ធ្លាយរឿងពុករលួយដំឡើងថ្លៃទិដ្ឋាការនៅច្រកទ្វារព្រំដែនប៉ោយប៉ែត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2019 ក+ ក-

ប៉ោយប៉ែត ៖ ប្រធានអនុប្រធាន និងមន្ត្រីនគរបាលទិដ្ឋាការច្រកទ្វារអន្តរជាតិព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជំរឹតទារលុយលើសតម្លៃសេវារដ្ឋ ដដែលដូចពីរឿងអាស្រូវនេះបានប្រព្រឹត្តតាំងពី៦ខែមកហើយនោះ ។ នេះបើតាមប្រភពស្និទនឹងមន្ត្រីក្រុមទិដ្ឋាការប្រចាំច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត របស់ការិយាល័យផ្តល់ទិដ្ឋាការនៃនាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន៍ បានបង្ហើបឱ្យដឹងនៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៩។

នេះមិនមែនជាលើកទីមួយទេ ដែលត្រូវបានទម្លាយពីករណីប្រព្រឹត្តអំពើពុករលួយ និងខុសច្បាប់ជាថ្មីរបស់ប្រធាន អនុប្រធាន និងសមាជិកនៃក្រុមទិដ្ឋាការប្រចាំច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែតចំពោះភ្ញៀវអន្តរជាតិ(ឬភ្ញៀវបរទេស ដែលទាំងអស់នេះ លោកប្រធានក្រុមជាអ្នកទទួលខុសត្រូវ ព្រោះថា លោកប្រធានក្រុមបានឱ្យមន្ត្រីនគរបាលទិដ្ឋាការស្និទ្ធរបស់លោកជំរិតទារប្រាក់ថ្លៃទិដ្ឋាការ( VISA FEES) ពីភ្ញៀវបរទេសចូលប្រទេសលើសតម្លៃកំណត់។

យោងតាមការកំណត់របស់រដ្ឋ លើការកំណត់តម្លៃពីភ្ញៀវបរទេសចេញ ចូលកម្ពុជារួ​មមានប្រភេទ ៖
ទី១ – ទិដ្ឋាការភ្ញៀវទេសចរ (Tourist Visa (T) =UD$ 30 ) ឬT 30 ដុល្លារ (ស្មើប្រមាណជាង១២ម៉ឺនរៀល) រដ្ឋកំណត់បង់ទិដ្ឋាការ ៣០ដុល្លារ តែលោកប្រធានបានឱ្យមន្ត្រីនគរបាលទិដ្ឋាការទារពីភ្ញៀវចំនួន ១.២០០បាតប្រាក់ថៃ ឬស្មើ ៣៦,៣ដុល្លារ ។

ទី២ – ទិដ្ឋាការធម្មតា ( Ordinary Visa (E)= 35US$ ) លោកប្រធានអោយទារពីភ្ញៀវចំនួន១.៥០០បាត ប្រាក់ថៃ ឬស្មើ ៤៥,៥ដុល្លារ ឬប្រមាណ ជាង១៨ម៉ឺនរៀល និងទី៣- ទិដ្ឋាការពិសេស (Special Visa (K)= (Cambodian Original) Gratis ឬភ្ញៀវជាអាណិជនខ្មែរ ឬពលរដ្ឋបរទេសដើមកំណើតខ្មែរ (K) ដែលត្រូវបានរដ្ឋលើកលែងទិដ្ឋាការ(មិនយលលុយ) បែរជាលោកប្រធានតម្រូវអោយភ្ញៀវបង់លុយ ១.០០០បាតប្រាក់ថៃ ឬប្រមាណ 30US$ ឬជិត១១ម៉ឺនរៀល ក្នុងម្នាក់ ទៀតផង។

ប្រភពដដែលបានឲ្យដឹងទៀតថា មន្ត្រីនគរបាលទិដ្ឋាការ ដែលអនុវត្តរឿងអាស្រូវពុករលួយ ក្នុងនោះមានលោក ហ័រ សិទ្ធិ ជាប្រធានក្រុម ជាអ្នកបញ្ជារ និងមានដែលរួមមាន លោកអនុសេនីយ៍ស្រី សោវ៉ាន់ (សុវណ្ណ) អត្តលេខ 36970 លោក ឯក បូរ៉ា ជាមន្ត្រីជាដើម។

ដោយឡែកអនុប្រធានក្រុម និងសមាជិកហេរញ្ញឹក ៨នាក់ទៀត ក្នុងចំណោមមន្ត្រីសរុប១៦នាក់ ដែលធ្លាប់បានឃុបឃឹតប្រព្រឹត្តរឿងនេះតាំងពីមុនខែកញ្ញា ឆ្នាំ២០១៨ មកនោះ ពេលនេះ មានអ្នកខ្លះនៅបន្តការងារ និងអ្នកខ្លះទៀត ត្រូវបានថ្នាក់លើដកផ្លាស់ចេញ។

គួររំលឹកថា កាលពីដើមខែកុម្ភៈនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដែលកំពុងដឹកនាំដោយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានធ្វើការកោះហៅមន្រ្តីទទួលខុសត្រូវច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកធ្វើសាកសួរ និងកំពុងចាត់វិធានការ និងស្រាវជ្រាវចំពោះករណីទាមទារប្រាក់ក្រៅផ្លូវការលើបញ្ហាផ្តល់ទិដ្ឋការ និងបញ្ហាមួយចំនួនទៀត ។

ការកោះហៅមន្ត្រីក្រោមឱវាទមកសាកសួរនេះ បានធ្វើឡើងខណៈមានបណ្តាញផ្សព្វផ្សាយមួយចំនួន បានរាយការណ៍ថា លោកវរសេនីយ៍ទោ ឃឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថ្មី ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានរងការចោទប្រកាន់ពីបទជម្រិតទារប្រាក់ពលករ និងប្រព្រឹត្តអំពើពុករលួយ ។

នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ ភ្នាក់ងារព៏ត៌មាន មេគង្គប៉ុស្តិ៍ មិនអាចទាក់ទងសុំការបកស្រាយពីលោក ឯក បូរ៉ា ពាក់ព័ន្ធននឹងការលើកឡើងដូចខាងលើនេះបាននៅឡើយទេ៕