ដោយ : នរិន្ទ្រ
ភ្នំពេញ ៖ ខណៈប្រព័ន្ធអនុគ្រោះរបស់សហភាពអឺរ៉ុប EBA កំពុងប្រឈមដកបណ្ដោះអាសន្នពីកម្ពុជា មានមតិមួយចំនួនបានលើកឡើងបង្ហាញពីក្តីបារម្ភចំពោះផលប៉ះពាល់ តែក៏មានមតិមួយចំនួនបានលើកឡើងថា អត់មានផលប៉ះពាល់អ្វីដល់កម្ពុជា នោះទេ ហើយបើយោងទៅតាមមេធនាគារធំៗនៅកម្ពុជាវិញ ក៏មានជំនឿជាក់ថា ទោះបីអត់មាន EBA ក៏មិនធ្វើអោយវិស័យមួយនេះ រងផលប៉ះពាល់ដែរ។ ចំណែកអ្នកវិភាគសេដ្ឋកិច្ច បានលើកទឹកចិត្តក្នុងករណីគ្មាន EBA ថា បើយើងពឹងផ្អែកលើគេ គេអាចគំរាមយើងបានគ្រប់ពេល …។
(កិច្ចពិភាភ្សាអំពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា នៅទីក្រុងភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩)
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមកិច្ចពិភ្សាអំពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា នៅទីក្រុងភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)កម្ពុជា បានមានប្រសាសន៍ថា ផលប៉ះពាល់ពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ប្រាកដជាមាន ក៏ប៉ុន្តែត្រូវដឹងថា ការធ្វើអាជីវកម្ម មិនអាចនៅពឹងពាក់លើការអនុគ្រោះនេះយូរអង្វែងតទៅទៀត គឺត្រូវពឹងពាក់លើកម្លាំងសេដ្ឋកិច្ចនៃប្រទេសនោះ ដូចជាពឹងលើការនាំចេញ ក៏ដូចជាការពឹងទៅលើទីផ្សារក្នុងប្រទេសដែរ។ អ្វីដែលត្រូវធ្វើបន្ត មិនមែននៅព្រួយបារម្ភខ្លាចបាត់ការអនុគ្រោះពន្ធនោះទេ តែសហគ្រិនក្នុងប្រទេសទាំងអស់ត្រូវបង្កើនសមត្ថភាព ដោយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងសហគ្រាសទាំងអស់ ពិនិត្យមើលឡើងវិញ នូវខ្សែចង្វាក់ផលិតកម្មនៃសហគ្រាសទាំងអស់ក្នុងស្រុក ដើម្បីអោយការចំណាយធ្លាក់មកនៅតិចបំផុត ។
លោកបន្តថា ការរស់នៅដោយពឹងលើគេវាមិនស្រួលប៉ុន្មាននោះទេ ជាក់ស្ដែង ផលដែលសហគមន៍បានផ្ដល់មកកម្ពុជា លោកមិនគិតថាវាធំប៉ុន្មាននោះទេ ហើយបើសិនជាយើងនៅតែពឹងលើគេ គេនឹងគំរាមយើងបានគ្រប់ពេល ដូច្នេះ មានការបើកចំហរពាណិជ្ជកម្មខាងក្រៅ ហើយពង្រឹងផលិតកម្មខាងក្នុង ដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ច ដែលអាចជំរុញអោយយើងអាចរស់នៅបានដោយខ្លួនហើយ ។ ប៉ុន្តែបើក្រឡេកមកមើលសហគមន៍ ដែលកំពុងធ្វើនីតិវិធីដកប្រព័ន្ធអុគ្រោះពន្ធពីកម្ពុជា វាជារឿងអយុត្តិធម៌មួយសម្រាប់កម្ពុជា ។ តួយ៉ាង ការដាក់ពន្ធលើការនាំចូលអង្ករពីកម្ពុជាចូលទីផ្សារអឺរ៉ុប គឺជារឿងមិនសមហេតុផល ដោយគ្រាន់តែយកលេសថា ដើម្បីទុកផលប្រយោជន៍អោយកសិករអឺរ៉ុប ។តាមពិតគឺអង្កររបស់កសិករអឺរ៉ុប មិនអាចប្រកួតប្រជែង ជាមួយអង្ករកម្ពុជាបាន ទើបគេធ្វើជាដាក់ពន្ធ ដើម្បីអោយអង្ករកម្ពុជាឡើងថ្លៃ នៅទីផ្សារអឺរ៉ុប ។ លោកន្ថែមថា សម្រាប់ EBA ក៏ដូចគ្នា គេយកបញ្ហាសិទ្ធិមនុស្សមកជជែកដើម្បីដកការអនុគ្រោះពន្ធ ក៏ប៉ុន្តែបើក្រលេកទៅមើលប្រទេសក្នុងតំបន់អាស៊ាន ដូចជាទាន់មានប្រទេសណាមួយល្អប្រសើរជាងកម្ពុជានៅឡើយទេ ។ យ៉ាងណាក៏ដោយ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងប្រជុំអាស៊ីអឺរ៉ុបនៅពេលឆាប់ៗ ដូច្នេះអឺរ៉ុប អាចមកកម្ពុជា និងសង្កេតដោយផ្ទាល់ ហើយពេលនោះ ពួកគាត់នឹងយល់កាន់តែច្បាស់ពីកម្ពុជា ។ លោកបញ្ជាក់ថា សម្រាប់វិស័យធនាគារ ក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០២០ខាងមុខ លោកនៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះការធ្វើប្រតិបត្តិការ ជាក់ស្ដែងធនាគារអេសីលីដាផ្ទាល់ នឹងកំណត់ផែនការលូតលាស់របស់ខ្លួនប្រមាណជាង១២ភាគរយ ។
លោក Raymond Sia ( រ៉េយ៍ម៉ុន សៀ ) អគ្គនាយកធនាគារកាណាឌីយ៉ា បានលើកឡើងថា យើងមិនមានការព្រួយបារម្ភជុំវិញបញ្ហា EBA ដែលនឹងធ្វើឲ្យប៉ះពាល់វិស័យធនាគារនៅកម្ពុជានោះទេ ព្រោះ រដ្ឋាភិបាលបានដាក់ចេញវិធានការប្រុងប្រយ័ត្នជាច្រើន ដើម្បីទប់ស្កាត់ផលប៉ះពាល់ណាមួយដោយសារ EBA រួចរាល់ហើយ។
លោកបន្តថា រដ្ឋាភិបាលបានដាក់ចេញវិធានការជាច្រើន ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានដែលអាចកើតឡើងណាមួយ ដោយសារតែការផ្អាក EBA នេះ ។ ដូច្នេះក្នុងនាមជាប្រតិបត្តិករធនាគារ ពិតជាមានទំនុកចិត្តយ៉ាងខ្លាំង ទោះបីជាការផ្អាក EBA ក៏ដោយ ក៏ប្រទេសកម្ពុជានឹងនៅតែប្រតិបត្តិការល្អប្រសើរ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ផងដែរថា កម្ពុជា បានត្រៀមខ្លួនហើយក្នុងការបង់ពន្ធទៅទីផ្សារអឺរ៉ុបបើសិនជាសហគមន៍អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ។
សូមបញ្ជាក់ថា បច្ចុប្បន្នអឺរ៉ុបជាទីផ្សារធំទី២របស់កម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំណែកប្រមាណ ២៤ភាគរយនៃទីផ្សារនាំចេញសរុប ។ ការនាំចេញទៅកាន់សហភាពអឺរ៉ុបភាគច្រើន ឬស្ទើរតែទាំងអស់ ត្រូវនាំចេញដោយមិនមានការបង់ពន្ធនោះឡើយ ក្រោមកម្មវិធី អ្វីគ្រប់យ៉ាងលើកលែងអាវុធ ( EBA ) ។ ការសិក្សានានាក៏បានបង្ហាញផងដែរថា បើសិនជាអឺរ៉ុបដកប្រពន្ធ EBA នេះពីកម្ពុជា ក្នុងមួយឆ្នាំ កម្ពុជាត្រូវបង់ពី ៦០០លានទៅ ៧០០លានដុល្លារ លើទំនិញដែលនាំចូលទៅកាន់ទីផ្សារអឺរ៉ុប ៕