សៀមរាប៖ មានការភ្ញាក់ផ្អើលទាំងកណ្តាល យប់ដោយសារសង្ឃ២អង្គព្រមទាំងគូកនមានស្រី ប្រុសនាំគ្នាផឹកស៊ីកំដរដោយស្រីស្នេហ៍នៅលើកុដ្ឋក្នុងវត្តពោធិលង្កា ក្រុងសៀមរាប ខណៈសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីសង្ឃធ្វើការចាប់សឹកនិងឃាត់ខ្លួនទាំងយប់ព្រមទាំងបញ្ជូនឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាមចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១២រំលងអធ្រាត្រថ្ងៃទី១៨ ខែកញ្ញា ស្ថិតនៅបរិវេណវត្តពោធិលង្កា ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
មន្ត្រប៉ូលីសម្នាក់បានប្រាប់ថា សង្ឃទាំង២អង្គនេះ ត្រូវបានប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តបានរាយការណ៍ប្រាប់សមត្ថកិច្ចជាយូរយាណាស់មកហើយ ។ក្រោយមកសមត្ថកិច្ចបានតាមដានយ៉ាងល្អិតល្អន់ហើយបានឃាត់ខ្លួនជាក់ស្តែងទាំងព្រះសង្ឃនិងជនកំហូចមានប្រុសមានស្រីទាំងនោះ ខណៈពួកគេកំពុងតែនាំគ្នាផឹកស្រាបៀរ ក្លែមស្រីសេ្នហ៍យ៉ាងសប្បាយរីករាយនៅក្នុងកុដ្ឋ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា សង្ឃទាំង២អង្គនេះមានទី១. ឈ្មោះ ពេជ្រ ដេវិត អាយុ៣៥ព្រះវស្សា បួសរៀននៅស្រុកជីក្រែង មកសុំស្នាក់នៅវត្តពោធិលង្កា អស់រយៈពេលជិត២វស្សាមកហើយ។ទី២.ឈ្មោះ សំបូរ អាយុជាង២០ព្រះវស្សា ចូលមកស្នាក់នៅក្នុងវត្តនេះពុំមានការអនុញ្ញាតពីចៅអធិការវត្តទេ។
បន្ទាប់ពីសមត្ថកិច្ចចូលទៅឆែកឆេក្នុងកុដ្ឋនោះត្រូវបានគេប្រទះឃើញ មានស្រោមអនាម័យប្រើរួច និង មិនទាន់ប្រើមួយចំនួន ព្រមទាំងមានដាវសាំមូរ៉ៃ និងឧបករណ៍សម្រាប់ជក់ថ្នាំមួយចំនួនផងដែរ។
ព្រះតេជគុណ កែវ ខូយ ព្រះគ្រូចៅអធិការវត្តពោធិលង្កា បានមានថេរដីកាថា សង្ឃទាំង២អង្គនេះមិនមែនជាសង្ឃនៅក្នុងវត្តនេះទេ គ្រាន់តែមកសុំស្នាក់អាស្រ័យប៉ុណ្ណោះ ដូច្នេះរាល់ទង្វើខុសឆ្គងរបស់សង្ឃទាំង២អង្គនេះ ព្រះអង្គមិនបានដឹងទេ។ ទោះជាយ៉ាងនេះក្តី ព្រះគ្រូចៅអធិកា ក៏ពេលកន្លងទៅព្រះអង្គធ្លាប់បានធ្វើការណែនាំជាច្រើនដងមកហើយ ប៉ុន្តែពួកគេរឹតតែផ្គើនឲ្យអាត្មាធ្វើឲ្យពុទ្ធបរិស័ទ មានការខឹងសម្បាយ៉ាងខ្លាំង។
ព្រះតេគុណបន្តថា ប្រសិនបើមានព្រះសង្ឃធ្វើខុសឆ្គងយ៉ាងដូច្នេះ ពិតជាធ្វើឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងជាទីគោរពប្រត្តិបត្តិសម្រាប់មានអ្នកផងទាំងពួងគោរព គ្រប់ៗគ្នាដែលគួរតែអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធមេត្តាចាត់វិធានការឲ្យបានម៉ឺងមាត់ផង៕សមិទ្ធ
ចាប់សង្ឃ២អង្គនិងគូកននាំគ្នាផឹកស៊ីអមស្រីសេ្នហ៍លើកុដិពេលបុណ្យភ្ជុំបិណ្ឌ