ខេត្តកំពង់ចាម ៖ សំណុំរឿងឆបោកក្នុងករណីទិញលក់ដីរវាងលោក សែម បូរ៉ា នាយកទូរទស្សន៍ TNM Online(អ្នកលក់) និងលោក ទេព ភារម្យ (អ្នកទិញ) ក្នុងទំហំទឹកប្រាក់ជាង១០ម៉ឺនដុល្លារ ត្រូវបានបញ្ជូនដល់ដៃតុលាការខេត្តកំពង់ចាម អស់ហើយ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។ សំណុំរឿងនេះ អាចជាប់ប្រទាញប្រទង់ដូចសម្លរកំពឹសជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួន បើសិនតុលាការរកឃើញថា ពួកគេបានចូលរួមបញ្ជាក់ទទួលស្គាល់ការទិញលក់ដីក្នុងវិវាទនេះ និងជាការទិញលក់ដីបឹង និងដីព្រៃលិចទឹករបស់រដ្ឋ។ នេះបើតាម មន្ត្រីរដ្ឋបាលសាធារណៈមួយរូបបានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី២៨ ខែតុលា នេះ។
ប្រភពព័ត៌មានដែលទទួលបាននៅកន្លែងកើតហេតុ បានអោយដឹងថា ករណីនេះ មាន ភាគីអ្នកលក់ដីជាប្រជាជនមានចំនួន ៨គ្រួសារ មានទីលំនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងចំណោមប្រជាពលរដ្ឋ ៥គ្រួសារ មានឈ្មោះ ១. ប្រាក់ រុណ ,២ . ហុន សារ៉េត, ៣.ថុន ថន , ៤. នុន ស៑យ, ៥. ប៉ុល យឿង បានបំភ្លឺប្រហាក់ប្រហែលគ្នាថា ពួកគាត់ទាំង៥គ្រួសារ មានដីស្រែប្រាំង ចំនួន៤,៣២ហិកតា ដែលមានទីតាំងនៅចំណុច តំបន់អញ្ចាញ ស្ថិតនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ហើយបានព្រមព្រៀងគ្នាលក់ដីខាងលើនោះ ដោយអោយទៅឈ្មោះ សែម បូរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ11A សង្កាត់បឹងសាឡាង ខណ្ឌ័ទួលគោក រាជធានីភ្នំពេញ និងធ្វើជាតំណាងអ្នកលក់អោយពួកគាត់ គឺលក់ដីក្នុង ១ហិកតាតំលៃ ១២.០០០ដុល្លារ ទៅ ១៣. ០០០ដុល្លារអាមេរិក។ បើសរុបដីរបស់ប្រជាពលរដ្ឋទាំង ៨គ្រួសារវិញ មានចំនួន ៧,៩៧ហិកតា។
ប្រភពដដែលបានបន្តថា នៅថ្ងៃទី១៨ ខែឩសភា ឆ្នាំ២០១៨ ឈ្មោះ សែម បូរ៉ា បានយកដីនេះទៅលក់អោយ ឈ្មោះ ទេព ភារម្យ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម និងបានធ្វើការប្រគល់ និងទទួលប្រាក់កក់ជាហូរហែរ ដល់ប្រជាជនជាម្ចាស់ដីក្នុងនោះមាន ៖ ១. ប្រាក់ រុន មានដីស្រែប្រាំង ទំហំ ១ហិកតា ទទួលប្រាក់កក់ ៣០០ដុល្លារ, ២. ប៉ុល យឿង មានដី ១,៥ហិចតា ទទួលប្រាក់កក់ ៥.០០០ដុល្លារ, ៣. ហុន សារ៉េត មានដី១ហិកតា មិនទាន់បានទទួលប្រាក់កក់ទេ, ៤. ថុន ថន មានដី ០, ៣៥ហិកតា ទទួលប្រាក់កក់ ២០០ដុល្លារ, ៥. នុន ស៑យ មានដីស្រែ ០,៤៧ហិកតា ទទួលប្រាក់កក់ ២.៥០០ដុល្លារ។ សរុប ៥គ្រួសារនេះ ទទួលបានប្រាក់កក់ចំនួន៨. ០០០ដុល្លារ។
