ខេត្តបាត់ដំបង: ទាហានថៃចំនួន ៣ នាក់ ក្នុង នោះមានម្នាក់ជាមេបញ្ជាការអនុសេនាតូច ត្រូវបានសមត្ថកិច្ចចម្រុះខេត្តបាត់ដំបងឃាត់ ខ្លួនក្រោយពេលអ្នកទាំងនោះនាំយកក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ ១០០ ស៊េរីថ្មី ប្រមាណជាង៧ លានដុល្លារអាមេរិក ឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជា។
មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោងប្រមាណ ១១ ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចសាយឡូត៍ ឈ្មោះហួត អូន ស្ថិតនៅភូមិ- ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ ដំបង។ ខណៈនោះដកហូតបានក្រដាសប្រាក់ដុល្លារប្រភេទ ១០០ ស៊េរីថ្មី ចំនួន ៣កេស ដែលមានចំនួន៧ លាន ១សែន ៦ម៉ឺនដុល្លារអាមេរិក ។
តាមរបាយការណ៍បង្ហាញថា ជនជាតិថៃដែលសមត្ថកិច្ចឃាត់ខ្លួនទាំង ៣ នាក់នោះមាន ទី១-ឈ្មោះ ជី គីត អាយុ៤៧ឆ្នាំ ជាទាហាន ទី២-ឈ្មោះប្រា មូត អាយុ៤៨ឆ្នាំជាទាហាន និងទី៣-ឈ្មោះចំរ៉ាត់ វង្សា អាយុ៥៣ឆ្នាំ ជាមេបញ្ជាការអនុសេនាតូចលេខ៥២២ របស់ប្រទេសថៃ(ឈុតខ្មៅ)។ ជនសង្ស័យទាំង ៣ នាក់ ត្រូវបានសមត្ថកិច្ចស៊ើបសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់នៃប្រទេសកម្ពុជា៕ សមិទ្ធ
រូបថតCEN