ភ្នំពេញ៖មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីដែលទើបមានការផ្សាយ ដំណឹងថា ជាប់ពាក់ព័ន្ធនឹងករណីឆបោកទឹកប្រាក់១លានដុល្លារនោះ ឥឡូវនេះត្រូវបានប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ចោទ ប្រកាន់ថា ខ្ចីប្រាក់លោកមិនសងអស់រយៈពេលជាងដប់ឆ្នាំហើយ។
លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ បញ្ជាក់ថា លោកព្យាយាមទាក់ទងទារប្រាក់ពី លោក ផៃ ស៊ីផាន នេះជាច្រើនលើកច្រើនសាហើយ តែមិនបានសោះ។ លោក មឿង សុន បញ្ជាក់ថា លោកត្រូវការប្រាក់ពី លោក ផៃ ស៊ីផាន វិញ ដើម្បីជួយឧបត្ថម្ភពលរដ្ឋមានជម្លោះដីធ្លី និងកុមារកំព្រា។
តំណាង លោក មឿង សុន នៅកម្ពុជា គឺលោក បូ ពៅ ឲ្យដឹងថា លោកត្រូវបាន លោក មឿង សុន ពឹងពាក់ឲ្យទារប្រាក់ដែល លោក ផៃ ស៊ីផាន ជំពាក់កាលពីឆ្នាំ២០០៣ បន្ទាប់ពី លោក ផៃ ស៊ីផាន បដិសេធមិនព្រមសងជាច្រើនឆ្នាំមកហើយ៖ «ខ្ញុំជឿថា លោក ផៃ ស៊ីផាន គាត់មានតួនាទី និងឋានៈ អ៊ីចឹងគាត់មិនធ្វើឲ្យបាក់មុខបាក់មាត់គាត់ទេ។ ម្យ៉ាងទៀត គាត់ប្រាក់ខែច្រើន បានគាត់សុខចិត្តរត់ចោលស្រុកអាមេរិក។ គាត់ច្បាស់ជាមានលុយសងគេហើយ»។
កិច្ចសន្យាខ្ចីប្រាក់រវាងភរិយា លោក មឿង សុន គឺលោកស្រី យី ផល្លី ដែលសរសេរដោយដៃ ដោយមានចុះហត្ថលេខារបស់ លោក ផៃ ស៊ីផាន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៣ បញ្ជាក់ថា ភាគី “ក” គឺលោកស្រី យី ផល្លី យល់ព្រមឲ្យ លោក ផៃ ស៊ីផាន ខ្ចីប្រាក់ចំនួន ៦លានរៀល ដោយឥតគិតការប្រាក់។ កិច្ចសន្យាខ្ចីប្រាក់បញ្ជាក់ទៀតថា ភាគី “ខ” គឺលោក ផៃ ស៊ីផាន បានខ្ចីប្រាក់ពី លោកស្រី យី ផល្លី នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០០៣ ដើម្បីប្រើប្រាស់ការខ្វះខាតផ្ទាល់ខ្លួន។ ភាគី “ខ” សន្យាសងប្រាក់គ្រប់ចំនួន ៦លានរៀល នៅមុនថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៣។ បើភាគី “ខ” ពុំបានគោរពតាមកិច្ចសន្យាខាងលើ ភាគី “ខ” ទទួលខុសត្រូវចំពោះការសងប្រាក់ទាំងអស់ រួមទាំងការចំណាយផ្នែកតុលាការ និងមេធាវី។
លោក បូ ពៅ អះអាងថា គាត់នឹងទៅជួប លោក ផៃ ស៊ីផាន ដោយផ្ទាល់ ដើម្បីទារបំណុលប្រាក់ ៦លានរៀល ដោយមិនទារការប្រាក់ឡើយ។ លោកថា ប្រាក់បំណុលនោះ បើទារបានលោកនឹងប្រើប្រាស់សម្រាប់ជួយពលរដ្ឋដែលមានវិបត្តិដីធ្លី ក្នុងការស្វែងរកយុត្តិធម៌៖ «ប្រសិនគាត់មានទឹកចិត្ត បើសិនគាត់យល់ថាបំណុលជំពាក់លុយសងដោយលុយ គាត់គួរតែសងបានលុយនោះទៅជួយក្មេងកំព្រា»។
