ភ្នំពេញ ៖ បើតាមផែនការនៅក្នុងសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា កម្ពុជា ត្រូវការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត១ពាន់៤០០លាន អេសដេអ៊ែរ(SDR) រឺប្រហែលជា១ពាន់៩រយលានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងគម្រោងអាទិភាពចំនួន២៥។
សេចក្តីព្រាងស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ គឺជារបៀបវារៈសំខាន់មួយ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៦ ខែតុលានេះ។ យោងតាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ ដែលរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បង្ហាញថា គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានជំពាក់បំណុលសាធារណៈក្រៅប្រទេស សរុបជាង ៦ពាន់៨២៥លានដុល្លារអាមេរិក ដែលក្នុងនោះ សន្និធិបំណុលសាធារណៈក្រៅប្រទេស ដែលកម្ពុជា ជំពាក់ច្រើនជាងគេ គឺប្រទេសចិន មានប្រមាណ៤៨.៣ភាគរយ នៃចំនួនបំណុលសរុប។
នៅក្នុងសេចក្តីព្រាងច្បាប់នេះ ក៏បង្ហាញដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ពិដានក្នុងការខ្ចីថ្មីសម្រាប់ឆ្នាំ ២០១៩ ក្នុងកម្រិត១ពាន់៤០០លាន អេសដេអ៊ែរ ដែលតាមការបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុក របស់ ឯកឧត្តម ផៃ ស៊ីផាន ចំនួនកម្ចីថ្មីនេះ ស្មើនឹងប្រមាណ១ពាន់៩រយលានដុល្លារ សម្រាប់ គម្រោងចំនួន២៥ នៅក្នុងចំណោមគម្រោង សរុបចំនួន៣២ ក្នុងនោះ អាចនឹងមានការចុះហត្ថលេខាកម្ចី ជាមួយ ធនាគារពិភពលោក ចំនួន២គម្រោង!ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី៥គម្រោង! ជាមួយ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម ១គម្រោង! ជាមួយរដ្ឋាភិបាលចិន៧គម្រោង! ជាមួយជប៉ុន២គម្រោង! កូរ៉េ៣គម្រោង! បារាំង៣គម្រោង! ថៃ១គម្រោង! ឥណ្ឌា១គម្រោង។ គួរកត់សំគាល់ថា ផែនការកម្ចីបរទេសទាំងនេះ នឹងប្រើប្រាស់ក្នងគោលដៅទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលមធ្យម និងវែង សម្រាប់វិស័យអាទិភាពមួយចំនួន ដូចជា វិស័យថាមពល! វិស័យធារាសាស្ត្រ! វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ៕