ល​ទ្ឋ​ផល​នៃ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 April, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួងការបរទេស នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា នេះ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ត្រៀម នៅ​ទី​ក្រុ​សាំ​ហ្គា​ពួរ ថា ក្នុងការ​ត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន​លើក​ទី​១៧ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល អាស៊ាន​លើក​ទី​២១ នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០១៨​។​
​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM)
​ក្នុង​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​បាន​ពិភាក្សា​អំពី​ការកសាង​សហគមន៍​អាស៊ាន និង​ទំនាក់ទំនង​ខាងក្រៅ​របស់​អាស៊ាន និង​បាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​ការអភិវឌ្ឍ​តំបន់​និង​អន្តរជាតិ​។ កិច្ច​ប្រជុំបាន​ចេញផ្សាយ​សេចក្តីប្រកាស​របស់​រដ្ឋ​មន្ត្រី​ការបទេស​អាស៊ាន ស្តីពី​ការវិវឌ្ឍ​នៅ​ឧបទ្វីប​កូរ៉េ​។​

​នៅក្នុង​បទ​អន្តរាគមន៍​ស្តីពី​ការកសាង​សហគមន៍​អាស៊ាន ឯកឧត្តម ប្រាក់ សុខុន បានលើកឡើង​អំពី​ភាពមិនច្បាស់លាស់​ជាស​កល និង​និន្នាការ​កើនឡើង​នៃ​ការ​គាំពារ​និយម​ជុំវិញ​ពិភពលោក ហើយ​និង​លទ្ធភាព​កើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។ ឯកឧត្តម​ក៏បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​នៃ​បញ្ហា​ទាំងនោះ​ចំពោះ​ការកសាង​សហគមន៍​អាស៊ាន និង​បានផ្តល់​គំនិត​មួយចំនួន​សម្រាប់​ការឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​ការ​គាំពារ​និយម ដូចជា អាស៊ាន​ត្រូវមាន​ភាពចាំបាច់​ក្នុងការ​រក្សា​ភាពរឹងមាំ​សេដ្ឋកិច្ច និង​វិបុលភាព ការកសាង​សហគមន៍​អាស៊ាន​ត្រូវតែ​ទទួលយក​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ អាស៊ាន​មាន​ភាពចាំបាច់​បន្ត​ដោះស្រាយ​គម្លាត​អភិវឌ្ឍន៍​រវាង​សមាជិក​អាស៊ាន​ចាស់ និង​ថ្មី ថ្វីត្បិតតែ​គម្លាត​នេះ​បាន​ខិតជិត​បន្តិច​ម្តងៗ នៅពេលដែល​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម មាន​អត្រាកំណើន​សេដ្ឋកិច្ច​ថេរ​ក៏ដោយ​។​

​ក្នុងការ​ដោះស្រាយ​ទំនាក់ទំនង​ខាងក្រៅ​របស់​អាស៊ាន ឯកឧត្តម ប្រាក់ សុខុន បាន​ថ្លែងថា “​ទំនាក់ទំនង​តានតឹង​រវាង​គូប្រជែង​មហាអំណាច នឹងធ្វើ​ឱ្យមាន​ការលំបាក​ដល់​ប្រទេស​អាស៊ាន​ក្នុងការ​ជ្រើសរើស​មិត្ត​”​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​សន្ទុះ​វិជ្ជមាន​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​ជប៉ុន ដែល​អាច​នាំមក​នូវ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​បូក​បី និង​ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន ជាមួយ​ឥណ្ឌា និង​ជាមួយ​អូស្ត្រាលី ដែលជា​ចំណុចរួម​ជា​វិជ្ជមាន​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ខាងក្រៅ​។​​

ចំពោះ​បញ្ហា​ឧបទ្វីប​កូរ៉េ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា “​ការវិវឌ្ឍ​នាពេល​ថ្មីៗ គឺមាន​ការចាប់អារម្មណ៍ លើកទឹកចិត្ត និង​មិនដែល​កើតមាន​សោះ​នៅលើ​ឧបទ្វីប​កូរ៉េ ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​” ហើយ​ការវិវឌ្ឍ​នេះ គឺជា​ការប្រឹងប្រែង​អត់​ឈប់ឈរ​របស់​ប្រធានាធិបតី ម៉ូ​ន ជេ អី​ន នៅក្នុង​កិច្ច​ស្វះស្វែង​របស់គាត់​ស្តីពី “​គំនិត​ផ្តួចផ្តើម​បែ​ឡាំង​”​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី យល់ឃើញថា កិច្ចប្រជុំ​កំពូល​ចិន​-​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ នៅ​ទីក្រុង​ប៉េកាំង គឺជា​ការ​ទំ​លុះ​ទំលាយ​ភាពទាល់ច្រក​ដ៏​សំខាន់​មួយ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ថា ក្នុងឋានៈ​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ កម្ពុជា​ផ្តល់​សារសំខាន់​ចំពោះ​ដំណោះស្រាយ​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ និង​ក្នុងការ​ថែរ​រក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ នៅក្នុង​តំបន់​។​

