ភ្នំពេញៈ នៅក្នុងបន្ទប់ដ៏ក្ដៅមួយនៅឯបណ្ណាល័យក្នុងវត្តឧណ្ណាលោមក្នុងរាជធានីភ្នំពេញក្រុមអ្នកស្រាវជ្រាវដែលមានលោក ឡេង កុកអាន និងលោក សួន កុសល ទើបតែបញ្ចប់ការរៀបចំកាសែតចំនួន ២៥០០ គីឡូក្រាមដាក់ក្នុងកេសក្រដាសកាតុង។
លោក កុកអាន លោក កុសល និងអ្នកស្រាវជ្រាវម្នាក់ទៀតឈ្មោះ ឃុន សុភាព នឹងធ្វើដំណើរទៅជាមួយកេសកាសែតនេះនៅថ្ងៃចន្ទក្នុងដំណើររយៈពេល ២០ ថ្ងៃទៅកាន់ទីក្រុងប៉ារីសហើយក្រោយមកត្រូវបញ្ជូនឯកសារទាំងនោះទៅសាលាបារាំង French School of the Far East ដែលប្រមូលផ្តុំកាសែតបោះពុម្ពនៅកម្ពុជានៅឯបណ្ណាល័យភាសាដើម និងអរិយធម៌ (BULAC) ។
នៅទីនោះឯកសារទាំងអស់នឹងស្ថិតនៅក្រោមការឃ្លាំមើលពីសាស្ត្រាចារ្យ Olivier de Bernon នៃសាលាបារាំងចុងបូព៌ា (EFEO) ដែលអាចជាការប្រមូលផ្តុំកាសែត និងទស្សនាវដ្តីធំជាងគេតែមួយគត់ដែលចាប់ផ្តើមប្រមែរប្រមូលចាប់តាំងពីឆ្នាំ ១៩៦៤ មកម្ល៉េះ។
លោក កុកអាន បានថ្លែងដោយអស់សំណើចថា៖ «ក្រសួងព័ត៌មានអាចមិនមានព័ត៌មានច្រើនដូចនេះទេ»។ ការប្រមូលផ្តុំឯកសារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩០ ដោយលោក de Bernon មុនពេលដែលវាត្រូវបានអភិវឌ្ឍ និង ទទួលបានការឧបត្ថម្ភពីសាលាបារាំងចុងបូព៌ា (EFEO) ក្នុងឆ្នាំ ២០០៥ ដែលជាពេលលោក កុកអាន និងសហការីរបស់គាត់ធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសជាលើកដំបូង។ នេះគឺជាការដឹកជញ្ជូនលើកទី ៣ ហើយដើម្បីបន្ថែមលើចំនួនដែលមានស្រាប់។
លោក កុកអាន ថ្លែងថា៖ «នៅពេលអនាគតប្រជាជនអាចរកមើលនូវអ្វីដែលបានកើតឡើងនៅក្នុងពេលនេះហើយវាគឺជាភ័ស្តុតាងមួយ»។ ខណៈដែលគ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានអានកាសែត ឬទស្សនាវដ្តីជារៀងរាល់ថ្ងៃនោះគោលបំណងដ៏សំខាន់របស់ពួកគេគឺសិក្សា និងអភិរក្សសត្រាស្លឹករឹតពីបុរាណដែលបានតម្កល់ទុកនៅវត្តឧណ្ណាលោមដែលពួកគេយល់ថាពួកគេជាអ្នកថែរក្សាប្រវត្តិសាស្ត្រ។
លោក កុកអាន រៀបរាប់ថា៖ «យើងមិនត្រឹមតែយកចិត្តទុកដាក់ថែរក្សាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងថែរក្សាប្រពៃណី ឬនយោបាយថែមទៀតផង។ ឯកសារទាំងអស់នោះគឺសម្រាប់ក្មេងៗជំនាន់ក្រោយដើម្បីរៀនសូត្រ»។
មុនពេលការប្រមូលនេះលោក de Bernon បានចាប់ផ្ដើមប្រមូលឯកសារទៀងទាត់ពេលវេលាយ៉ាងសកម្មគឺពីឯកសារប្រវត្តិសាស្ត្រឯកជនរបស់អ្នកប្រាជ្ញជនជាតិអាមេរិក លោក Michael Vickery ដែលបានប្រមូលផ្តុំចងក្រងសៀវភៅតាំងពីឆ្នាំ ១៩៧៩ តាមរយៈបណ្តាញមិត្តភក្តិ។
មុនពេលរបបខ្មែរក្រហមលោក de Bernon បានសរសេរថាការប្រមូលនេះវាបានឆ្លុះបញ្ចាំងអំពីឥទ្ធិពលភាសាបារាំងនៅក្នុងប្រទេសកម្ពុជាដោយមានកាសែតប្រចាំថ្ងៃជាច្រើនត្រូវបានបោះពុម្ពជាភាសាបារាំង ហើយក្នុងចំណោមឧទាហរណ៍មួយចំនួនទៀតនៃការបោះពុម្ពផ្សាយទស្សនីយភាពនយោបាយគឺកាសែតជាភាសាខ្មែរ និងបារាំងដែលមានឈ្មោះថា Psin-Psin។