ការទារប្រាក់នេះ មិនមែនជាលើកដំបូងឡើយ។ លោក មឿង សុន ធ្លាប់សរសេរលិខិតមួយច្បាប់ទៅទារលុយជំពាក់នេះម្តងរួចទៅហើយកាល ពីខែមីនា ឆ្នាំ២០១៣ ប៉ុន្តែគ្មានការឆ្លើយតបពី លោក ផៃ ស៊ីផាន ទេ។ លោក មឿង សុន ដែលត្រូវបានតុលាការកម្ពុជា ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ ពីបទរិះគន់គម្រោងដាក់ភ្លើងបំភ្លឺនៅប្រាសាទអង្គរនោះ ពេលនេះកំពុងរស់នៅឯបរទេស ហើយបានពឹងតំណាងរបស់គាត់ទារប្រាក់ជំនួសវិញ។
ពាក់ព័ន្ធទៅនឹងការទារបំណុលនេះ លោក ផៃ ស៊ីផាន អះអាងថា លោកបានសងប្រាក់គ្រប់ចំនួនហើយ៖ «ខ្ញុំចាំថា លុយ ១.០០០ដុល្លារ ខ្ញុំបានសងតាមរយៈ មានមនុស្សកាន់យកទៅឲ្យ»។
ទោះបីជា លោក ផៃ ស៊ីផាន បញ្ជាក់ថា លោកមានសាក្សីដើម្បីបញ្ជាក់ថា លោកបានសងប្រាក់ ប៉ុន្តែលោកមិនឲ្យផ្តល់ឈ្មោះ និងលេខទូរស័ព្ទរបស់សាក្សីនោះទេ៖ «ខ្ញុំអត់មានឯកសារទេ ប៉ុន្តែខ្ញុំមានសាក្សីរបស់ខ្ញុំ»។
ខុសពីអ្វីដែលលោកបានសរសេរនៅលើលិខិតសន្យាខ្ចីប្រាក់នោះ ដែលថាដើម្បីប្រើប្រាស់ការខ្វះខាតផ្ទាល់ខ្លួន លោក ផៃ ស៊ីផាន បញ្ជាក់ថា តាមពិត លោកខ្ចីប្រាក់នេះដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរកសំឡេង ឆ្នោត កាលពីលោកឈរឈ្មោះជាបេក្ខជនតំណាងលេខ៣ ប្រចាំមណ្ឌលខេត្តកំពង់ឆ្នាំង ជាមួយ លោក មឿង សុន ជាបេក្ខជនលេខ១ នៃគណបក្សសម រង្ស៊ី។ លោកបន្តថា ថវិកានោះត្រូវបានប្រើប្រាស់សម្រាប់ឃោសនានយោបាយជួយ លោក មឿង សុន។
ឆ្លើយតបទៅនឹងការឆ្លើយដោះសានេះ លោក មឿង សុន អះអាងថា លោកមិនទាន់ទទួលបានប្រាក់ដែល លោក ផៃ ស៊ីផាន បានជំពាក់នៅឡើយទេ។ លោកថា ថវិកាដែល លោក ផៃ ស៊ីផាន ខ្ចី គឺសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន មិនមែនសម្រាប់ឃោសនានយោបាយ៖ «ពូគ្រាន់តែប្រាប់ក្មួយថា ពូមិនទាន់បានទទួលប្រាក់ពីគេទេ»។
លោក ផៃ ស៊ីផាន ដែលកាលពីសប្ដាហ៍មុនធ្លាប់រិះគន់ប្រព័ន្ធតុលាការនៅកម្ពុជា ក្រោយពីគូកនលោកម្នាក់ ត្រូវបានតុលាការចាប់ឃុំខ្លួនពាក់ព័ន្ធនឹងករណីឆបោកប្រាក់ ១លានដុល្លារនោះ ស្នើឲ្យ លោក មឿង សុន ប្ដឹងលោកទៅតុលាការ ប្រសិនបើចង់ទារប្រាក់ពីលោក៖ «សំឡេង»។
កាលពីសប្ដាហ៍មុន លោក ផៃ ស៊ីផាន ត្រូវបានដើមបណ្ដឹងម្នាក់ចោទប្រកាន់ថា បានលូកដៃចូលប្រព័ន្ធតុលាការ និងក្រសួងមហាផ្ទៃ រារាំងមិនឲ្យសមត្ថកិច្ចស៊ើបអង្កេត និងឃាត់ខ្លួនគូកនលោកម្នាក់ឈ្មោះ លោក សាន រីច្ឆឺ ដែលជាប់ពាក់ព័ន្ធពីបទឆបោកប្រាក់ ១លានដុល្លារ។ លោក ផៃ ស៊ីផាន បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែទទួលស្គាល់ថា លោកពិតជាបានជួយជ្រោមជ្រែងករណី លោក សាន រីច្ឆឺ ដើម្បីធានាថា លោកពិតជាទទួលបានយុត្តិធម៌៕ប្រភព ៖ rfa
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៤។