ភ្នំពេញ ÷ ក្រសួងសុខាភិបាលកម្ពុជានៅតែអះអាងថា រហូតមកដល់ពេលនេះ កម្ពុជារកឃើញ អ្នកផ្ទុក កូវីដ ១៩តែម្នាក់ប៉ុណ្ណោះ គឺជនជាតិចិន ហើយក៏បានព្យាបាលជាសះស្បើយ និងបញ្ជូនត្រលប់ទៅប្រទេសចិនវិញរួចហើយផងដែរ ។
ថ្លែងនៅក្នុងសន្នសីទសារព័ត៌មាននៅរសៀលថ្ងៃទី០៥ មីនា ២០២០ នៅទីស្ដីការក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា គិតមកត្រឹមរសៀលថ្ងៃទី០៥ មីនា ២០២០ ក្រសួងសុខាភិបាលនិងវិទ្យាស្ថានប៉ាស្ទ័រ បានធ្វើសំណាកលើអ្នកសង្ស័យចំនួន១៤៥នាក់ ក្នុងនោះមានតែម្នាក់ប៉ុណ្ណោះ គឺជនជាតិចិនបានផ្ទុកកូវីដ ១៩ និងទទួលបានការព្យាបាលជំងឺនេះ ជាសះស្បើយនឹងបញ្ជូនជនជាតិចិនរូបនេះ ត្រលប់ទៅកាន់ប្រទេសគេវិញរួចហើយផងដែរ ។ លោកជំទាវនិយាយថា៖« ការធ្វើតេស្តរកជំងឺកូវីដ១៩នេះ គឺមានការសហការពីស្ថាប័នជំនាញៗ ដូចជាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក៏ដូចជាក្រុមហ៊ុនអ្នកជំនាញជនជាតិអាមេរិក ជាដើម ដោយមិនមែនមានតែក្រុមគ្រូពេទ្យកម្ពុជាមួយភាគីប៉ុណ្ណោះទេ »។
លោកជំទាវបន្តថា បច្ចុប្បន្ននេះ ការផ្សព្វផ្សាយព័ត៌មានមិនពិតកំពុងតែកើនឡើងគួរអោយព្រួយបារម្ភ ដោយយកករណីផ្សេងៗមកបូកបញ្ចូលថាជំងឺកូវីដ ជាក់ស្ដែងអ្នកខ្យល់គរ អ្នកស្រវឹងនិងអ្នកគាំងបេះដូង ក៏ត្រូវបានក្រុមអ្នកផ្សព្វផ្សាយព័ត៌មាន យកមកផ្សព្វផ្សាយធ្វើអោយមហាជនមានការយល់ច្រលំ ថាកម្ពុជាមានករណីកូវីដច្រើន ។
លោកជំទាវបន្ថែមថា កូវីដ១៩ មិនបង្កអោយដួលសន្លប់រហូតដល់ស្លាប់នោះទេ ពីព្រោះកូវីដ១៩នេះ វាត្រូវឆ្លងកាត់ដំណាក់កាលរបស់វា ដែលត្រូវការពេលវេលាពី១សប្ដាហ៍ទៅ២សប្ដាហ៍ ហើយក្នុងរយៈកាលនោះ បើមិនមានការព្យាបាលទេ វានឹងកាន់តែធ្ងន់ធ្ងរ ដូចដែលបានដឹងហើយគឺក្ដៅខ្លួនកាន់តែខ្លាំង ក្អកស្ងួត ហត់ពិបាកដកបង្ហើម ពិបាកទ្រាំ ដូច្នេះតើមានរឿងអីដែលអ្នកជំងឺដើរសុខមិនមានរោគសញ្ញាអ្វីទាល់តែសោះ បែរដួលរហូតដល់ស្លាប់នោះ ។
ពាក់ព័ន្ធនឹងជនជាតិជប៉ុនម្នាក់ត្រូវបានរកឃើញលទ្ធផលវិជ្ជមានកូវីដ១៩ ក្រសួងសុខាភិបាលកម្ពុជា និងអាជ្ញាធរខេត្តសៀមរាបជាមួយនឹងមន្ទីរសុខាភិបាលខេត្តសៀមរាប កំពុងធ្វើការងារនេះ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយជនជាតិជប៉ុនដែលបានចុះផ្សាយ ។រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់បន្ថែមពី ស្ថានទូតជប៉ុននៅកម្ពុជា និងអាជ្ញាធរជប៉ុននៅឡើយ ។ ទោះបីជាមិនទាន់មានការបញ្ជាក់បន្ថែមក្ដី ក៏កម្ពុជានៅតែស្វះស្វែងរកប្រភពព័ត៌មាន និងអ្នកពាក់ព័ន្ធជាមួយជនជាតិជប៉ុននោះមកធ្វើតេស្តរកវីរុសកូរ៉ូណា ។
បច្ចុប្បន្ននេះ អាជ្ញាធរខេត្តសៀមរាប រកឃើញបុគ្គល៤នាក់នៅខេត្តសៀមរាប ដែលធ្វើការផ្ទាល់ជាមួយជនជាតិជប៉ុន ហើយបានដាក់ដោយឡែក និងតាមដានបន្តក្នុងរយៈពេល១៤ថ្ងៃ បើទោះបីជាបច្ចុប្បន្ននេះ ពួកគេមានសុខភាពធម្មតាក្ដី ។
