ភ្នំពេញ ៖ ទឹកទន្លេសាប នៅមុខព្រះបរមរាជវាំង ដែលបានស្រក ចុះលឿនជាលំដាប់ ដោយសារទឹកទន្លេមេគង្គ គ្មានជំនន់លើកទី២ និងម្យ៉ាងដោយសារពេលនេះ ជាខែរនោច ទឹកសមុទ្រនាជខ្លាំង។ ទោះជាយ៉ាងដល់អំឡុងថ្ងៃពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ទឹកទន្លេសាប នៅមុខព្រះបរមរាជវាំងនៅសល់ក្នុងរង្វង់កម្ពស់ ៥ម៉ែត្រ និងមានចរន្តទឹកហូរចេញខ្លាំង។
ទឹកទន្លេសាប នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានហូរចេញខ្លាំងពេញបន្ទុក និងស្រកលឿន ដោយសារទឹកទន្លេមេគង្គ គ្មានជំនន់លើកទី២។ ទឹកទន្លេមេគង្គ នៅដើមខែវិច្ឆិកា នេះ ស្រកចុះយ៉ាងខ្លាំងមួយថ្ងៃ ជិតមួយតឹក ដែលធម្មតា ទឹកនៅស្ថានីយជលសាស្ត្រទន្លេបាសាក់ចតុមុខ ស្រកចុះក្នុងមួយថ្ងៃ តែពី ពីរទៅបួនហ៊ុនទេ តែប៉ុន្មានថ្ងៃចុងក្រោយនេះ មួយថ្ងៃទឹកស្រកមួយតឹក។ នេះបើតាមឲ្យដឹងរបស់លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធន ធានទឹក និងឧតុនិយម។
លោកចាន់ យុត្ថា បានឲ្យដឹងទៀតថា ទឹកបឹងទន្លេសាបនៅខ្ពស់ ឯទឹកទន្លេមេគង្គ ស្រកចុះទាបខ្លាំង បើធៀបរយៈពេលដូចគ្នានឹងឆ្នាំមុនៗ ធ្វើឲ្យចរន្តទឹកហូរចេញពីបឹងទន្លេសាប មានកម្លាំងខ្លាំង។ ធម្មតាទឹកទន្លេមេគង្គ ក្នុងមួយរដូវវស្សា មានជំនន់ពីរដង តែនៅឆ្នាំនេះ មានជំនន់កើតឡើងតែម្តង រួចក៏ចាប់ផ្តើមស្រកចុះរហូតតាំងពីចុងខែកញ្ញាមក។
ទោះបីជាយ៉ាងណា ក៏ក្នុងអំឡុងពេលបុណ្យអុំទូកខាងមុខ ទឹកនៅក្នុងទន្លេ កន្លែងប្រារព្ធពិធីបុណ្យនេះ នៅសល់កម្ពស់ក្នុងរង្វង់ ៥ម៉ែត្រដែរ ដែលជាកម្ពស់ទឹកកម្រិតទាប តែនៅឆ្នាំខ្លះ បុណ្យអុំទូក មានទឹកនៅសល់តែជាង ៤ម៉ែត្រ ក៏មានដែរ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា គឺចំពេលស្ថានភាពទឹកទន្លេ នៅសល់កម្ពស់ទាប និងហូរខ្លាំង៕