ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថា ការប្រឡងចូលក្របខណ្ឌមន្ត្រីសុខាភិបាលនឹងមិនកំណត់អាយុនោះទេ ដើម្បីផ្តល់លទ្ធភាពដល់និស្សិតពេទ្យទាំងអស់អាចចូលបំពេញការងាររដ្ឋ ព្រោះការសិក្សាជំនាញពេទ្យនេះត្រូវការពេលវេលាយូរទម្រាំរៀនចប់។ក្រៅពីនេះ សម្តេចតេជោ បានប្រកាសពិនិត្យឡើងវិញក្នុងការដំឡើងឋានន្តរស័ក្កិ និងឋានៈនៅក្នុងក្រសួង មន្ទីរ ស្ថាប័នរដ្ឋទាំងអស់ ដើម្បីឲ្យប្រាកដថា ការដំឡើងនោះ ត្រឹមត្រូវទៅតាមការកំណត់ក្នុងច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅរាជធានីភ្នំពេញ ជិត៤ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសាជាថ្មីថា ចំពោះការប្រឡងចូលក្របខណ្ឌជាមន្ត្រីរាជការផ្នែកសុខាភិបាល គឺមិនត្រូវបានកំណត់អាយុទៀតទេ ពីព្រោះដូចជាអ្នករៀនពេទ្យឯកទេសជាដើម គឺត្រូវប្រើរយៈពេលយូរឆ្នាំទម្រាំរៀនចប់ ហើយចង់ធ្វើជាមន្ត្រីរាជការសុខាភិបាលផ្នែកពេទ្យ តែបែរជាហួសពេលហួសអាយុ។
បើតាមសម្តេច ទោះអាយុប៉ុន្មានក៏អាចប្រឡងចូលបានដែរ ចាប់ពីពេលនេះតទៅ។ តែទោះយ៉ាងណាក៍ដោយ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗថា ចំពោះការស្នើសុំសម្តេចអោយការលើកលែង ឬបន្ឋូរបន្ថយលើវិញ្ញាសារប្រឡងចូលពេទ្យ គឺមិនអាចធ្វើបានឡើយ។ មានន័យថា ទាល់តែចេះទើបជាប់ មិនអាចយកសមត្ថភាពអ្នកដទៃ ឬមិនរៀនផង បានជាប់នោះទេ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅតែអះអាងថា វិស័យអប់រំគឺជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលរាជរដ្ឋាភិបាលមិនភ្លេច យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ លោកគ្រូ អ្នកគ្រូ ព្រមទាំងមន្ត្រី និងបុគ្គលិកអប់រំទាំងអស់ដែលបានខិតខំបំពេញការងារក្នុងការជួយជំរុញវិស័យអប់រំជាតិអោយកាន់តែមានគុណភាព រីកចម្រើនទៅមុខ និងទទួលបានជោគជ័យ។
ក្រៅពីការងារអប់រំ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៍ប្រកាសពិនិត្យឡើងវិញនូវការតម្លើង ឋានន្តរស័ក្កិ និងថ្នាក់ នៅក្នុងក្រសួង មន្ទីរ ស្ថាប័នទាំងអស់ ដើម្បីឲ្យប្រាកដថា ការតម្លើងថ្នាក់អោយមន្ត្រី និងតំឡើងស័កិ្កដល់កងកម្លាំងរបស់ខ្លួនបានត្រឹមត្រូវទៅតាមការកំណត់ក្នុងច្បាប់។ សម្តេចតេជោ បានក្រើនរំលឹកដល់រដ្ឋមន្ត្រីដែលគ្រប់គ្រងគ្រប់ក្រសួងទាំងអស់ ត្រូវយកចិត្តទុកដាក់លើរឿងនេះ គឺត្រូវតំឡើងឋានន្តរស័ក្តិអោយបានត្រឹមត្រូវទៅតាមច្បាប់ កុំធ្វើតាមតែបទបញ្ជា ហើយកុំគិតតែតំឡើងឋានន្តរស័ក្កិ និងតួនាទីរបស់ខ្លួនឬបក្សពួកខ្លួនមិនបានគិតគូរដល់មន្ត្រីនៅក្រោមឱវាទ។ តាមច្បាប់នៅក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិលគឺក្រោយរយៈពេល០២ឆ្នាំត្រូវស្នើសុំតំឡើងឋាន្តរស័ក្កិចំនួន០១ដង។ សម្តេចបានលើកជាសំណួរថា តើគ្រប់ក្រសួងស្ថាប័នទាំងអស់បានធ្វើត្រឹមត្រូវតាមការកំណត់ក្នុងច្បាប់ហើយឬនៅ។
គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ ដដែលសម្តេចតេជោ នាយករដ្ឋមន្ត្រីបានជំនួបសំណេះសំណាលដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូនៅក្នុងរាជធានីភ្នំពេញ៕