ភ្នំពេញ ៖ រដ្ឋសភាជាតិកម្ពុជា កំពុងសិក្សាពិនិត្យបទប្បញ្ញតិ្តច្បាប់ផ្សេងៗ ដើម្បីអនុញ្ញាតិឲ្យបុគ្គលដែលជាប់បម្រាមដោយច្បាប់ក្នុងសកម្មភាពនយោបាយ អាចចាប់ផ្ដើមសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញបាន។
រដ្ឋសភាកម្ពុជា នៅវេលាម៉ោង ១៧:០០ ល្ងាចថ្ងៃទី០៣ ខែធ្នូ នេះ បានធ្វើសន្និសីទសារព័ត៌មានពន្យល់ ពីសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ នៅវិមានរដ្ឋសភាជាតិ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ថ្លែងប្រាប់បណ្តាញព័ត៌មាន ថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះ ជាការបន្ថែមនូវវាក្យខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) គឺ “ បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយមិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។
លោកថា បុគ្គលដែលបានតុលាការសម្រេចហាមឃាត់ធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបាននូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយកករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ”។
គួរជម្រាបថា នៅមុនពេលរដ្ឋសភា ប្រកាសពីការសិក្សាវិសោធនកម្មច្បាប់ នេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានចេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីវិធានការនានា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នេះ។បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៣ ធ្នូនេះ បានឱ្យដឹងថា រដ្ឋសភាកំពុងសិក្សាដើម្បីដកបម្រាមធ្វើនយោបាយរបស់អតីតថ្នាក់ដឹកនាំរបស់អតីតគណបក្សសង្គ្រោះជាតិទាំង១១៨នាក់ ឱ្យធ្វើនយោបាយឡើងវិញ និងប្រកាសបើកឱកាសឱ្យប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដូចជា វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) អាចបើកការិយាល័យនៅក្នុងប្រទេសកម្ពុជាឡើងវិញបាន នៅបន្ទាប់ពីបានដោះស្រាយបំណុលដល់រាជរដ្ឋាភិបាលចប់រួចរាល់៕