ភ្នំពេញ ៖ ឯកសារបុរាណជាច្រើន ដែលសរសេរលើក្រដាស បានបន្សល់នៅតាមវត្តអារាមយូរឆ្នាំហើយ និងកំពុងពុកផុយ ប្រឈមការបាត់បង់នូវឯកសារកេរដំណែលប្រវត្តិសាស្ត្រនេះទាំងស្រុងនៅពេលដ៏ខ្លីខាងមុខនេះ ប្រសិនបើគ្មានការយកចិត្តទុកដាក់អភិរក្សនោះទេ។
ជាយូរមកហើយដែលក្រុមវិទ្យាសា្ថនស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ប្រមូលមករក្សាទុកកេរ្តិ៍ដំណែលដូនតា ប៉ុន្តែក្រដាសទាំងនោះមិនអាចរក្សាទុកបានយូរតទៅទៀតទេ ទើបមានការស្នើសុំឲ្យរាជរដ្ឋាភិបាលជួយថតចម្លងបញ្ចូលទៅក្នុងទិន្នន័យកុំព្យូទ័រ ប្រយោជន៍សម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយ។
ប្រធានអភិរក្សសាស្ត្រាស្លឹករឹត នៅវិទ្យាសា្ថនស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ លោក ឡេង កុកអាន អំពាវនាវឲ្យរាជរដ្ឋាភិបាល ប្រញាប់ថតចម្លង សាស្ត្រាបុរាណ ពីក្រដាសទៅបញ្ចូលទៅក្នុង ទិន្នន័យកុំព្យូទ័រ ។
ការអំពាវនាវនេះបានធ្វើឡើង នៅគ្រាដែលក្រុមវិទ្យាស្ថានស្រាវជ្រាវនិងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ កំពុងប្រមូលឯកសារព័ត៌មានកម្ពុជាទាំងអស់ដើម្បីបញ្ជូនទៅរក្សាទុក នៅសារមន្ទីរប៊ុយឡាក់ប្រទេសបារាំង។
លោក ឡេង កុកអាន បន្តថា ឯកសារក្បួនខ្មែរមាន កាប វាន ក្រាំង ជាដើមដែលបារាំងបានរក្សាទុកតាំងពីសម័យ ព្រះមហាក្សត្រជំនាន់មុន ដែលជាឯកសារក្រដាស កំពុងតែចាស់ខ្លាំងចង់ពុកទៅហើយ លោកស្នើសុំរាជរដ្ឋាភិបាល ជួយថតចម្លងស្នាដៃ ព្រឹទ្ធាចារ្យបុរាណមករក្សាទុក នៅក្នុងទិន្នន័យកុំព្យូទ័រ កុំឲ្យបាត់បង់។ ទន្ទឹមនោះ ឯកសារបុរាណច្រើនទៀត ដែលដំកល់នៅក្នុងវត្តអារាម ក៏ក្រដាសកំពុងចាស់ដែរ គួរចម្លងឯកសារបុរាណនោះទុកក្នុងឌីជីថល ឬកុំព្យូទ័រ ងាយស្រួលដល់មនុស្សជំនាន់ក្រោយ ស្រាវជ្រាវរកមើលឯកសារទាំងនោះ តាមចិត្តចង់បាន។
លោក ឡេង កុកអាន បន្តថា ការស្នើសុំឲ្យចាប់ផ្តើមថតចម្លង ឯកសារបុរាណពីក្រដាសទៅជាទិន្នន័យបញ្ចូលក្នុងកុំព្យូទ័រនោះ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលយកទៅពិចារណា។ ប៉ុន្តែបើការពិចារណានោះបន្តយូរទៀត ដោយសារខ្វះថវិកា គឺបញ្ហានោះ កើតមានដដែលចំពោះសាស្ត្រាស្លឹករឹត វាន ក្រាំងជាដើម ដែលចងក្រងដោយអ្នកប្រាជ្ញ វិទ្យាសាស្ត្របូរាណរបស់ខ្មែរនោះ។
លោក ឡេង កុកអាន ឲ្យដឹងថា ឯកសាររបស់ខ្មែរបុរាណមានចែងនៅក្នុង សាស្រា្តស្លឹករឹត វាន និង ក្រាំង ដែលក្នុងនោះមាន ច្បាប់ទម្លាប់បុរាណ ប្រវត្តិវប្បធម៌ជាតិ របាំតាមតំបន់ឬទំនៀមទម្លាប់ពាក្យប្រៀនប្រដៅ ជាដើម ដែលចែងនៅក្នុងនោះគួរតែរក្សាទុក៕