បើតាមសំដីរបស់ប្រជាពលរដ្ឋទាំង ៥គ្រួសារ បានបញ្ជាក់ថា ក្រោយមក ឈ្មោះ សែម បូរ៉ា
បានប្រាប់ពួកគាត់ថា ឈ្មោះ ទេព ភារម្យ ( ភាគីអ្នកទិញ) មិនគោរពតាមកិច្ចសន្យាទេ គឺមិនប្រគល់ប្រាក់ថ្លៃទិញដីឲ្យបានគ្រប់ចំនួនឡើយ ទន្ទឹមនោះឈ្មោះ សែម បូរ៉ា ក៏បានប្រាប់ពួកគាត់ អោយដាក់ពាក្យទៅលោក ង៉ា ឆៃលាង មេឃុំ បូរ ដើម្បីសុំផ្តាច់កិច្ចសន្យា ទិញលក់ ដោយទាមទារយកដីទុកលក់អោយអ្នកផ្សេងទៀត។ ចំណែកប្រជាជន ៣គ្រួសារទៀតមានឈ្មោះ ១.ម៉ន សៀ ,២. សន លូ, ៣. យាន សល់ មិនបានផ្តល់ការបំភ្លឺឡើយ ។
ចំណែកភាគីអ្នកទិញ លោក ទេព ភារម្យ បានអោយដឹងថា នៅថ្ងៃទី១៨ ខែឩសភា ឆ្នាំ២០១៨ លោកបានទិញដីស្រែប្រាំងពីប្រជាជនចំនួន ៨គ្រួសារ ដែលមានទំហំ ៧, ៩៧ហិកតា មានទីតាំងនៅចំណុចតំបន់អញ្ចាញ ដែលមានឈ្មោះ សែម បូរ៉ា ជាតំណាងអោយប្រជាពលរដ្ឋទាំង ៨គ្រួសារ ជាអ្នកឈរឈ្មោះលក់។ លោក ទេព ភារម្យ បានយកប្រាក់កក់ ១០.០០០ដុល្លារអោយទៅឈ្មោះ សែម បូរ៉ា កាលពីថ្ងៃទី១៨ ខែឩសភា ឆ្នាំ២០១៨ ហើយនៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៨ លោកបានប្រគល់ប្រាក់បន្ថែមចំនួន ៣៩. ៥០០ដុល្លារទៀត ហើយ នៅក្នុងខែកក្តដា ឆ្នាំ២០១៨ លោកបានប្រគល់ប្រាក់ចំនួន ២០. ០០០ដុល្លារ ម្តងទៀត សរុបទាំង៣លើក ដែលលោកបានប្រគល់ប្រាក់អោយទៅលោក សែម បូរ៉ា អស់ចំនួន ៦៩.៥ ០០ដុល្លារ ហើយនៅខ្វះប្រាក់ ៣៦.៨៩០ ដុល្លារ ទៀតដែលលោក ទេព ភារម្យ អះអាងថា នឺងប្រគល់អោយគ្រប់នៅពេលណាដែលឈ្មោះ សែម បូរ៉ា រត់ការកាត់ឈ្មោះម្ចាស់កម្មសិទ្ធិដីស្របច្បាប់ប្រគល់ទៅអោយលោក។
លោក ទេព ភារម្យ បានបញ្ជាក់ថា ឈ្មោះ សែម បូរ៉ា មិនបានយកប្រាក់កក់ខាងលើប្រគល់អោយប្រជាពលរដ្ឋទាំង ៨គ្រួសារគ្រប់ចំនួននោះទេ ថែមទាំងញុះញុងអោយប្រជាជនទាំងនោះ ប្តឹងសុំផ្តាច់កិច្ចសន្យាលក់ទិញដីជាមួយគាត់នោះវិញ ដើម្បីយកដីនោះ ទុកលក់អោយអ្នកផ្សេងម្តងទៀត។
