ភ្នំពេញ ៖ អង្គការ GIZ ឧបត្ថម្ភឲ្យមន្ត្រីកសិកម្មនៃប្រទេសជំនួ៣ កម្ពុជា ថៃ និងវៀតណាម សម្របសម្រួលគ្នា ដល់ការដោះដូរទំនិញកសិកម្ម ដែលងាយនឹងខូចគុណភាព មានបន្លែ និងផ្លែឈើ សរុបចំនួន៦មុខ ឲ្យមានការសម្របសម្រួលគ្នាបានលឿនពីការប្រើពេលយូរមកកាន់តែខ្លីជាងរយៈពេលមុនៗ ហើយត្រូវគោរពស្តង់ដារ នៃការព្រមព្រៀងក្នុងការប្រជុំ។
ប្រទេស៣ គឺកម្ពុជា ថៃ និង វៀតណាម សំរេចធ្វើលំហូរ ពាណិជ្ជកម្ម បន្លែនិងផ្លែឈើ ៦មុខ ទៅវិញទៅមកនៅខែមិថុនា ឆ្នាំ២០១៨ ដើម្បីសម្រួលដល់ការធានា មិនឲ្យខូចគុណភាព។
ការសម្រេចលំហូរពាណិជ្ជកម្ម ផ្លែឈើ មានស្រការនាគ ស្វាយ មៀន គូលែន ចេក និងបន្លែ ម្ទេស ទៅកាន់ប្រទេស វៀតណាម ថៃ និងកម្ពុជា ឲ្យទាន់ពេលមិឲ្យខូចគុណភាពនោះ បានធ្វើឡើង ក្រោយពីមានកិច្ចប្រជុំចំនួន២លើក របស់មន្ត្រីជំនាញកសិកម្ម តំណាងឲ្យប្រទេសទាំង៣ ដែលរៀបចំ និងជួយឧបត្ថម្ភដោយអង្គការ GIZ។
តំណាងអង្គការGIZ ប្រចាំក្រុងបាកកក ប្រទេសថៃ បានឲ្យដឹងថា កាលពីខែតុលា ឆ្នាំ២០១៧ មន្ត្រីកសិកម្មតំណាងប្រទេសទាំង៣ បានយល់ស្របគ្នាថាយកបន្លែ និងផ្លែឈើទាំង៦មុខនេះ សម្រាប់ដោះដូរទំនិញទៅវិញទៅមក។ បន្លែ និងផ្លែឈើទាំង៦មុខនោះរួម មាន ស្រការនាគ ស្វាយ មៀន គូលែន ចេក និងម្ទេស សុទ្ធតែឆាប់ខូចគុណភាព ប្រសិនបើការសម្របសម្រួលទំនិញកសិកម្មឆ្លងដែន ត្រូវបានពន្យារយូរថ្ងៃ។ ក្រោយការប្រជុំវាយតម្លៃ នៅក្នុងខែតុលា ឆ្នាំមុន និងសិក្ខាសាលាថ្នាក់តំបន់២ថ្ងៃ គឺ២៦ និង២៧ខែមេសា ឆ្នាំ២០១៨ នេះ អង្គប្រជុំ បានរកនិតិវិធី នៃការអនុវត្តជាក់ស្តែង បទបញ្ញត្តិផ្សេងៗ មកពិនិត្យបញ្ចូលគ្នា ដើម្បីផ្ទៀងផ្ទាត់រកចំណុចខ្វះ ខាត និងអនុសាសន៍ ដើម្បីឲ្យតំណាងប្រទេសទាំង៣នោះ អនុម័តទៅលើអ្វីដែលសម្រេច នៅក្នុងសិក្ខាសាលថ្នាក់តំបន់ ស្តីពីការវាយតម្លៃ អំពីកិច្ចសម្របសម្រួលពាណិជ្ជកម្មសម្រាប់ទំនិញកសិកម្ម នៅក្នុងតំនប់អាស៊ានរួច ទើបយកការអនុម័តនោះ ទៅប្រជុំគណៈកម្មាការតម្រង់ទិសគម្រោងបន្តទៀត នៅរសៀលថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៨។ លោកស្រីបន្តថា អនុសាសន៍ក្នុងកិច្ចប្រជុំគណៈកម្មាការតម្រង់ទិសគម្រោង គឺមាន ៣ចំនុច៖
ទី១ការបកប្រែភាសាបច្ចេកទេស ពីភាសាអង់គ្លេស ទៅជាភាសាជាតិនីមួយៗ។ ទី២ ការ ប្រើគេហទំព័ររួមគ្នារបស់ប្រទេសទាំង៣ សម្រាប់ងាយស្រួលដល់ទំនាក់ទំនងចែករំលែក ព័ត៌មាន និងទី៣ ត្រូវអភិវឌ្ឍន៍សមត្ថភាព របស់មន្ត្រីតាមព្រំដែន និងមន្ត្រីពាក់ព័ន្ធក្នុងការ អនុវត្តការងារដោះដូរ ទំនិញកសិកម្មឆ្លងដែន ទាំង៣ប្រទេសនេះ ៖
នៅក្នុងសិក្ខាសាលាថ្នាក់តំបន់ ស្តីពីការវាយតម្លៃអំពី កិច្ចសម្របសម្រួលពាណិជ្ជកម្ម សម្រាប់ទំនិញកសិកម្មនោះ ប្រទេសកម្ពុជាមិនទាន់មាន កសិដ្ឋានធំទូលាយ ដាំដើមគូលែន ច្រើនទេ។ ប៉ុន្តែបានចូលរួម ក្នុងការលំហូរផ្លែគូលែននោះ មកកម្ពុជា។
របាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ បង្ហាញ ថាឆ្នាំ២០១៦វិស័យកសិកម្មបានចូលរួមចំណែក ២៦,៣% នៃផលិតផលសរុបក្នុងស្រុក។
ការរីកចម្រើននៃវិស័យកសិកម្មបានធ្វើឲ្យប្រទេសកម្ពុជា សម្រេចបានសន្តិសុខស្បៀង ចាប់ពីឆ្នាំ ១៩៩៥មក មានសល់ស្បៀងក្នុង១ឆ្នាំៗ រាប់លានតោន សម្រាប់បម្រើការកែច្នៃក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារបរទេស៕