ភ្នំពេញ ៖ ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក MIKAMI Masahiro បានបង្ហាញការប្ដេជ្ញាថា ក្នុងអាណត្តិការងារថ្មីនៅកម្ពុជា លោកនឹងខិតខំជំរុញឱ្យមានទីផ្សារការងារនៅប្រទេសជប៉ុន សម្រាប់កម្មសិក្សាការី និងពលករជំនាញកម្ពុជាឱ្យកាន់តែច្រើនដើម្បីចេញទៅធ្វើការនៅប្រទេសជប៉ុនបន្ថែមទៀត។
ការប្ដេជ្ញាយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងពេលឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។
លោក MIKAMI Masahiro បានឱ្យដឹងថា លោកបានជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុនរបស់ជប៉ុន ដូចជាក្រុមហ៊ុនអ៉ីអនជាដើម ដែលកំពុងដំណើរការនៅប្រទេសកម្ពុជា ដោយពួកគេបានរាយការណ៍ និងកោតសរសើរពីការខិតខំប្រឹងប្រែងធ្វើការរបស់បុគ្គលិកជនជាតិខ្មែរ ដែលបានបង្កឱ្យមានបរិយាកាសការងារល្អ ពិសេសគឺមានភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម និងស្មោះត្រង់ចំពោះការងារ។
លោកបានបន្ថែមថា នេះក៏មិនខុសពីការលើកឡើងរបស់និយោជក និងតំណាងក្រុមហ៊ុននៅប្រទេសជប៉ុន ដែលបានទទួលកម្មសិក្សាការីកម្ពុជា ធ្វើការក្នុងសហគ្រាសរបស់ខ្លួនដែរ គឺពួកគេពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះអត្តចរិតការងាររបស់កម្មសិក្សាការីកម្ពុជាជាពន់ពេក។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការប្ដេជ្ញា និងការជំរុញឱ្យមានកិច្ចប្រតិបត្តិការនេះ ខណៈកម្ពុជាក៏មានការពេញចិត្តផងដែរ ចំពោះលក្ខខណ្ឌការងាររបស់និយោជកជប៉ុន ដែលកំពុងបើកក្រុមហ៊ុន រោងចក្រ សហគ្រាសនៅកម្ពុជា ក៏ដូចជាលក្ខខណ្ឌការងារនៅប្រទេសជប៉ុន ដែលបានកែសម្រួលឱ្យកាន់តែងាយស្រួលជាងមុន។ លោកបណ្ឌិតបានលើកឡើងថា កម្មសិក្សាការីកម្ពុជាដែលបានទៅធ្វើកម្មសិក្សា និងបម្រើការងារនៅប្រទេសជប៉ុន មានចំនួនប្រមាណ ១ម៉ឺន ២ពាន់នាក់។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩នេះ កម្ពុជាបានបញ្ជូនពលករជំនាញលើកដំបូងទៅបម្រើការនៅជប៉ុនចំនួន១១នាក់ ក្រោយអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា-ជប៉ុន លើការបញ្ជូននិងទទួលពលករជំនាញ ត្រូវបានចុះហត្ថលេខារួចរាល់ផងដែរ។
មិនតែប៉ុណ្ណោះ ឯកអគ្គរាជទូតជប៉ុនបានសន្យាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត មិនថានៅប្រទេសជប៉ុន ឬនៅប្រទេសកម្ពុជានោះឡើយ។
លើសពីនេះទៅទៀត លោកឯកអគ្គរាជទូតជប៉ុន ក៏បានមើលឃើញអំពីសារៈសំខាន់ នៃការប្រកួតប្រជែងលើវិស័យឧស្សាហកម្មរបស់កម្ពុជា ដោយឯកឧត្តមបានប្ដេជ្ញាថានឹងជួយពង្រឹង និងពង្រីកឧត្តមភាពប្រកួតប្រជែងលើវិស័យឧស្សាហកម្មរបស់កម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
នាឱកាសនោះ លោកបណ្ឌិត អ៊ិត សំហេង ក៏បានចូលរួមសម្ដែងនូវការសោកស្ដាយចំពោះប្រជាជនជប៉ុន ដែលបានទទួលរងគ្រោះមហន្តរាយដោយសារព្យុះទីហ្វុង បង្កឱ្យប្រជាជនរងរបួស និង
បាត់បង់អាយុជីវិត បំផ្លិចបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងខូចខាតសមិទ្ធផលជាច្រើនទៀត៕