តាមការបំភ្លឺរបស់លោក សែម បូរ៉ា នាយកទូរទស្សន៍ ធីអិនធឹម អនឡាញ ដែលជាចុងបណ្តឹងបានអោយដឹងថា លោក ពិតជាបានធ្វើតំណាងអោយប្រជាពលរដ្ឋទាំង ៨គ្រួសារ ក្នុងការឈរលក់ដីមានទំហំ ,៩៧ ហិកតាមែន ក្នុងតំលៃ ១០៦.៣៩០ដុល្លារ ហើយលោកបានទទួលលុយកក់ពីឈ្មោះ ទេព ភារម្យ ចំនួន៣លើក សរុបទឹកប្រាក់ចំនួន ៦៥. ៥០០ដុល្លាររួចហើយ នៅខ្វះ ៣៦.៨៩០ ដុល្លារទៀត។ លោក សែម បូរ៉ា បន្តថា លុះមិនឃើញលោក ទេព ភារម្យ យកប្រាក់មកប្រគល់ឲ្យ ទើបប្រជាពលរដ្ឋដាក់ពាក្យប្តឹងស្នើសុំផ្តាច់កិច្ចសន្យាលក់ទិញដីខាងលើនោះវិញ។
បើតាមប្រភពពត៍មាននៅកន្លែងកើតហេតុ បានអោយដឹងថា ការប្តឹងសុំផ្តាច់កិច្ចសន្យាលក់ដីអោយឈ្មោះ ទេព ភារម្យ នេះ គឺគេមានបំណងយកដីខាងលើ លក់ទៅអោយឈ្មោះ ញ៉ាន សំអាត ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិតាបែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម និងឈ្មោះ ជុន សុខឃៀង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងតំលៃ១៣១.៦១៤ដុល្លារ។
ប៉ូលិសបានបញ្ជា្កក់ប្រាប់« មេគង្គ ប៉ុស្តិ៍ »នៅព្រឹកថ្ងៃទី២៩ ខែតុលា នេះថា បច្ចុប្បន្នឈ្មោះ សែម បូរ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទឆបោកប្រាក់ ដោយយោងតាមដីកាបញ្ជារបស់លោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម និងបានបញ្ជូនទៅព្រះរាជអាជ្ញា ដើម្បីចាត់ការតាមផ្លូវច្បាប់រួចហើយ តែរឿងរ៉ាវយ៉ាងណាទៀតនោះ អាស្រ័យលើស្ថាប័នតុលាការ ព្រោះសំណុំរឿងនេះ បានឆ្លងផុតពីសមត្ថកិច្ចនគរបាលហើយ។
យ៉ាងណាក៏ដោយ ប្រភពព័ត៌មានដោយឡែកមួយ បានបង្ហើបឲ្យដឹងថា ជម្លោះរហូតឈានដល់ចាប់ខ្លួនលោក សែម ប៉ូរ៉ា បញ្ជូនទៅតុលាការ នេះ គឺនៅក្រោយពេលដែលអភិបាលខេត្តកំពង់ចាម បានប្រកាសមិនទទួលស្គាល់ និងនិរាករណ៍រាល់លិខិតទិញលក់ដីនៅក្នុងតំបន់នោះ ព្រោះជាដីសម្បត្តិសាធារណៈរបស់រដ្ឋ(បឺង និងព្រៃលិចទឹក) ។ ដោយឡែក ក្រោយពេលចាប់ខ្លួនលោក សែម បូរ៉ា ឮថា មានមន្ត្រីមូលដ្ឋានមួយចំនួន រួមនិងមន្ត្រីភូមិបាល សូរិយោដី ក៏កំពុងឆ្លេឆ្លាស្លេកមុខក្នុងរឿងនេះដែរ។
នៅរសៀលថ្ងៃទី២៩ ខែតុលាក នេះ «មេគង្គ ប៉ុស្តិ៍» មិនអាចទាក់ទងសម្ភាសន៍ជាមួយភាគីពាក់ពន្ធ័ ដើម្បីផ្ទៀងផ្ទាត់នូវព័ត៌មានខាងលើនេះបាននៅឡើយទេ ហើយការិយាល័យនិពន្ធ រង់ចាំទទួលរាល់ការឆ្លើយតបពីគ្រប់ភាគីទាំងអស់៕