ប៉ោយប៉ែត ៖ បទល្មើសសេដ្ឋកិច្ចនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ គេសង្កេតឃើញថា កំពុងតែកើតមានពេញបន្ទុក ក្នុងនោះគឺការនាំចូលម៉ូតូគ្រប់ស៊េរី PCX និងរថយន្តស៊េរីទំនើបជាច្រើនប្រភេទ ក្រោមទង្វើគប់គិតគ្នារវាងមន្ត្រីយោធា ជាមួយថ្នាក់ដឹកនាំកំពូលៗក្នុងខេត្តបន្ទាយមានជ័យ។ នេះបើតាមការបង្ហើបឲ្យដឹងពីមន្ត្រីក្នុងស្ថាប័នជំនាញមួយរូបដែលប្រចាំការនៅច្រកព្រំដែនមួយក្នុងខេត្តបន្ទាយមានជ័យ។
ប្រភពដដែលនេះ បានអះអងអាងថា ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ មានម៉ូតូស៊េរីទំនើបម៉ាក PCX ជាច្រើនគ្រឿងត្រូវបានក្រុមស៊ីឈ្នួល ជិះឆ្លងដែនចេញពីចំណុចភូមិដំណាក់កកោះ ក្នុងស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ យកទៅដាក់តាមគោលដៅដែលមេខ្លោងបានកំណត់ ដូចជានៅទីរួមខេត្តបន្ទាបមានជ័យ និងក្រុងប៉ោយប៉ែត។ អ្វីដែលជាក់ស្ដែងជាងនេះ គឺគេឃើញនៅក្នុងព្រៃក្បែរច្រកព្រំដែន គេឃើញមានស្លាក់លេខ និងឯកសារម៉ូតូជាភាសាថៃ ដែលក្រុមជួញដូរបានដោះស្លាកថៃចេញ ជំនួសដោយស្លាកលេខក្លែងក្លាយដើម្បីបំភ័នសមត្ថកិច្ច។
ប្រភពដដែលនេះ បន្ថែមថា ក្រុមស៊ីឈ្នួលជិះចេញពីចំណុចដំណាក់កកោះ ក្នុងស្រកស្វាយចេក នាំយកទៅដល់ប៉ោយប៉ែត ក្នុងម៉ូតូ១គ្រឿងបានតម្លៃ ៥០០បាត (លុយថៃ) ហើយបើជិះនាំយកទៅដល់បន្ទាយមានជ័យបានតម្លៃ១០០០បាត។
ប្រភពសមត្ថកិច្ចបង្ហើបថា ម៉ូតូក្តៅទាំងអស់នោះ ជារបស់ឈ្មោះ ឈឹម ចន្ថា ហៅត្រប់ មេឈ្មួញយ៉ាងសកម្ម ក្រោមឥទ្ធិពលលោកផ្កាយម្នាក់ ក្នុងការនាំម៉ូតូក្តៅឆ្លងដែន ដោយមុនពេលយកឆ្លងដែនត្រូវបានឈ្មោះ ឈឹម ចន្ថា បានចាត់តាំងមនុស្សជំនិតឲ្យជិះម៉ូតូត្រៃ ដើរមើលផ្លូវ និងទាក់ទងបើកផ្លូវជាមុន។
ប្រភពដដែលញ្ជាក់ថា ពួកគាត់គ្មានតួនាទីចាប់នោះឡើយ ហើយម្យ៉ាងទៀត ខ្លាចអស់បុណ្យស័ក្តិ ព្រោះថាម៉ូតូទាំងនោះ មានជាប់ពាក់ព័ន្ឋទៅអ្នកធំផ្កាយនៅក្នុងខេត្ត និងថ្នាក់ដឹកនាំខេត្តទៀតផង មិនតែប៉ុណ្ណោះម៉ូតូដែលគេជិះពីព្រំដែនយកទៅឲ្យកូនលោកផ្កាយ១ និងផ្កាយ២ ជាអ្នកចែកចាយ។
ប្រភពដដែលនេះ បន្តថា បទល្មើសេដ្ឋកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងស្រុកអូរជ្រៅ/ស្រុកស្វាយចេក និងស្រុកថ្មពួក ពិសេសករណីលួចរកស៊ីជាមួយក្រុមជួញដូរម៉ូតូ និងរថយន្តក្តៅនៅស្រុកថៃ ដោយគប់គិតជាមួយសមត្ថកិច្ចព្រំដែនកម្ពុជា បានស្ងប់ស្ងាត់មួយរយៈ តែឥឡូវនេះ បានកម្រើកឡើងវិញយ៉ាងខ្លាំងក្រោមអំណាចរបស់មន្ត្រីយោធាថ្នាក់ផ្កាយ និងកូនចៅសាច់ញាតិថ្នាក់ដឹកនាំកំពូលៗខ្លះ ( សុំមិនបញ្ចេញឈ្មោះ ) នៅក្នុងខេត្តបន្ទាយមានជ័យ ។
ជុំវិញករណីរិះគន់ដូចខាងលើ ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ មិនអាចទាក់ទងលោក ឈឹម ចន្ថា ដើម្បីសុំការពន្យល់បានទេ ព្រោះចុចចូលទូរស័ព្ទរបស់លោកច្រើនដងដែរ តែជាប់រវល់រហូត។
គួររំលឹកថា សម្តេចក្រឡាហោម ស ខេង បានថ្លែងដោយព្រមាននៅក្នុងពិធីប្រកាសតែងតាំងលោកអភិបាលខេត្តឧត្តរមានជ័យ ថ្មី ឲ្យបិទច្រករបៀងទាំងអស់តាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ប្រយោជន៍ដើម្បីទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន និងបទល្មើសនានា ដែលសម្តេចបានព្រមានថា លោកមិនមែនមិនដឹងរឿងបទល្មើសនៅព្រំដែននោះទេ ដូច្នេះសម្តេចបានជាស្នើឲ្យបិទទាំងអស់តែម្តង៕