ឆ្នាំ​២០១៧ កម្ពុជា​ប្រមូល​ផល​ស្រូវប្រាំង​និង​វស្សា​សរុប ជាង​១០​លាន​តោន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 May, 2018 ក+ ក-

ភ្នំពេញ ៖ បើ​គិត​ក្នុង​ឆ្នាំ​២០១៧ ដល់​ដើមឆ្នាំ​២០១៨​នេះ ប្រទេស​កម្ពុជា ប្រមូល​ទិន្នផល​ស្រូវ​ទាំង​រដូវវស្សា និង​រដូវប្រាំង​បាន​ជាង​១០​លាន​តោន ដែល​ចំនួន​នេះ បានធ្វើអោយ​កម្ពុ​ជាមាន​អតិរេក​ស្រូវ​ប្រមាណ​៥​លាន​៦​សែន​តោន ស្មើនឹង​អង្ករ​៣​លាន​៥​សែន​៦​ម៉ឺន​តោន​។​

​នៅក្នុង​ឆ្នាំ​២០១៧ កន្លងទៅនេះ ពិតមែនតែ​អាកាសធាតុ មានការ​ប្រែប្រួល​ខ្លះ​ក៏ដោយ ប៉ុន្តែ​ជារួម​ស្ថានភាព​អាកាសធាតុ បាន​អំណោយផល​ច្រើន ដល់​ការរីកលូតលាស់​ផលដំណាំ ផល​ត្រី និង​ធនធាន​ជីវចម្រុះ​ផ្សេងទៀត ។ ក្នុងនោះ កម្ពុជា​សម្រេចបាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ ជាង​៣​លាន​២​សែន​ហិកតា ដែល​កើន​ប្រមាណ ២.៨% ធៀប​នឹង​ឆ្នាំ​២០១៦​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លើក​ទិសដៅ​ឆ្នាំ​២០១៨-២០១៩​។​

លោក វេ​ង សាខុន បាន​បង្ហាញថា លើ​ផ្ទៃដី​ប្រមូល​ផល​ប្រមាណ​៣​លាន​២​សែន​ហិកតា​នេះ ក្នុងនោះ​ស្រូវវស្សា​មាន ២​លាន​៦៤​ម៉ឺន​ហិកតា និង​ស្រូវ​រដូវប្រាំង​មាន​៥៥​ម៉ឺន​ហិកតា​។ ចំពោះ​ទិន្នផល​ស្រូវ គិត​ជា​មធ្យម​ទាំង​ប្រាំង និង​វស្សា បាន​កើន​ដល់ ៣​ពាន់​២៩៥​តោន​ក្នុង​មួយ​ហិកតា​។

​បើ​គិត​លើ​តែ​ទិន្នផល​ស្រូវវស្សា​ទទួលបាន​ប្រមាណ ៣​ពាន់​៥២​តោន​ក្នុង​មួយ​ហិកតា ចំណែក​ទិន្នផល​ស្រូវ​រដូវប្រាំង​ទទួលបាន ជាង​៤​តោន​កន្លះ​ក្នុង​មួយ​ហិកតា​។ ដូចនេះ ក្នុង​ឆ្នាំ​២០១៧ បរិមាណ​ផល​ស្រូវវស្សា ទទួលបាន ចំនួន​ជាង​៨​លាន​៦​សែន​តោន និង​បរិមាណ​ផល​ស្រូវ​រដូវប្រាំង ទទួលបាន​២​លាន​៤៥​ម៉ឺន​តោន​។ ដូចនេះ បរិមាណ​ផល​ស្រូវ​សរុប​ទាំង​ប្រាំង និង​វស្សា ដែល​កម្ពុជា​ប្រមូលបាន ក្នុង​ឆ្នាំ​២០១៧ កើនឡើង ដល់​ជាង​១០​លាន​៥​សែន​តោន ពោលគឺ​កើន​ប្រហែល​៥.៦% ធៀប​នឹង​ឆ្នាំ​២០១៦​។ ទិន្នផល​នេះ​ធ្វើ​ឲ្យ​ក​ម្ព​ជាមាន​អតិរេក​ស្រូវ រឺ​នៅសល់​ស្រូវ​លើស​តម្រូវការ ជាង ៥​លាន​៦​សែន តោន គិត​ជា​អង្ករ​ស្មើនឹង​៣​លាន​៥៦​ម៉ឺន​តោន គឺ​កើន​ប្រមាណ​៨.៦%​ធៀប​នឹង​ឆ្នាំ​២០១៦​។

​សូមបញ្ជាក់ថា បរិមាណ​អង្ករ​សរុប​ដែល​កម្ពុជា​បាន​នាំចេញ​ក្នុង​ឆ្នាំ​២០១៧ ក្នុង​ក្របខណ្ឌ​នៃ​ច្រកចេញចូល​តែមួយ មាន​ចំនួន ៦៣​ម៉ឺន​៥​ពាន់​៦៩៧​តោន កើនឡើង​១៧.៣% ធៀប​នឹង​ឆ្នាំ​២០១៦ ក្នុងនោះ ប្រភេទ​អង្ករ​ក្រអូប​មាន​ចំនួន​៦១.៧%! អង្ក​រស គ្រប់​ប្រភេទ​មាន​ចំនួន ២៤.៦% និង​អង្ករ​ចំហុយ មាន​ចំនួន ១៣.៤% ។ ក្រុមហ៊ុន​នាំ​អង្ករ​កម្ពុជា​ចេញ មាន​ចំនួន​៨៤​ក្រុមហ៊ុន ដោយ​នាំចេញ​ទៅកាន់​ទិសដៅ​៦៣​ប្រទេស នៅលើ​សាកលលោក ៕