល ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលក៏បានបង្កើនការចំណាយថវិការដ្ឋ ជិតពីរដងផងដែរ ដោយការចំណាយថ្នាក់ជាតិឆ្នាំ២០១៨ មានជាង៦ពាន់លានដុល្លារ ស្មើនឹង២៤.៥៩ នៃផសស បើធៀបនឹងឆ្នាំ២០១៣ គឺមានត្រឹម ៣.៣៥ ពាន់លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះ ការចំណាយថវិកាជាតិសម្រាប់វិស័យសង្គមកិច្ច ត្រូវបានបញ្ជូលជាអាទិភាព ដែលមានចំនួន ១.៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ស្មើនឹង៤.៧១ភាគរយ នៃផសស។
ចំណែកការចំណាយសរុបរបស់ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបានបង្កើនជាងបីដង, ចំណាយសរុបរបស់ក្រសួងសុខាភិបាល ត្រូវបានបង្កើនជិតពីរដងកន្លះ, ចំណាយសរុបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបានបង្កើនជិតបីដង ហើយចំណាយវិនិយោគផ្ទាល់ ដោយហិរញ្ញប្បទានក្នុងប្រទេស ត្រូវបានបង្កើនជិតពីរដងកន្លះ។ ចំពោះប្រាក់បៀវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កើនឡើងជិត៣ដង ដែលក្នុងឆ្នាំ២០១៣ មានចំនួនប្រមាណ៣០ម៉ឺនរៀល កើនដល់ ប្រមាណ១លានរៀល ក្នុងឆ្នាំ២០១៨៕