ក្នុងឱកាសជួបសន្ទនាគ្នារវាងលោកប៉េត្រូ ប៉ូរ៉ូឆិនកូ ប្រធានាធិបតីអ៊ុយក្រែន និងលោកបារ៉ាក់ អូបាម៉ា នៅសេតវិមាន ក្រុងវ៉ាស៊ីនតោន លោកអូបាម៉ា បានថ្លែងសរសើរដល់វីរៈភាព របស់លោកប្រធានាធិបតីអ៊ុយក្រែន ដែលមានសេចក្តីក្លាហាន ដឹកនាំប្រទេសឆ្លងកាត់វិបត្តិនយោបាយ និងសង្គ្រាម និងជាពិសេស ចំពោះមុខការឈ្លានពានពីសំណាក់នយោបាយវាទទីរបស់រុស្ស៊ី។ ដោយបានសន្យាផ្តល់ជំនួយជាទឹកប្រាក់ ដើម្បីឲ្យអ៊ុយក្រែន ពង្រឹងវិស័យយោធា អាមេរិកបានបដិសេធ មិនផ្តល់ជាគ្រឿងសព្វាវុធដល់អ៊ុយក្រែនទេ។
នេះជាលើកទីមួយហើយ ដែលលោកប៉េត្រួ ប៉ូរ៉ូឆិនកូ បានទៅដល់សេតវិមាន នៅទីក្រុងវ៉ាស៊ីនតោន ក្នុងនាមជាប្រធានាធិបតីអ៊ុយក្រែន ដើម្បីជួបសន្ទនាដោយផ្ទាល់ ជាមួយលោកបារ៉ាក់អូបាម៉ា និងថ្លែងការណ៍នៅចំពោះមុខសភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក។ ស្ថិតក្នុងបរិបទវិបត្តិដ៏ធ្ងន់ធ្ងរនៅអ៊ុយក្រែន និងដែលមានការលូកដៃឈ្លានពានពីសំណាក់រុស្ស៊ី លោកប្រធានាធិបតីអ៊ុយក្រែន បានកាច់ចង្កូតប្រទេស ទៅអែបជាប់ជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីទទួលបាននូវការការពារ និងគាំទ្រ ទប់ទល់ជាមួយចង្កូមរបស់រុស្ស៊ី។
លោកបារ៉ាក់ អូបាម៉ា បានថ្លែងសរសើរអំពីវីរៈភាព និងសេចក្តីក្លាហានក្នុងការសម្រេចចិត្ត របស់លោកប៉ូរ៉ូឆិនកូ ដែលបានជ្រើសរើសយកលោកសេរី ក្នុងការអភិវឌ្ឍន៍ជោគវាសនាអណាគតរបស់អ៊ុយក្រែន។ មួយវិញទៀត លោកអូបាម៉ា បានថ្លែងសរសើរ និងគាំទ្រ លើភាពមោះមុតរបស់លោកប៉ូរ៉ូឆិនកូ ដែលបានដាក់ស្នើនូវគម្រោងការសន្តិភាព ដោយក្នុងនោះ លោកបានសន្យាផ្តល់ស្វ័យភាពមួយចំនួនដល់ដែនដីភាគខាងកើតអ៊ុយក្រែន និងបានសន្យា ថានឹងមិនចាប់ទោសអូសដំណើរដល់ពួកឧទ្ទាម។
លោកបារ៉ាក់ អូបាម៉ា បានព្រមព្រៀងប្រគល់ទឹកប្រាក់ចំនួន៤៦លានដុល្លារ ដើម្បីឲ្យអ៊ុយក្រែនយកទៅពង្រឹងវិស័យការពារជាតិ។ ទោះបីជាយ៉ាងណា អាមេរិក បានបដិសេធមិនប្រគល់អាវុធដល់ទាហានរដ្ឋាភិបាលអ៊ុយក្រែនទេ។ រឿងមួយទៀតនោះ គឺលោកប៉ូរ៉ូឆិនកូ ចង់បានការគាំទ្ររបស់អាមេរិក ក្នុងការប្រគល់ឲ្យនូវអភ័យឯកសិទ្ធិពិសេស របស់អង្គការអូតង់ មកឲ្យអ៊ុយក្រែន។ ទាក់ទងនឹងបញ្ហានេះ លោកអូបាម៉ា បានបដិសេធ ដោយលោកយល់ឃើញថា អភ័យឯកសិទ្ធិនោះ វានឹងមិនបានជួយអ្វីអ៊ុយក្រែន ឲ្យលើសពីនេះទេ។
សូមរំលឹកផងដែរថា វិបត្តិនៅអ៊ុយក្រែន បានធ្វើឲ្យរងើកភ្លើងសង្គ្រាមត្រជាក់រវាងលោកខាងលិច និងរុស្ស៊ីឆាបឆេះឡើងញ។ រុស្ស៊ីដែលបានគាំទ្រពួកឧទ្ទាម ហើយបានបញ្ជូនទាហានជាច្រើនពាន់នាក់ ចូលដីអ៊ុយក្រែន ត្រូវបានលោកខាងលិចថ្កោលទោស និងដាក់ចេញជាបន្តបន្ទាប់នូវទណ្ឌកម្មសេដ្ឋកិច្ច។ ទោះបីជាយ៉ាងណា ប្រធានាធិបតីរុស្ស៊ី លោកពូទីន ហាក់ធ្វើហី មិនខ្វល់នូវការចោទប្រកាន់ និងទណ្ឌកម្មអ្វីទាំងអស់ ព្រមទាំងបាន ចោទអឺរ៉ុបថាបានធ្វើផ្ទុយពីច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី។ លោកពូទីនដែលនិយាយមិនទៀង ម្តងក្តៅម្តងត្រជាក់ បានថ្លែងគាំទ្រគម្រោងការសន្តិភាពស្នើដោយលោកប៉ូរ៉ូឆិនកូ ប៉ុន្តែទន្ទឹមនឹងនេះ រុស្ស៊ីបានបញ្ជូនទ័ព៤០០០នាក់បន្ថែមទៀត ឲ្យចល័តនៅតាមព្រំដែនក្នុងតំបន់គ្រីម៉េ៕ ប្រភព ៖ rfi
លោកប៉េត្រូ ប៉ូរ៉ូឆិនកូ ធ្វើសន្ទរកថា ថ្កោលទោសរុស្ស៊ីដែលបានឈ្លានពានអ៊ុយក្រែន លេបត្របាក់យកតំបន់គ្រីម៉េ នោះចំពោះមុខសភាជាន់ខ្ពស់អាមេរិក កាលពីថ្ងៃ ១៨ កញ្ញា ២០១៤