ខេត្តក្រចេះ ៖ មជ្ឈដ្ឋានជាច្រើននៅភូមិភាគឦសានប្រទេសកម្ពុជា ពិសេសអ្នករស់នៅក្នុងខេត្តក្រចេះ សុទ្ធតែស្គាល់ឈ្មោះឈ្នួញឈើ គង់ ក្រឹង គ្រប់ៗគ្នា ហើយអ្នកដែលស្គាល់លោក គង់ ក្រឹង ច្បាស់ជាងគេ គឺក្រុមសមត្ថកិច្ចដែលមានអំណាចលើបទល្មើសព្រៃឈើ និងថ្នាក់ដឹកនាំខេត្ត។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋបាលសាធារណៈមួយរូបនៅក្នុងខេត្តក្រចេះ បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។
តាមការកត់សម្គាល់ មួយរយៈចុងក្រោយ គេឃើញលោក គង់ ក្រឹង និងអ្នកស្រី ម៉ាន សារ៉ស់ តែងតែឧស្សាហ៍បង្ហាញខ្លួននៅក្នុងកម្មវិធីមួយចំនួនដែលពាក់ព័ន្ធនឹងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម ដោយបានបរិច្ចាគប្រាក់ឧបត្ថម្ភខ្លះៗផងដែរ។
ពាក់ព័ន្ធនឹងរឿងនេះ មានប្រជាពលរដ្ឋមួយក្រុម រស់នៅជិតផ្សារស្នួល ខេត្តក្រចេះ បានលើកឡើងពីចម្ងល់របស់ខ្លួនថា
តើទ្រព្យសម្បត្តិបស់លោកឧកញ៉ា គង់ ក្រឹង និងលោកស្រី ម៉ាន សារ៉ស់ បានមកពីណាច្រើនម្ល៉េះ បានជាឃើញគាត់ផ្លាស់ប្ទូរជីវភាពទៅជាអ្នកមានទ្រព្យស្តុកស្តមលឿនរហ័សតែក្នុងពេលប៉ុន្មានឆ្នាំនេះសោះ ?
អតីតអ្នកបើកឡានដឹកឈើម្នាក់ បានបង្ហើបឲ្យដឹងថា របររកស៊ីដ៏ធំមហិមារបស់លោក គង់ ក្រឹង គឺជំរុញឲ្យមានចលនាកាប់បំផ្លាញឈើពីគ្រប់ទិសទីតាមរយៈការដាក់កម្លាំងពង្រាយដើរទិញឈើប្រណីតលើសពីតម្លៃប្រកួតប្រជែងក្នុងតំបន់ ហើយមួយរយៈចុងក្រោយនេះ ការដឹកជញ្ជូនឈើរបស់លោក គង់ ក្រឹង ត្រូវបានផ្លាស់ប្តូរពីការដឹកតាមឡាន មកជាការដឹកតាមម៉ូតូយកទៅស្តុកទុកនៅក្រោយបន្ទាយទាហានមួយកន្លែង របស់វរៈការពារព្រំដែនលេខ២០៤ ស្រុកស្នួល ខេត្តក្រចេះ នៅមិនឆ្ងាយពីផ្ទះលោក គង់ ក្រឹង នោះឡើយ ដែលបង្កឲ្យមានអ្នកស៊ីឈ្នួលដឹកឈើ បានស្លាប់ជាបន្តបន្ទាប់ដោយសារម៉ូតូដឹកឈើដួលសង្កត់លើ។ ករណីផ្លាស់ប្តូរវិធីដឹកជញ្ជូនពីតាមឡាន មកដឹកតាមម៉ូតូនេះ មិនមែខ្លាចសមត្ថិកច្ចចាប់នោះទេ ព្រោះបានត្រូវរ៉ូវគ្នារួចហើយ គឺគ្រាន់តែបំភ័នភ្នែកតែប៉ុណ្ណោះ តែពេលដឹកចេញទៅវៀតណាម គេប្រើសុទ្ធតែរថយន្តធុនធ្ងន់ចំណុះសាម សែសិបតោនឯណោះ។
