ជិត​ដល់​ការបោះឆ្នោត ការជួញដូរ​ភាគហ៊ុន​ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា កក្រើក​ជាង​មុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 July, 2018 ក+ ក-

​ភ្នំពេញ ៖ បើទោះបីជា​ការបោះឆ្នោតជាតិ​កាន់តែ​ខិតជិត​មកដល់​ក្តី ការជួញដូរ​ភាគហ៊ុន​នៅក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា​នៅតែ​បង្ហាញ​ពី​ភាព​វិជ្ជមាន និង​កាន់​តែមាន​ភាពប្រសើរឡើង ដែល​បង្ហាញ​តាមរយៈ​តារាង​ទិន្នន័យ នៃ​ការបញ្ជា​រទិញ​ភាគហ៊ុន​គិត​ត្រឹម​ខែ​កក្ដ​ដា​នេះ​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា ចេញផ្សាយ​ថ្ងៃទី​២៥ ខែកក្កដា​នេះ បានបង្ហាញ​ពី​ភាព​វិជ្ជមាន​នៃ​ការជួញដូរ​ភាគហ៊ុន ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា ក្នុង​នោះគេ​សង្កេតឃើញ​បរិមាណ​ភាគហ៊ុន​ដែល​ត្រូវ​ជួញដូរ​ហាក់​មាន​ភាពស៊ីចង្វាក់​គ្នា​រវាង​អ្នកទិញ និង​អ្នកលក់​។

​តាម​តារាង​ទិន្នន័យ​របស់​ក្រុមហ៊ុន​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា បង្ហាញថា​បរិមាណ ភាគហ៊ុន ដែល​បាន​បញ្ជា​រទិញ​ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា ចាប់ពី​ខែមីនា​ដល់​ខែមិថុនា​ឆ្នាំ​២០១៨ មានការ​កើនឡើង​រហូត​ដល់​ជាង​២១៤​ភាគរយ ជាក់ស្ដែង​ក្នុង​ខែមីនា​ចំនួន​ភាគហ៊ុន​សរុប​ដែល​បាន​បញ្ជា​រទិញ​មាន​ត្រឹមតែ​ជាង​៣២​ម៉ឺន​២​ពាន់​ភាគហ៊ុន បាន​កើន​ឡើងដល់​ជិត​៩៨​ម៉ឺន​៧​ពាន់​ភាគហ៊ុន នៅក្នុង​ខែមិថុនា​។ តាមរយៈ​កំណើន​នេះ ក៏​បង្ហាញ​ពី​ទំនោរ​បន្ត​កើនឡើង​នៃ​ការបញ្ជា​រទិញ​ភាគហ៊ុន​រហូតដល់​ចំនួន​ជាង​៣​លាន​៦​ម៉ឺន​ភាគហ៊ុន គិត​ត្រឹម​រយៈពេល​១៧​ថ្ងៃ ក្នុង​ខែកក្កដា​នេះ​ផងដែរ​។

​តារាង​របស់​ក្រុមហ៊ុន​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ក៏បាន​បង្ហាញ​ទិន្នន័យ​ប្រៀបធៀប​បរិមាណ​បញ្ជា​ទិញ​ភាគហ៊ុន​សរុប​របស់​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នីមួយៗ សម្រាប់​រយៈពេល​២​ខែ​ចុង​ក្រោយនេះ​ផងដែរ ក្នុងនោះ ភាគហ៊ុន​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​(PAS) មាន​បរិមាណ​បញ្ជា​ទិញ​ច្រើនជាងគេ​ក្នុង​ខែកក្កដា ដែលមាន​ប្រមាណ​ជាង​១​លាន​៧​ម៉ឺន​ភាគហ៊ុន​គិត​ត្រឹម​ថ្ងៃទី​២៤ គឺ​កើនឡើង​ជាង​កាលពី​ខែមិថុនា ដែលមាន​ចំនួន ជិត​១២​ម៉ឺន​៥​ពាន់​ភាគហ៊ុន​។ ទន្ទឹមនេះ តម្លៃ​ភាគហ៊ុន​របស់រប​ស់កំ​ពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នេះ ក៏មាន​ការកើនឡើង​ប្រមាណ ២,៣៦% ផងដែរ ពោលគឺ​កើនឡើង​ពី​តម្លៃ​៥០៨០​រៀល​ដល់​៥២០០​រៀល​ក្នុង​មួយ​ភាគហ៊ុន ។ តួលេខ​នេះ​បង្ហាញ​ពី​ការកើនឡើង​នៃ​តម្រូវការ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ចំពោះ​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។

​ក្នុង​រយៈពេល​ដូចគ្នានេះ បរិមាណ​បញ្ជា​ទិញ​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ឯណោះ​វិញ បាន​កើនឡើង​ពី​ចំនួន​ជាង​៤២​ម៉ឺន​៤​ពាន់​ភាគហ៊ុន ដល់​ជាង​១​លាន​១​ម៉ឺន​ភាគហ៊ុន តែ​តម្លៃ​ភាគហ៊ុន​វិញ បាន​ធ្លាក់ចុះ​ពី ៥៦០០​រៀល​មក​៥៤០០​រៀល ក្នុង​មួយ​ភាគហ៊ុន​។ ចំណែក ភាគហ៊ុន​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​វិញ អត្រាកំណើន​នៃ​បរិមាណ​បញ្ជារ​ទិញ​សរុប​មាន​ចំនួន ១៣៩,៥៩% កើន​ពី​ជាង​៣៤​ម៉ឺន​៧​ពាន់ ភាគហ៊ុន ទៅ​ជាង​៨៣​ម៉ឺន​២​ពាន់​ភាគហ៊ុន​ក្នុង​មួយថ្ងៃ​។ ទន្ទឹមនេះ តម្លៃ​ភាគហ៊ុន ក៏បាន​ធ្លាក់ចុះ​ពី​តម្លៃ​៣៦៥០​រៀល មក​៣២៦០​រៀល​ក្នុង​មួយ​ភាគហ៊ុន​។

គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ផ្សា​រមូល​ប​ត្រ​កម្ពុជា មាន​ក្រុមហ៊ុន​បោះផ្សាយ​មូល​ប​ត្រ​ចំនួន​៥ រួមមាន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ,​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ,​ក្រុមហ៊ុន​ហ្គ្រេ​ន​ធ្វី​ន​, ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) និង កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។

​ថ្មីៗ​នេះ ក៏មាន​ដំណឹង​ថា​មាន​ក្រុមហ៊ុន​ថ្មី​ចំនួន​ពីរ​ផ្សេងទៀត កំពុង​ស្នើសុំ​ការចុះបញ្ជី​បោះ​ប័ណ្ណ​ភាគហ៊ុន​ពី​ក្រុមហ៊ុន​ទីផ្សារ​មូលប័ត្រ​ក​ម្ពុ​ជា​។ ក្នុងនោះ​មាន ក្រុមហ៊ុន​មួយ​ដែលមាន​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ក៏​គ្រោង​នឹង​បោះផ្សាយ​ភាគហ៊ុន​របស់ខ្លួន​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ឆាប់ៗ​នេះ​ផងដែរ ៕​