ខេត្តកំពត៖ នាង មឿង សុផាត អាយុ២៨ឆ្នាំ រស់នៅភូមិដំណាក់ទ្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ដែលបានស្ម័គ្រចិត្ដទៅធ្វើការនៅប្រទេសម៉ាឡេស៊ី បានរៀបរាប់ពីទុក្ខលំបាកគឺរាល់ថ្ងៃគេកំណត់អង្ករឲ្យកន្លះកំប៉ុងដាំបបរហូបសម្រាប់មួយថ្ងៃ ហើយត្រូវធ្វើការពីម៉ោង៤ទៀបភ្លឺរហូតដល់ម៉ោង១រំលងអាធ្រាត្រ។
នាង មឿង សុផាត បានចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុនប្រមូលនារីវ័យក្មេងៗមួយដែលមានទីតាំងនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ក្រោយវិលត្រឡប់ទៅស្រុកកណើតវិញ នាងបាននិយាយរៀបរាប់ពី ទុក្ខលំបាក ក្នុងពេលដែលខ្លួនទៅបំរើការនៅនោះស្ទើរស្រក់ទឹកភ្នែក។
នាងមឿង សុផាត រៀបរាប់ថា នាងមានបងប្អូនប្រុសស្រី ៧នាក់ មានម្ដាយឈ្មោះ ណុន ផា អាយុ៥២ឆ្នាំ និងឪពុកឈ្មោះ ឃឹម ដុក អាយុ៦៥ឆ្នាំ ហើយនាងជាកូនទី៣ ។ដោយសារតែគ្រួសារជួបការលំបាកខ្លាំងពេកនាងបានស្ម័គ្រចិត្ដទាក់ទងទៅក្រុមហ៊ុនមួយដែលមានទីតាំងនៅទួលគោក ដើម្បីទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយសង្ឃឹមថានឹងទទួលបានកំរៃដោះស្រាយជីវភាពគ្រួសារ ។ មុនចាកចេញពីប្រទេសកម្ពុជានាងត្រូវក្រុមហ៊ុនឱ្យរៀនភាសាខ្លះៗ និងពីរបៀបធ្វើការផ្សេងៗអស់រយៈពេល៤ខែ ។ ពេលទៅធ្វើការនោះត្រូវក្រុមហ៊ុនកំណត់រយៈពេល២ឆ្នាំ ដោយក្នុងមួយខែទទួលប្រាក់ឈ្នួល១៨០ដុល្លារអាមេរិក ។
នាងមឿង សុផាត បន្ដថា ពេលរៀនចប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០០៩ នាងបានឡើងយន្ដហោះទៅដល់ស្រុកគេ ហើយក្រុមហ៊ុនបានជូននាងឱ្យទៅបំរើនៅក្នុងគ្រួសារមួយដែលមានមនុស្ស៤នាក់ ក្នុងនោះមាន ឪពុកម្ដាយ និងកូនប្រុសវ័យជំទង់២នាក់ ។
នាងមឿង សុផាត បានពោលឡើងទាំងទឹកមុខស្រងូតស្រងាត់ថា ពេលចាប់ផ្ដើមធ្វើការដំបូង នាងត្រូវស្ដ្រីជាម្ចាស់ផ្ទះបញ្ជាឱ្យមួយថ្ងៃជូតផ្ទះ២ជាន់ ឱ្យស្អាត លាងរថយន្តចំនួន ២គ្រឿង លាងបង្គន់ចំនួន៦ បោកខោអាវ៣កាធុន បាញ់ទឹកកន្លែង ហាត់ប្រាណ និងអ៊ុតខោអាវ ។ ចំពោះការហូបចុកវិញគេឱ្យអង្ករកំណត់កន្លះកំប៉ុងដាំបបរហូបដោយខ្លួនឯង និងក្នុងមួយពេលមាន ជើងមាន់២ ចុងស្លាបមាន់២ និងអំបិលមួយស្លាបព្រា។
នាងបន្តទាំងរលីរលោងទឹកភ្នែកថា នាងត្រូវគេកំណត់ឱ្យក្រោកពីដំណេកនៅម៉ោង៤ទៀបភ្លឺធ្វើការរហូតដល់ម៉ោង១រំលងអាធ្រាត្រទើបចប់ការងារ ។ នាងហូបមិនឆ្អែតគ្មានកម្លាំងកំហែងទេ ព្រោះហូបបបររាល់ថ្ងៃ ។ ដោយសារតែក្រពះឃ្លានពេកនាងបានទៅលួចកាកដូង និងចំណីផ្សេងៗដែលម្ចាស់ផ្ទះបោះចោលទៅក្នុងធុងសំរាមមកហូបបន្ដ ។ ក្រោយមកម្ចាស់ផ្ទះដឹងបានចាក់សោធុងសំរាមថែមទៀត។ នាង សុផាត បញ្ជាក់ថា បើកិច្ចការណា ដែលនាងធ្វើមិនបានតាមការកំណត់របស់ម្ចាស់ផ្ទះត្រូវគេទះកំផ្លៀង និងចាប់ក្បាលអុកទៅនឹងជញ្ជាំង ។
