ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិដែលមាន១០ជំពូក និងចែកចេញជា ៣៨មាត្រា ដែលត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រម ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពី
ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ហើយបានបញ្ជូនទៅសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិនោះ នាពេលនេះសេចក្តីព្រាងច្បាប់ដ៏មានសារសំខាន់មួយនេះត្រូវបានពិភាក្សា និងអនុម័តយល់ព្រម ពីរដ្ឋសភាតាមរយៈសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ដែលមានសមាជិករដ្ឋសភាចូលរួមចំនួន ១១២រូប លើចំនួនសមាជិករដ្ឋសភាសរុប ១២៣រូប។
យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលអំពីសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិនេះបានអោយដឹងថា ច្បាប់ស្តីពិសញ្ជាតិត្រូវបានអនុម័ត និងប្រកាសអោយប្រើដោយព្រះរាជ ក្រមកាលពីខែតុលា ឆ្នាំ១៩៩៦។ រហូតមកដល់ពេលនេះមានរយៈពេលជិត២២ឆ្នាំហើយ ដែល ច្បាប់ស្តីពីសញ្ជាតិត្រូវបានដាក់អោយអនុវត្ត ហើយក្នុងអំឡុងពេលនៃការអនុវត្តច្បាប់នេះមិន ទាន់ត្រូវបានធ្វើវិសោធនកម្មអោយស្របនឹងការវិវត្តថ្មីៗនៃក្របខណ្ឌច្បាប់ និងសង្គមកម្ពុជានៅ ឡើយ។
ដោយពិនិត្យឃើញថា ការអនុវត្តច្បាប់ស្តីពិសញ្ជាតិ លែងមានលក្ខណៈសមស្របជា មួយស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា និង ដើម្បីធានាអោយមានសង្គតិភាពជាមួយនឹងច្បាប់ និងបទប្បញ្ញត្តិនានាផង រាជរដ្ឋាភិបាលបាន ចេញសេចក្តីសម្រេចចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្តីពីការបង្កើតក្រុមប្រឹក្សាការងារដើម្បី សិក្សាការធ្វើវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិនេះ ដែលដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំធ្វើ វិសោធនកម្មចំពោះច្បាប់នេះ ហើយបន្ទាប់ពីការសិក្សាស្រាវជ្រាវលើច្បាប់នេះ រួមជាមួយនឹង ច្បាប់ជាតិ និងអន្តរជាតិនានា ក្រុមការងារនេះបានរកឃើញថា មានបទប្បញ្ញត្តិជាងពាក់ កណ្តាលនៃច្បាប់ស្តីពីសញ្ជាតិទាំងមូលចាំបាច់ត្រូវធ្វើវិសោធនកម្ម ដើម្បីធានាអោយមាន សង្គតិភាពទៅនឹងបទប្បញ្ញត្តិចែងក្នុងក្រមរដ្ឋប្បវេណី និងច្បាប់ផ្សេងទៀត និងអោយស្រប តាមការវិវត្តន៍ផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។
ដោយឈរមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានសម្រេចអោយរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសញ្ជាតិជាថ្មីឡើងវិញ ដើម្បី អោយស្របតាមការវិវត្តន៍ផ្នែកសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីពង្រឹងការគ្រប់គ្រង កិច្ចការសញ្ជាតិអោយកាន់តែមានប្រសិទ្ធភាព សំដៅធានានូវសិទ្ធិរបស់ប្រជាពលរដ្ឋ ការពារ សន្តិសុខ និងផលប្រយោជន៍របស់ជាតិ៕