ភាគច្រើននៃវត្ថុទាំងនេះត្រូវបានប្រមូលដោយអតីតព្រះមហាក្សត្រនរោត្តមសីហនុ។ បន្ទាប់ពីរដ្ឋប្រហារលន់នល់អ្នកកាសែតជនជាតិបារាំងឈ្មោះ Grard-Henri Briss និងជាមិត្តភក្ដិរបស់ព្រះមហាក្សត្រសីហនុបានប្រមូលបន្ត ហើយឯកសារដែលបានចងក្រងទាំងអស់ត្រូវបានបញ្ជូនទៅឱ្យសាលាបារាំងចុងបូព៌ា (EFEO) រួមជាមួយនឹងវត្ថុផ្សេងទៀតរបស់ព្រះមហាក្សត្រក្នុងឆ្នាំ ២០០៤ សម្រាប់រក្សាឲ្យមានសុវត្ថិភាព។
នៅក្នុងឯកសារនោះលោក de Bernon និយាយថាគេអាចសង្កេតមើលឃើញ «ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ» នៃការសរសេរភាសាខ្មែរ។ លោកបានសរសេរក្នុងអត្ថបទមួយក្នុងឆ្នាំ ២០១៧ ថា៖ «ពួកគេភាគច្រើនកើតចេញពីការបង្កើតថ្មីដែលប្រែទៅជាវាក្យសព្ទក្នុងអំឡុងសម័យបដិវត្តន៍ [ខ្មែរក្រហម] ជាពិសេសការប្រើប្រាស់ការនិយាយស្តីដើម្បីទទួលស្គាល់ពីឋានៈអាយុ និងមុខងារសង្គម។
យោងតាមលោក de Bernon បានឲ្យដឹងថាការប្រមូលផ្តុំឯកសារនេះក៏ជារូបភាពមួយនៃអក្សរសិល្ប៍ផងដែរ។ ក្នុងករណីដែលគ្មានការបោះពុម្ពផ្សាយរឿងប្រលោមលោក ឬកំណាព្យកាសែតដូចជា រស្មីកម្ពុជា កោះសន្តិភាព ឬក៏ការបោះពុម្ពផ្សាយរបស់នគរបាលជាតិពីក្នុងឆ្នាំ ១៩៨០ រហូតដល់ដើមឆ្នាំ ២០០០ អាចបោះពុម្ពផ្សាយជាអក្សរសិល្ប៍នៅលើទំព័ររបស់ពួកគេបានរួមទាំងការបកប្រែរឿងប្រលោមលោកបរទេសផងដែរហើយជួនកាលជាសំណេរពីរឿងរ៉ាវផ្អែមល្ហែមបែបមនោសញ្ចេតនាលន្លង់លន្លោច។
ប៉ុន្តែវាជាកំណត់ត្រានយោបាយ និងសង្គមរបស់ប្រទេសកម្ពុជា និងជាទស្សនវិស័យដែលប្រជាពលរដ្ឋកម្ពុជាមានក្នុងរយៈពេលពាក់កណ្ដាលសតវត្សរ៍នៃប្រវត្តិសាស្ត្ររបស់ពួកគេដែលត្រូវបានរក្សាទុកក្នុងទំព័រនៅក្នុងបណ្ណាល័យ។
លោក កុកអាន ថ្លែងថាសព្វថ្ងៃនេះមានតែកាសែតប្រចាំថ្ងៃ ៩ ប៉ុណ្ណោះដែលត្រូវបានប្រមូលបើប្រៀបធៀបទៅនឹងការបោះពុម្ពផ្សាយដាច់ដោយឡែកចំនួន ២០៧ នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ដែលឆ្លុះបញ្ចាំងអំពីទំព័រថ្មីនៅក្នុងប្រវត្តិសាស្ត្រប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកម្ពុជា។ ទស្សនាវដ្តីត្រូវបានកាត់ចេញពីការប្រមូលនេះដោយសាតែវាមានតែការនិយាយដើមពីតារា។លោក កុសល ថ្លែងអំពីបរិមាណបោះពុម្ពផ្សាយនេះថា៖ «វាជាបញ្ហាមួយនៅក្នុងសង្គមរបស់យើង។ ប្រសិនបើពួកគេអាចរកប្រាក់ចំណេញបានពីការបោះពុម្ពផ្សាយនោះពួកគេនឹងបន្តធ្វើ ប៉ុន្តែប្រសិនបើមិនបានប្រាក់ចំណេញទេនោះគេនឹងបិទ…ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនៅក្នុងករណីរបស់កាសែត Cambodia Daily វាមិនមែនក្ស័យធនទេ ប៉ុន្តែវាត្រូវបានបិទទ្វារដោយសារតែបញ្ហាផ្សេង»។
នៅពេលសាកសួរអំពីការបាត់បង់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យថាតើវានឹងធ្វើឲ្យប៉ះពាល់ដល់តម្លៃនៃឯកសារនោះបែបណា លោក កុកអាន បានលើកឡើងថា ក្រុមការងារគ្រាន់តែប្រមូលឯកសារ ឯរឿងរ៉ាវនយោបាយទុកសម្រាប់អ្នកដទៃប៉ុណ្ណោះ។
លោក កុកអាន ថ្លែងថា៖ «ប្រសិនបើនរណាម្នាក់ចង់វិភាគរឿងនេះវាជាទំនួលខុសត្រូវរបស់ពួកគេ»។ លោករំឭកថាវាជា «ភ័ស្តុតាង» មួយ៕
ប្រភព ៖ postkhmer
ឯកសារព័ត៌មានដែលរៀបចំបញ្ជូនទៅបារាំង។ រូបថត Alessandro