ដោយសារតែការធ្វើទារុណកម្មនេះ ធ្វើឱ្យនាងធ្វើការលែងកើត គឺហាក់ដូចជាមានជំងឺសរសៃប្រសាទ ហើយត្រូវក្រុមហ៊ុនឱ្យត្រឡប់មកស្រុកវិញតាមជើងយន្ដហោះមួយតាំងពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១១ មកម្ល៉េះ។
ស្ដ្រីជាម្ដាយនិយាយថា ពេលទៅទទួល កូននៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ក្នុងនាមជាម្ដាយគាត់មានការរន្ធត់ចិត្ដដោយ សារឃើញកូនស្គមកំព្រឹងហាក់ដូចជាមនុស្សកើតរោគ ។ កូនស្រីគាត់មុនឡើងយន្ដហោះថ្លឹងមើលមានទំងន់៦០គីឡូក្រាម លុះពេលត្រឡប់មកវិញនៅសល់តែ៤០គីឡូក្រាមប៉ុណ្ណោះ ព្រោះតែធ្វើការធ្ងន់ និងមិនមានអាហារហូបគ្រប់គ្រាន់។ គាត់និយាយថា គេបានបើកប្រាក់ខែឱ្យកូនស្រីរបស់គាត់តែ៧០០ដុល្លារប៉ុណ្ណោះក្នុង រយៈពេល១១ខែ។ អ្នកភូមិមានក្ដីអាណិតអាសូរនាងមឿង សុផាត ជាខ្លាំងដោយម្នាក់ៗសុទ្ធតែអួលដើមក ពេលស្ដាប់នាងនិយាយរៀបរាប់ពីទុក្ខលំបាក ពេលដែលខ្លួនទៅបំរើការតាមផ្ទះនៅស្រុកគេ ។
ស្ដ្រីជាម្ដាយនិយាយថា គាត់បានទៅធ្វើការតវ៉ានៅក្រុមហ៊ុនពីរឿងកូនស្រីគាត់ត្រូវគេវាយ ធ្វើបាប និងបង្អត់អាហារ តែត្រូវមេខ្យល់ឈ្មោះសុភក្ដិហៅគាត់ចូលទៅក្នុងបន្ទប់ស្ងាត់មួយ ហើយនិយាយថា “ស្គមអីប៉ុណ្ណឹង មកពីយើងគ្មានការលត់ដំ និងគ្មានពិបាកអ្វីទេ” ។ ឈ្មោះសុភក្ដិនិយាយថា “បើចង់ទៅប្ដឹងសូមមីងធ្វើប៉ាស្ព័រជិះយន្ដហោះទៅម៉ាឡេស៊ីទៅ” ។
កន្លងមក មានសេចក្តីរាយការណ៍ជាច្រើនបង្ហាញថា អ្នកដែលធ្លាប់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី និយាយថា ពិតជាត្រូវគេធ្វើបាបមែន ។
ព័ត៌មានស្តីពីទុក្ខលំបាករបស់នាង មឿង សុផាត ជានារីខ្មែរមួយរូបក្នុងចំណោមពលការិនីជាច្រើននាក់ដែលទៅបំរើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី នាពេលនេះ មិនមែនជាករណីទីមួយនោះទេ។ករណីខ្លះត្រូវបានមេខ្យល់ ឬក្រុមហ៊ុនបញ្ចុះបញ្ចូលបោកប្រាស់ ធ្វើយ៉ាណាឲ្យពួកគេយល់ព្រមចេញទៅធ្វើការ លុះមានបញ្ហាអាក្រក់កើតឡើងពួកគេធ្វើមិនដឹងមិនឮ បើទោះបីជាមានការតវ៉ាពីក្រុមគ្រួសារពលការិនីរងគ្រោះបែបណាក្តី ក៏ក្រុមហ៊ុនមិនទទួលខុសត្រូវឡើយ ដូចជាក្រុមហ៊ុនដែលនាំនាង មឿង សុផាត ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី នេះជាដើម។
មជ្ឈដ្ឋានជាច្រើនបសសំណូមពរដល់ក្រសួងមហាផ្ទៃ ក្រសួងការងារ ពិសេសប្រមុខរាជរដ្ឋាភិបាលគួរពិនិត្យសើរើករណីដូចខាងលើនេះដើម្បីមានវិធានការតាមផ្លូវច្បាប់ផង បើមិនដូច្នោះទេពួកមេខ្យល់ ក៏ដូចជាក្រុមហ៊ុននាំពលករទៅធ្វើការនៅបរទេសខ្លះនឹងបន្តឆ្លៀតឧកាសកេងប្រវ័ញ្ចបោកប្រាស់នាំនារីវ័យក្មេងៗកម្ពុជាទៅបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ីពោរពេញដោយទុក្ខលំបាកដូចទាសករឥតឈប់ឈរ៕(ប្រភពfbm ដោយ៖ខេមរា)
នាងមឿង សុផាត ថតនៅក្រោមផ្ទះរបស់នាង