ភ្នំពេញ ៖ ក្រសួងរ៉ែនិងថាមពល ប្រជុំជាមួយក្រុមហ៊ុនដែលមានការងារពាក៉ព័ន្ធនិងរ៉ែ ដើម្បីពង្រឹង ការអនុវត្តការប្រតិបត្តិធនធានរ៉ែ បន្ទាប់ពីមានការប៉ះពាល់បរិស្ថាន និងសង្គម ដែលសង្ស័យ អាចកើតឡើងពីសារធាតុពុល ដោយការប្រើសារធាតុគីមី ពាក់ព័ន្ធនិងការ រុករករ៉ែនិងអាជីវកម្មរ៉ែ ។
រដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម ព្រមានបញ្ចប់អាជ្ញាប័ណ្ណ ចំពោះក្រុមហ៊ុនណាដែលអនុវត្តការងាររបស់ខ្លួន បានបំពានច្បាប់ស្តីពីការគ្រប់គ្រងធនធានរ៉ែ។
ការព្រមាននេះបានធើ្វឡើងនៅក្នុង កិច្ចប្រជុំរវាងក្រសួងរ៉ែនិងថាមពល ជាមួយក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែ និងក្រុមហ៊ុនអាជីវកម្មរ៉ែ កាលពីព្រឹក ថ្ងៃ២៣ ខែឧសភា២០១៨។
លោក ស៊ុយ សែម មានប្រសាសន៍បន្តថា ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែ ត្រូវគោរពអាជ្ញាប័ណ្ណនោះដែលក្រសួងបានកំណត់ទំហំឲ្យរុករកនិងរយៈពេលអនុញ្ញាត។ ប្រសិនបើការរុករកនោះ រកឃើញមានរ៉ែលោហៈ ដែលក្រុមហ៊ុនចង់ធ្វើអាជីវកម្ម ត្រូវបញ្ចប់ អាជ្ញាប័ណ្ណរុករករ៉ែ ហើយសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែវិញ។ នៅពេលធ្វើអាជីវកម្ម ក៏ដូចជារុករករ៉ែ មិនត្រូវបញ្ចេញកាកសំណល់ ឲ្យប៉ះពាល់ដល់បរិស្ថាន រួមមាន ទឹក ខ្យល់ ដី ជាដើម។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង ស័ក្តធារ៉ា មានប្រសាសន៍ថា ក្រសួងរ៉ែនិងថាមពលមិនបកស្រាយលើការពុល ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងគ្រោះ នៅខេត្តក្រចេះនិងខេត្តមណ្ឌលគិរីទេ ព្រោះមានស្ថាប័ន និងក្រសួង ផ្សេងៗបានផ្សព្វផ្សាយ រួចអស់ទៅហើយ។ ក្រសួងបន្តលុបបំបាត់អាជីវកម្មរ៉ែអាណាធិបតេយ្យ ទាំងឯកជន និងគ្រួសារ។
លោក ម៉េង ស័ក្តធារ៉ា បានអាននូវការណែនាំ ដើម្បីឲ្យក្រុមហ៊ុនដែលអនុវត្តការងារ ធនធានរ៉ែ គួរប្រតិបត្តិតាមនូវភារកិច្ចទទួលខុសត្រូវ សង្គមនិង បរិស្ថាន ដែលមានចែង នៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងធនធានរ៉ែ អនុក្រឹត្យ និងប្រកាសផ្សេងៗ ផែនការកិច្ចសន្យា បរិស្ថាន បង្ការកុំឲ្យក្លាយទៅជាបទល្មើសព្រហទណ្ឌ។ ការប្រើប្រាសដីធ្លីរុករករ៉ែ ក៏ដូច អាជីវកម្មរ៉ែ កុំឲ្យប៉ះពាល់ ទ្រព្យឯកជនរបស់ប្រជាជន ឬរបស់រដ្ឋ និងតំបន់ការពារ។ ការដឹកឥវ៉ាន់ឬរ៉ែចេញចូលការដ្ឋាន ត្រូវមានការអនុញ្ញាតពីក្រសួង អាជ្ញាធរនិងសហគមន៍ក្នុងមូលដ្ឋាន។ ការទុកដាក់កាកសំណល់ផ្សេងៗ ហាមលេចធ្លាយសារធាតុពុល មកលើប្រភពទឹក ឬតំបន់ប្រជាពលរដ្ឋរស់នៅ ត្រូវគ្រប់គ្រងនៅក្នុងការដ្ឋាននិងឲ្យត្រូវតាម អាជ្ញាប័ណ្ណ។ អាជ្ញាប័ណ្ណដែលក្រសួងរ៉ែ និងថាមពល បានចេញឲ្យអនុវត្ត ត្រូវលើកប៉ាណូ ផ្សព្វផ្សាយជាសាធារណៈ មុននឹងក្រុមហ៊ុនចូលទៅអនុវត្តការងារ ត្រូវគោរពទំហំដី ជម្រៅជាដើមតាមច្បាប់។
របាយការណ៍ ក្រសួងរ៉ែនិងថាមពល ឲ្យដឹងថា ក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែលោហៈនិងរុករករ៉ែ បច្ចុប្បន្នមាន២៥ ដែលក្រសួងបានចេញអាជ្ញាប័ណ្ណ ឲ្យអនុវត្តការងាររ៉ែ។ ក្រុមហ៊ុនដែលមកចូលរួមប្រជុំ មានតែ២៤ទេ ក្រុមហ៊ុនដែលមិនបានមកប្រជុំ លោករដ្ឋមន្ត្រី ស្នើសុំ ឲ្យទៅទិស្តីការក្រសួងរ៉ែនិងថាមពល ដើម្បីទទួលយកការណែនាំបន្ថែម៕