ភ្នំពេញ ៖ ក្នុងពេលប្រទេសវៀតណាមកំពុងផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិក និងកំពុងរាលដាលនៅប៉ែកខាងជើងនោះ ក្រសួងនិងអាជ្ញាធរកម្ពុជា បានអោយឈ្មួញបង្វែការនាំចូលពី ប្រទេសថៃមកផ្គត់ផ្គង់លើទីផ្សារវិញ ហើយក្រសួងនឹងរឹតបន្តឹងបន្ថែមទៀតពីការនាំចូលជ្រូកពីប្រទេសវៀតណា ដោយបានបញ្ជូនមន្ត្រីបន្ថែមទៅ កាន់ព្រំដែន ។
ក្នុងពេលជំងឺប៉េសអាហ្វ្រិកឬជំងឺផ្ដាសាយជ្រូកបាននិងកំពុងរាលដាលនៅភាគខាងជើងប្រទេសវៀតណាម បណ្ដាប្រទេសមួយចំនួនបានបិទមិនអោយឈ្មួញនាំចូលសាច់ជ្រូកពីប្រទេសវៀតណាមជាដាច់ខាត ហើយកម្ពុជាដែលមានព្រំប្រទល់នឹងប្រទេសវៀតណាម បានបង្វែអោយឈ្មួញនាំចូលពីប្រទេសថៃ មកបំពេញតម្រូវការទីផ្សារវិញ ។
បើតាមលោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍តាមទូរសព្ទអោយដឹងថា ចាប់តាំងពីប្រទេសវៀតណាម ផ្ទុះជំងឺប៉េសអាហ្វ្រិកលើសត្វជ្រូក ពីប៉ុន្មានខែមុន ក្រសួងពាក់ព័ន្ធនានា បានចេញសេចក្តីប្រកាសអោយទប់ស្កាត់ពីការនាំចូលជ្រូកពីប្រទេសវៀតណាម មកផ្គត់ផ្គង់លើទីផ្សារក្នុងប្រទេសកម្ពុជា ហើយអោយឈ្មួញបង្វែការនាំចូលពីប្រទេសថៃមកផ្គត់ផ្គង់វិញ ។
លោកបន្តថា ក្រសួងបានបញ្ជូនមន្ត្រី នៅនាយកដ្ឋានទាំងពីរ គឺនាយកដ្ឋាន សុខភាពសត្វ និង ផលិតកម្មសត្វ ទៅកាន់ព្រំដែន ដើម្បីត្រួតពិនិត្យមើលពីការនាំចូលពីប្រទេសវៀតណាម និងត្រូវធានាថា ជ្រូកដែលនាំចូលពីវៀតណាមជាជ្រូកដែលល្អ មិនមានផ្ទុកជំងឺ តែយ៉ាងណានាយកដ្ឋាននឹងជំរុញអោយឈ្មួញ ងាកទៅនាំចូលពីប្រទេសថៃវិញ ដើម្បីធានាបានថាជ្រូកខ្មែរ នឹងមិនឆ្លងជំងឺនេះ។
លោកស្រ៊ុន ពៅប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានមានប្រសាសន៍ថា ដើម្បីការពារពីការឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិកពីប្រទេសវៀតណាមមកកាន់ជ្រូកកម្ពុជា យើងមានតែបង្វែអោយឈ្មួញ នាំចូលជ្រូកពីវៀតណាមទៅនាំចូលពីប្រទេសថៃវិញ ដោយសារតែថៃមិនទាន់មានជំងឺសាហាវនេះលើសត្វជ្រូកទេ ហើយបើសិនជាឈ្មួញនៅតែបន្តនាំចូលជ្រូកពីវៀតណាមទៀតនោះ វាជៀសមិនផុតពីការឆ្លងជំងឺលើសត្វជ្រូកក្នុងស្រុកនោះឡើយ ហើយបើសិនជាជំងឺនេះ បានចូលទៅក្នុងកសិដ្ឋានណាមួយនោះហើយ វានឹងបណ្ដាលអោយជ្រូកក្នុងកសិដ្ឋាននោះងាប់ទាំងអស់ ដូច្នេះត្រូវតែការពារអោយបាន ។
លោកបន្តថា បច្ចុប្បន្ននេះតម្លៃជ្រូករស់ដែលចាប់ពីកសិដ្ឋានក្នុងស្រុកនានា នៅតែរក្សាបានតម្លៃប្រមាណ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម ហើយបើលក់ជាសាច់លើទីផ្សារវិញ វាមានតម្លៃប្រមាណពី១៥០០០រៀល ក្នុងមួយគីឡូក្រាមដល់ ១៧០០០រៀលក្នុងមួយគីឡូក្រាម ។
លោក បណ្ឌិតឧកញ៉ា ម៉ុង ឬទ្ធី ដែលគេដឹងថាជាស្ដេចកសិកម្មមួយរូបនៅកម្ពុជា បានមានប្រសាសន៍ថា តម្លៃជ្រូកកម្ពុជា ពេលនេះ វាអាស្រ័យលើជំងឺប៉េសជ្រូកអាហ្វ្រិក ពីវៀតណាម ។ បើសិនជាទប់ស្កាត់បាន វានឹងរក្សាតម្លៃបានខ្ពស់ដដែល តែបើសិនជាទប់ស្កាត់មិនជាប់ហើយអោយជំងឺនោះចូលមកក្នុងប្រទេសកម្ពុជា បាននោះ វានឹងធ្វើអោយតម្លៃជ្រូកកម្ពុជាធ្លាក់ចុះជាមិនខានឡើយ ។
លោកបន្តថា ម្ចាស់កសិដ្ឋាន គួរតែទិញម៉ាស៊ីនបាញ់ថ្នាសម្លាប់មេរោគនៅក្នុងកសិដ្ឋានរបស់ខ្លួន អោយបានល្អ ហើយមិនគួរស្ដាយលុយទិញម៉ាស៊ីននិងថ្នាំ ហើយទុកអោយជ្រូកឆ្លងជំងឺនោះទេ និងធ្វើអោយជ្រូកធ្លាក់ថ្លៃនោះឡើយ ។
គួរបញ្ជាក់ថា ទីផ្សារជ្រូកកម្ពុជា ទើបតែមានហាងឆេង ក្នុងរយៈពេលប្រមាណកន្លះឆ្នាំមកនេះប៉ុណ្ណោះ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនោះ ។
ក្នុងពេលតម្លៃជ្រូកធ្លាក់ចុះ កសិករ និងម្ចាស់កសិដ្ឋាន បានបិទកសិដ្ឋានចោលបោះបង់ការចិញ្ចឹមជ្រូក ដោយសារតែមិនអាចទប់ទល់នឹងការខាតបង់ តែក្រោយមកវាក៏បានងើបឡើងវិញ តែកសិករនិងម្ចាស់កសិដ្ឋានមួយចំនួន នៅមិនទាន់ហ៊ានសម្រេចចិត្តពង្រីកអាជីវកម្មរបស់ខ្លួន ដោយខ្លាចមានបញ្ហាទីផ្សារដូចកាលមុនទៀត ៕