ភ្នំពេញ ៖ ទិវាបុណ្យឯករាជ្យ ត្រូវបានប្រារព្វឡើង ស្របគ្នាទៅនឹងថ្ងៃកំណើតលើកទី៦៤ នៃកងយោពលខេមរៈភូមិន្ទផងដែរ។ នេះជាការចងចាំជានិច្ចនូវឧបការគុណយុទ្ធជន យុទ្ធនារី បុព្វបុរសដែលបានបូជាជីវិតដើម្បីជាតិ និងប្រជារាស្ត្រ។ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមព្រះរាជធិបតីភាព ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី រួមនឹងថ្នាក់ដឹកនាំមន្ត្រីរាជការ តាមបណ្តាក្រសួង ស្ថាប័ននានា បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី៦៥(៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០១៨) នៅវិមានឯករាជ្យ។
គួររំលឹកថា ឆ្នាំ១៩៥៣ គឺជាឆ្នាំដែលប្រជាជាតិខ្មែរ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម ព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ទទួលបានជោគជ័យ ធ្វើឲ្យប្រទេសបារាំងផ្ទេរអំណាច និងសមត្ថកិច្ចទាំងស្រុងមកជូនព្រះរាជាណាចក្រកម្ពុជាទាំងរដ្ឋបាលស៊ីវិល តុលាការ នគរបាល ទាហាន ការទូត នយោបាយក្នុងប្រទេស និងក្រៅប្រទេសមកអោយខ្មែរវិញ។
ចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជា តែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ដែលមានពិធីប្រទានភ្លើងទៀនជ័យ រំឭកគុណអ្នក ស្នេហាជាតិ ដែលបានពលីជីវិតដើម្បីឯករាជ្យពីពួកអាណានិគមបារាំង ហើយពិធីបុណ្យត្រូវបានធ្វើ ឡើងជារៀងរាល់់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ វិច្ឆិកា ជាកំណត់។ ថ្ងៃ៩ វិច្ឆិកានេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យ សិស្សានុសិស្ស និស្សិត កម្មករ និយោជិត និងមន្ត្រីរាជការ បានឈប់សម្រាកផងដែរ ដើម្បីចូលរួមអបអរសាទរក្នុងពិធីដ៏ឧតុង្គឧត្តមនេះ៕