១០ខែដើមឆ្នាំនេះ កម្ពុជានាំចេញជ័រកៅស៊ូបានចំណូលប្រមាណ ២១៨លានដុល្លារ
ភ្នំពេញ ៖ ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា គិតត្រឹមរយៈពេល១០ខែ ក្នុងឆ្នាំ២០១៨ នេះ បានជាង ១៦ម៉ឺនតោន ទទួលបានចំណូលចំនួន ២១៨លានដុល្លារ។ ចំនួននេះកើនឡើង ២៣% បើធៀបនឹងរយៈ ពេលដូចគ្នានៅឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា នេះ។
កន្លងមក កៅស៊ូរបស់កម្ពុជាបាននាំចេញស្ទើរទាំងស្រុងទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងកូរ៉េខាងត្បូង ហើយក្នុងរយៈពេល១០ខែនេះ តម្លៃកៅស៊ូបានធ្លាក់ចុះ ក្នុងកម្រិត ១.៣៥៥ដុល្លារអាមេរិក ក្នុង១តោន គឺធ្លាក់ចុះប្រមាណ១៨%។
សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូ ចំនួនជិត ៤៣ម៉ឺនហិកតា លើផ្ទៃដីដែលចៀរជ័របានមាន២០ម៉ឺនហិកតា និងផ្ទៃដីស្ថិតក្នុងដំណាក់ការថែទាំ ជាង២២ម៉ឺនហិកតា៕