ធនាគារពិភពលោក​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ​២០០​លាន​ដុល្លារ​ដល់កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 July, 2018 ក+ ក-

​ភ្នំពេញ ៖ ធនាគារពិភពលោក នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ឥណទាន​សម្បទានសរុបប្រមាណ ២០០​លាន​ដុល្លារ ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គម្រោង​ក​ចិ្ច​សហប្រតិបត្តិការ​ចំនួន​២ ចាប់ពីពេលនេះ​រហូតដល់​ឆ្នាំ​២០២៣​​។

អគ្គបណ្ឌិត​សភាចា​រ្យ​លោក អូន ព័​ន្ឋ​មុនី​រ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Inguna Dobraja ប្រធាន​គ្រប់គ្រង​ការិយាល័យ​ធនាគារ ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ចំនួន​២ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ២០០ លាន​ដុល្លារ​អាមេរិក ដែល​រួមមាន ៖
១ . គម្រោង​កែលម្អ​ការអប់រំ​ឧ​ត្ត​មសិ​ក្សា និង​ទី​២. គម្រោង គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​ជំហាន​ទី​២ ជា​ហិរញ្ញប្បទាន​បន្ថែម​។

យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​ជុំវិញ​ការចុះហត្ថលេខា​នេះ​អោយដឹងថា សម្រាប់​គម្រោង​កែលម្អ​ការអប់រំ​ឧ​ត្ត​មសិ​ក្សា​គ្រោង​ចំណាយ​ថវិកា សរុប​ចំនួន ៩២,៥០ លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​ឥណទាន​សម្បទាន​ពី​ធនាគារពិភពលោក​មាន​ចំនួន ៩០ លាន​ដុល្លារ​អាមេរិក និង​ថវិកាបដិភាគ​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក សម្រាប់​លើកកម្ពស់​គុណភាព​អប់រំ និង​ការស្រាវជ្រាវ​នៅ​កម្រិត​ឧ​ត្ត​មសិ​ក្សា ដោយ​ផ្តោតលើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​,​បច្ចេកវិទ្យា​វិស្វកម្ម​,​គណិតវិទ្យា និង​កសិកម្ម​ដែល​ទាំងនេះ​គឺជា​សកម្មភាព​ស្នូល​នៃ​“​ផែនការ​យុទ្ធសាស្ត្រ វិស័យ​អប់រំ ២០១៩-២០២៣” ព្រមទាំង​ចូលរួម​គាំទ្រ​ដោយផ្ទាល់ ដល់​ការជំរុញ​កែប្រែ និង ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​នៅ​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម ឈានទៅ​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ត្រឹម ឆ្នាំ​២០២៥ ស្របតាម​ចក្ខុវិស័យ​នៃ​“​គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥”​។

​គម្រោង​នេះ​នឹង​ពង្រឹងសមត្ថភាព​បង្រៀន និង ស្រាវជ្រាវ​ដល់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​របស់​រដ្ឋ​ចំនួន​៥ ក្នុងនោះ​មាន ៖ វិទ្យាស្ថាន​បច្ចេកវិទ្យា កម្ពុជា​, សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​, សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​, សាកលវិទ្យាល័យ​ស្វាយរៀង និង​សាកលវិទ្យាល័យ​បាត់ដំបង ព្រមទាំង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន​មួយចំនួន​
​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដោយផ្ទាល់​ដល់​និស្សិត​សរុប​ប្រមាណ ១៦៣៥៦​នាក់​។

​ដោយឡែក ចំពោះ​គម្រោង​គ្រប់គ្រង​សម្បត្តិ​ផ្លូវថ្នល់​ជំហាន​ទី​២ ហិរញ្ញប្បទាន​បន្ថែម​
​លើ​គម្រោង​បច្ចុប្បន្ន​គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួន ១១៣​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ឥណទាន​សម្បទាន​ពី​ធនាគារពិភពលោក​ចំនួន ១១០ លាន​ដុល្លារ​អាមេរិក និង​ថវិកាបដិភាគ​រាជរដ្ឋាភិបាល​ចំនួន ៣ លាន​ដុល្លារ​អាមេរិក សម្រាប់​វិនិយោគ​លើ​ការស្តារ និង​ពង្រីក ផ្លូវជាតិ​លេខ​៤ ពី​រាជធានី​ភ្នំពេញ​ដល់ទី​រួម​ខេត្ត​ព្រះសីហនុ ក្នុង​ប្រវែង​សរុប ២០៦​គីឡូម៉ែត្រ ដោយ​ពង្រីក​តួ​ផ្លូវ​បច្ចុប្បន្ន​ពី​ទំហំ ៧​ម៉ែត្រ​ឱ្យដល់ ១១​ម៉ែត្រ និង​ចាក់​អ៊ុត​កៅស៊ូ​ប្រភេទ AsphaltConcret-AC​។

​គម្រោង​នេះ នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការពង្រឹង​សមត្ថភាព ប្រកួតប្រជែង និង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា តាមរយៈ​ការតភ្ជាប់​ផ្ទៃក្នុង​របស់ កម្ពុជា​ទៅកាន់​ខេត្ត​ព្រះសីហនុ ដែលជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់ និង​លើសពីនេះ​គឺជា​ខេត្ត គោលដៅ​ដែល​ត្រូវ​អភិវឌ្ឍ និង​ប្រែក្លាយ​ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដូច​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ស្នូល​របស់ “​គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥”​។​

ក្នុង​ពិធី​ចុះហត្ថលេខា​នេះ អគ្គបណ្ឌិត​សភាចា​រ្យ​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​រំលឹក​ឡើងវិញ អំពី​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​របស់​ធនាគារពិភពលោក ដែល​បានផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សរុប​ចំនួន​ប្រមាណ ១.៧៣៤,៤៣ លាន​ដុល្លារ​អាមេរិក ក្នុង នោះ​ឥណទាន​សម្បទាន​មាន​ចំនួន​ប្រមាណ ១.១៤៨,៩៣ លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ចំនួន​ប្រមាណ ៥៨៥,៥០ លាន​ដុល្លារ​អាមេរិក ដែល​ការចូលរួម យ៉ាង​ធំធេង​នេះ បានធ្វើឱ្យ​ធនាគារពិភពលោក ក្លាយជា​ដៃគូ​អភិវឌ្ឍ​ដ៏​សំខាន់ និង​យ៉ាងសកម្ម​របស់​រាជរដ្ឋាភិបាល​ក្នុង​បេសកកម្ម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដែល​កំពុងតែ​បោះជំហាន​យ៉ាង​ស្វាហាប់​ក្នុង​ល្បឿន​ដ៏​ឆាប់រហ័ស ពិសេសគឺការក្សាបាន​នូវ​ស្ថេរភាព​សេដ្ឋកិច្ច​ជាតិយ៉ាងរឹងមាំ​ប្រមាណ​ជិត​៧%​នៅ​បណ្តា​ឆ្នាំ​ចុង​ក្រោយនេះ​៕