ប៉ោយប៉ែត ៖ ចំណីអាហារគ្មានការវេចខ្ចប់ត្រឹមត្រូវ មានផ្ទុកសារធាតុគីមី និងជាទំនិញខូចគុណភាព ដូចជា ប្រហិត បន្លែ ត្រី សាច់ ជាពិសេសគឺកាកសំណល់សាច់មាន់ ជង្គង់មាន់ ស្លាបមាន់ និងពោះ វៀនជ្រូក ជាដើម ត្រូវបានឈ្មួញបាននាំចូលពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត មកកម្ពុជាមិនក្រោម២០តោនទេក្នុងមួយថ្ងៃៗ ដោយភាគច្រើនគ្មានការត្រួតពិនិត្យ ឬ ទប់ស្កាត់ពី មន្ត្រីជំនាញកាំកុងត្រូលប្រចាំច្រកព្រំដែននោះឡើយ។
ជាងនេះទៀត នាពេលថ្មីៗនេះ សំណល់ គ្រឿងក្នុងចម្រុះជ្រូកជាង១តោន ដែលចាប់រឹបអូសបានពីឈ្មួញ ត្រូវបានឃុបឃិតគ្នាយកទៅលក់ បន្តឲ្យឈ្មួញផ្សេងទៀត។ នេះបើតាមការអះអាងពីឈ្មួញម្នាក់សុំមិនបញ្ចេញឈ្មោះ លួចបង្ហើបប្រាប់ឲ្យដឹង កាលពីថ្ងៃទី៦ ខែធ្នូ កន្លងទៅនេះ។
ករណីនេះ លោក សាន វិជ្ជាសារ៉ាវុធ ជាមេកាំកុងត្រូលប្រចាំច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នករងការចោទប្រកាន់ធំជាងគេ ព្រោះលោកជាអ្នកទទួលខុសខ្ពស់លើបញ្ហានេះ។ នេះបើតាមការអះអាងបញ្ជាក់របស់មន្ត្រីប្រចាំការមួយរូប នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
បើយោងតាមច្បាប់មន្ត្រីកាំកុងត្រូលមានបេសកកម្មដូចខាងក្រោម ៖ ១ – ធានាគុណភាព សុវត្ថិភាពផលិតផល និងសេវាដើម្បីការពារ សុខុមាលភាព និងសុវត្ថិភាពអ្នកប្រើប្រាស់។ ២ – ធានាកិច្ចការពារផលប្រយោជន៍ និងសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។ ៣ – ធានាអនុលោមភាពនៃបណ្តាលក្ខខណ្ខ តម្រូវឲ្យផ្នែកច្បាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្ម និង៤ – ទទួលធ្វើសេវាត្រួតពិនិត្យលក្ខខណ្ឌជាភាគីទីបី។ ប៉ុន្តែមន្ត្រីកកុងត្រូលបែរជាយកតួនាទីបេសកកម្មនេះទៅទ្រាប់គូថអង្គុយ ហើយឃុបឃិតជាមួយពួកឈ្មួញរកស៊ីទុច្ចរិត ប្រព្រឹត្តអំពើពុករលួយ និងមិនខ្វល់ពីផលប៉ះពាល់បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋអ្នកទទួលទានឡើយ។
សូមរម្លឹកថា កាលពី កន្លងទៅថ្មីៗនេះ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូលលោក ម៉ក់ ពេជ្ជរិទ្ធ បានចុះបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយមន្ត្រីកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោយពីកត់សម្គាល់ឃើញថា ការងារកាំកុងត្រូលនៅខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក សាន្ត វិជ្ជាសារ៉ាវុធ មានការចុះខ្សោយជាខ្លាំង ដោយសារតែការដឹកនាំមិនបានល្អ គ្មានសាមគ្គីភាពផ្ទៃក្នុង ហើយលោក សាន្ត វិជ្ជាសារ៉ាវុធ តែងតែប្រើអំណាចជាប្រធានសាខា ធ្វើការគាបសង្កត់ដល់មន្ត្រីក្រោមឱវាទឲ្យខ្លាចញញើត យកសាច់ញាតិ និងមនុស្សជំនិតរបស់ខ្លួនជាស៊ីវិលក្រៅក្របខ័ណ្ឌ និងគ្មានជំនាញ ឲ្យមកធ្វើការងារកន្លែងខ្លាញ់ រីឯមន្ត្រីជំនាញពិតប្រាកដដែលមានតួនាទីភារកិច្ច បែរជាចាត់តាំងឲ្យទៅធ្វើការងារកន្លែងផ្សេងៗទៅវិញ ជាហេតុធ្វើឲ្យមន្ត្រីក្រោមឱវាទនាំគ្នាមិនពេញចិត្តនូវទង្វើដឹកនាំរបៀបផ្តាច់ការ បក្សពួកនិយម របស់លោក សាន្ត វិជ្ជាសារ៉ាវុធ។
សូមបញ្ជាក់ថា រាល់ពេលដែលសមត្ថកិច្ចជំនាញតាមបណ្តាខេត្ត ក្រុង ដូចជា បន្ទាយមានជ័យបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប និងកំពង់ធំ ជាដើម ចុះត្រួតពិនិត្យ និងបង្ក្រាបបាន ប្រហិត ឬ កាកសំណល់ សាច់មាន់ ជង្គង់មាន់ ស្លាបមាន់ និងទំនិញខូចគុណភាពម្តងៗរាប់សិបតោន ត្រូវឈ្មួញឆ្លើយថា នាំចូលពីថៃតាមច្រកប៉ោយប៉ែត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក សាន វិជ្ជាសារ៉ាវុធ។
ប្រភពព័ត៌មានបានទម្លាយឲ្យដឹងថា កន្លងទៅថ្មីៗនេះលោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាឲ្យកូនចៅយកគ្រឿងក្នុងចម្រុះជ្រូកជាង១តោន ដែលចាប់រឹបអូសបានពីឈ្មួញ យកទៅលក់បន្តក្រោមលេសថា គ្មានកន្លែងសម្រាប់ដុតកម្ទេចចោលទៅវិញ។
ជាមួយនេះ ការនាំសាច់ខូចគុណភាពចូលគ្មានការត្រួតពិនិត្យពីមន្រី្តជំនាញខាងលើនោះឡើយ ដោយគ្រាន់តែតម្រូវបង់ប្រាក់ទៅឲ្យមន្ត្រីកាំកុងត្រូលក្នុង១ខែចាប់ពី១០ម៉ឺនរៀលឡើង ទៅ តាមមុខទំនិញតិច ឬច្រើន។
ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ មិនអាចសុំការពន្យល់ពីលោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូវប្រចាំច្រកអន្តរជាតិប៉ោយប៉ែត ពាក់ព័ន្ធនឹងការរិះគន់ដូចខាងលើនេះបានទេដោយទូរសព្ទ័ជាប់រវល់៕