ប្រភពដដែលបន្តថា លោក គង់ ក្រឹង ជាឈ្នួញរកស៊ីឈើល្មើសច្បាប់ធំជាងគេនៅភាគឦសាននៃប្រទេសកម្ពុជា ហេតុដូច្នេះហើយ បានជាលោក មានលុយរាប់ម៉ឺនដុល្លារសម្រាប់បង្កកអំណាចអាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែក គ្រប់ជំនាញ រួមទាំងអ្នកកាសែតរាប់រយនាក់មកពីស្ថាប័នខុសៗគ្នារហូតដល់ទៅរាប់រយស្ថាប័នឯណោះ ដើម្បីបិទព័ត៌មានពីជំនួញឈើខុសច្បាប់ ។ ការសូកប៉ាន់នេះ ត្រូវបានធ្វើឡើងតាមរយៈភ្នាក់ងារព័ត៌មានប្រចាំនៅខេត្តក្រចេះម្នាក់ ដែលលោក គង់ ក្រឹង បានចាត់តាំងឲ្យធ្វើជាប្រធានចាត់ចែងរឿងលុយកាក់សម្រាប់អ្នកកាសែតណាដែលត្រូវបើកឲ្យ និងមិនត្រូវបើកឲ្យ ដែលខ្លះត្រូវបើកឲ្យមួយអាទិត្យម្តង និងខ្លះទៀតបើកមួយខែម្តង។
ប្រភពព័ត៌មាននេះ បានប្រាប់ឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សមត្ថកិច្ចអាវុធហត្ថ និងគយចល័តក្នុងខេត្តក្រចេះ បានចាត់ទុកសកម្មភាពដឹកជញ្ជូនឈើរបស់មេឈ្មួញ គង់ ក្រឹង ជាប្រភពចំណូលរបស់ពួកគេហើយបណ្ដោយឲ្យមេឈ្មួញ គង់ ក្រឹង ធ្វើអ្វីៗតាមអំពើចិត្ត។ សូម្បីតែលោក ទ្រី សុភ័ក្ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ហាក់ដូចជាទុកឱកាសឲ្យមេឈ្មួញ គង់ ក្រឹង បង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅលក់ក្នុងស្រុកយួន តាមច្រករបៀងដេ៣ និងច្រករបៀងដេ៤ ក៏ដូចជាតាមច្រកត្រពាំងស្រែ កាន់តែច្រើនថែមទៀត។
ប្រភពដដែលបានបន្តថា សព្វថ្ងៃនេះ ក្រៅពីដឹកជញ្ជូនឈើផ្ទាល់ខ្លួន លោក គង់ ក្រឹង បានយកផ្លូវសាធារណៈរបស់រដ្ឋចាប់ពីគីឡូម៉ែត្រលេខ៨៨ រហូតដល់គ្រប់ច្រកឆ្លងព្រំដែនទៅវៀតណាម ក្នុងការចេញមុខកាងឲ្យឈ្មួញដទៃទៀតដឹកឈើគ្រប់ប្រភេទឆ្លងដែនយ៉ាងមានក្ដីសុខបំផុត ហើយលោក គ្រាន់តែជាអ្នកចាំដកតុងតែប៉ុណ្ណោះ ហើយបើឈ្នួ្ញញឈើណាមិនឲ្យលោក គង់ ក្រឹង កាងបើកផ្លូវ ឬបើកច្រកព្រំដែនទេនោះ គឺមិនអាចដឹកចេញបានឡើយ។
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នេះ ភ្នាក់ងារព័ត៌មាន មេគង្គ ប៉ុស្តិ៍ បានព្យាយាមទាក់ទងតាមទូរស័ព្ទទៅលោក កង់ ក្រឹង ជាច្រើនលើកដើម្បីសុំការពន្យល់ផ្ទៀងងផ្ទាត់ពីព័ត៌មានដូចបានរៀបរាប់ខាងលើនេះដែរ តែលោក គង់ ក្រឹង មិនបានទទួលទូរស័ព្ទសោះ៕