​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ឯកឧត្តម ប្រាក់ សុខុន បាន​គូសបញ្ជាក់ថា “​រយៈកាល​ពីរ​ឆ្នាំ​កន្លងទៅ កិច្ចប្រឹងប្រែង​ក្នុង​ការកសាង​ភាពជឿជាក់ និង​ទំនុកចិត្ត បាន​នាំមក​ឲ្យ​យើង​នូវ​សមិទ្ធិផល​ដ៏​សំខាន់​៖​ការបញ្ចប់​ក្របខណ្ឌ​ការងារ​សម្រាប់​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ការចាប់ផ្តើម​ជា​ផ្លូវការ​នូវ​កិច្ច​ពិគ្រោះ​យោបល់​ប្រកបដោយ​ខ្លឹមសារ​។ បរិយាកាស​ទូទៅ​មាន​សភាព​សមស្រប​សម្រាប់​កិច្ចចរចា​ផ្លូវការ​ស្តីពី​ក្រម​ប្រតិបត្តិ (COC)​។ ដំណើរការ​ក្រម​ប្រតិបត្តិ​អាចមាន​រយៈ​យូរ និង​ស្មុគស្មាញ ប៉ុន្តែ​យ៉ាងហោចណាស់ ក៏​កំពុងដំណើរការ​ទៅមុខ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យមាន​ការប្រកាន់​ខ្ជាប់​នូវ “​ស្មារតី​បាលី​-​សៀមរាប​” ហើយ​បាន​សំណូមពរ​ដល់​អាស៊ាន​បន្ត​អនុវត្តតាម​គោលការណ៍​នេះ ប្រសិនបើ​យើង​ត្រូវ​ស្វែងរក​ដំណើរការ​លើ​បញ្ហា​ដែល​ងាយ​ប្រេះស្រាំ​ដ៏ទៃទៀត ដូចជា យន្តការ​ដោះស្រាយ​ជម្លោះ ជាដើម​។​
​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី​ក៏បាន​លើកឡើង​ផងដែរ​អំពី​ការលេចឡើង​នូវ “​បណ្តា​គំនិត​ផ្តួចផ្តើម​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​” ដែល​ហាក់​សំដៅ​ដល់​ភាព​កាន់តែ​សំខាន់​នៃ​ភូមិសាស្ត្រ​-​យុទ្ធសាស្ត្រ​នេះ និង​ការទទួលស្គាល់​ទស្សនទាន​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ហើយ​បានបង្ហាញ​ទស្សនៈ​ថា ប្រសិនបើ​មិនមាន​ការគ្រប់គ្រង​សមស្រប ការវិវឌ្ឍ​នេះ​អាច​នឹង​ប៉ះពាល់​ខ្លាំងក្លា​ដល់​ឯកភាព និង​តួនាទី​ស្នូល​របស់​អាស៊ាន​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ពី​ភាពចាំបាច់​ក្នុងការ​រក្សា​តួនាទី​ស្នូល​របស់​អាស៊ាន និង​ភាពជា​អ្នកដឹកនាំ​របស់​អាស៊ាន នៅក្នុង​និម្មាបនកម្ម​តំបន់​ដើម្បី​ទប់ទល់​នឹង​ភាព​ប្រជែង​គ្នា​ទាំងនេះ​។​

កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន​លើក​ទី​១៧​រដ្ឋមន្ដ្រីការបរទេស​បាន​ស្តាប់​របាយការណ៍​របស់​លេខាធិការដ្ឋាន​អាស៊ាន អំពី​ការវិវឌ្ឍ​ថ្មីៗ​ក្នុង​បណ្តា​ផ្នែក​ចំណុះ​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន និង​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​និង​ការ​ពិនិត្យឡើងវិញ​នៃ​ផែនការ​លម្អិត​ឆ្នាំ​២០២៥ របស់​សហគមន៍​នយោបាយ​-​សន្តិសុខ​។ កិច្ចប្រជុំ​បានអនុម័ត​របាយការណ៍​សហគម​ន៍​នយោបាយ​-​សន្តិសុខសម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២​។​
​ឯកឧត្តម ប្រាក់ សុខុន បានប្រកាសថា​កម្ពុ​ជាមាន​ឆន្ទៈ​នាំមុខ​សម្រាប់​សកម្មភាព “​លើកកម្ពស់​ការចូលរួម​យ៉ាងសកម្ម​របស់​សមា​ជិ​ក​អាស៊ាន នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ថែ​ក្សា​សន្តិភាព​និង​កសាង​សន្តិភាព​ក្រោយ​ជម្លោះ​ស្របតាម​សមត្ថភាព​របស់​ប្រទេស​សមាជិក​”​។ ឯកឧត្តម​ក៏បាន​ជម្រាបជូន​អង្គប្រជុំ​ផងដែរ​ថា​កម្ពុជា នឹង​រៀបចំ​ការសិក្សា​ស្រាវជ្រាវ និង​សន្និសីទ​ដោយ​វិទ្យាស្ថាន​អាស៊ាន សម្រាប់​សន្តិភាព​និង​ការផ្សះផ្សា ស្តីពី “ ការកសាង​សន្តិភាព​ក្រោយ​ជម្លោះ ៖ បទពិសោធន៍​របស់​ក​ម្ពុ​ជា និង​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ឆ្ពោះទៅរក​ការផ្សះផ្សា​ជាតិ​” នៅ​ខែតុលា ឆ្នាំ​២០១៨ នៅ​ខេត្តសៀមរាប​។​

​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី ២១
​រដ្ឋមន្ត្រីការបរទេស​បាន​ស្តាប់​របាយការណ៍​របស់​ប្រធាន​អំពី​ការរៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ និង​របស់​អគ្គលេខាធិកា​រអា​ស៊ាន អំពី​ការបន្ត​ការងារ​របស់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១​។ រដ្ឋមន្ត្រីការបរទេស​បាន​ពិនិត្យ​លើ​របាយការណ៍មួយចំនួន និង​បាន​គាំទ្រ​ឯកសារ​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២​។​

​ឯកឧត្តម​ប្រាក់ សុខុន បានស្នើ​សុំ​ជំនួយ​ហិរញ្ញវត្ថុ និង​បច្ចេកទេស​សកម្ម​ថែមទៀត ដើម្បី​ជំរុញ​អាណត្តិ​និង​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ស​កម្ម​ភាព​មីន​តំបន់​អាស៊ាន​។ សម្រាប់​ថវិកា​ប្រតិបត្តិការ​ប្រចាំឆ្នាំ ២០១៧-២០១៨ កម្ពុជា​បានរួម​ចំណែក​ទាំងស្រុង និង​បាន​អំពាវនាវ​ដល់​សមាជិក​អាស៊ាន​ផ្សេងទៀត ចូលរួមចំណែក​ផងដែរ​។​
​ចំពោះ​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន ឯកឧត្តម​ទេសរដ្ឋមន្ត្រី សម្តែង​ការរីករាយ ដោយ​បានឃើញ​អត្រា​នៃ​ការអនុវត្ត​ផែនការ​ដំណាក់កាល​ទី​បី​នៃ​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន (២០១៦-២០២០) សម្រាប់​ពីរ​ឆ្នាំ​ដំបូង សម្រេចបាន​រហូតដល់​ទៅ ៥៣.៨% នៃ​សកម្មភាព​ក្នុង​វិស័យ​អាទិភាព​ទាំង​ប្រាំ​។ ដោយ​កម្ពុជា​ត្រូវ​ធ្វើជា​ប្រធាន​ក្រុមការងារ​នៃ​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន (IAI) នៅ​ឆ្នាំនេះ យើង​នឹង​ប្រឹងប្រែង​រក្សា​នូវ​សន្ទុះ​វិជ្ជមាន​នេះ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​ស្នើថា មូលនិធិ​អភិវឌ្ឍន៍​អាស៊ាន​គួរ​បើកចំហ​ដល់​គម្រោង ឬ​សកម្មភាព IAI ជាពិសេស​សម្រាប់​សំណើ​រៀបចំ​គម្រោង​នានា​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកសំណើ​តែងតាំង​ឯកឧត្តម គង់ ភោគ អនុរដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើជា​អគ្គលេខាធិការរង​នៃ​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន អាណត្តិ​ចាប់ពី​ខែតុលា ឆ្នាំ​២០១៨ ដល់​ខែតុលា ឆ្នាំ​២០២១​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋមន្ត្រី​ការបរទេស​ទាំងអស់ ដែល​បានផ្តល់​ការគាំទ្រ ដល់​ការតែងតាំង​នេះ​៕