លោកវេជ្ជបណ្ឌិត វ៉ាន់ ម៉ិច វេជ្ជបណ្ឌិតឯកទេសជម្ងឺសួតប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតបានប្រសាសន៍ថា ករណីសង្ស័យកើតជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ណា គឺ ក្ដៅខ្លួនលើសពី៣៨អង្សារ ក្អកស្ងួត ហត់ពិបាកដកដង្ហើម ។ រោគសញ្ញាទាំងនេះ មិនទាន់គ្រប់គ្រាន់ និងសន្និដ្ឋានថាមានផ្ទុកជំងឺកូវីដនោះទេ គឺបូកជាមួយអ្នកដែលមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសដែលផ្ទុះជំងឺកូរ៉ូណា និងចេញរោគសញ្ញានៅរយៈពេល៧ទៅ១៤ថ្ងៃ បន្ទាប់ពីត្រលប់មកប្រទេសវិញ ។
លោកបន្តថា ករណីដួលសន្លប់និងស្លាប់ភ្លាមៗមិនមែនកើតឡើងដោយសារតែជំងឺកូរ៉ូណានោះទេ ព្រោះជំងឺរលាកសួតប្រភេទថ្មីនេះ ត្រូវការពេលវេលា ៧ថ្ងៃទៅ១៤ថ្ងៃ ហើយវាមិនបង្កអោយសុខៗដួលស្លាប់ភ្លាមៗនោះឡើយ ។ សម្រាប់មន្ទីរពេទ្យរុស្ស៊ី ក៏បានធ្វើតេស្ត ទៅលើអ្នកដែលគាត់សង្ស័យថា ផ្ទុកកូរ៉ូណា ចំនួន៧៨នាក់ និងរកមិនឃើញថាមានអ្នកណាម្នាក់ផ្ទុកកូវី។
លោកស្រីវេជ្ជបណ្ឌិត រស់ សីហា ប្រធានផ្នែកសរសៃប្រសាទនៃមន្ទីរពេទ្យកាល់ម៉ែត បានបកស្រាយពីករណីដួលសន្លប់ជាច្រើនករណីនៅក្នុងប្រទេសកម្ពុជា ថាវាមិនមែនមកពីកូវីដ១៩នោះទេ ព្រោះការដួលសន្លប់នេះ គឺពាក់ព័ន្ធនឹងសរសៃប្រសាទរបស់អ្នកជំងឺ ហើយអ្នកជំងឺមួយដែលមន្ទីរពេទ្យទទួលពី ព្រលានយន្តហោះ ដោយសារតែការដួលសន្លប់ ហើយរកឃើញថា អ្នកជំងឺនោះ មានជំងឺប្រចាំកាយ និងត្រូវប្រើថ្នាំព្យាបាលប្រចាំ តែសម្រាប់អ្នកជំងឺដួលសន្លប់នៅព្រលានយន្តហោះ មិនបានប្រើថ្នាំ រយៈពេលប៉ុន្មានថ្ងៃមកហើយ បូករួមជាមួយនឹងគាត់ហត់នឿយដោយសារតែការកម្សាន្តនិងទស្សនាជាច្រើនផងនោះទើបគាត់ត្រូវអស់កម្លាំង និងដួលសន្លប់នៅព្រលានយន្តហោះ ។ លោកស្រី បញ្ជាក់ថាការដួលសន្លប់នានាកន្លងមក មិនមានពាក់ព័ន្ធនឹងកូវីដ១៩ទេ ហើយកូវីដ១៩គឺនឹងមិនបង្កអោយដួលសន្លប់នោះដែរ គឺមិនជាដាច់ខាត ។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ក៏បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្នអង្គការសុខភាពពិភពលោក បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខភាពដៃគូរពាក់ព័ន្ធដទៃទៀត ដើម្បីតាមដានជំងឺឆ្លង រួមទាំងជំងឺកូវីដ១៩នេះដែរ ដើម្បី ទប់ស្កាត់និង និងរុករកនូវករណីថ្មីជាពិសេសកូវីដ១៩ ។អង្គការសុខភាពពិភពលោក នឹងជំរុញអោយធ្វើតេស្តទៅលើបុគ្គលណា ដែលចូលក្នុងនិយមន័យកូវីដ១៩ តែសម្រាប់បុគ្គលណាដែលមិនចូលក្នុងនិយមន័យកូវីដ១៩ នោះមិនចាំបាច់ធ្វើតេស្ត្រនាំតែខាតបង់សម្ភារវេជ្ជសាស្ត្រ ហើយភាគរយនៃអវិជ្ជមានក៏ខ្ពស់ដែរ៕