សម្តេច ហ៊ុន សែន បញ្ជាឱ្យបិទកាសីណូទាំងអស់ និងផ្អាកនាំចេញអង្ករ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2020 ក+ ក-

ភ្នំពេញ ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំសភានាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាមិនឲ្យមានការនាំចេញអង្ករស និងស្រូវ ទៅក្រៅប្រទេសលើកលែងតែអង្ករក្រអូប ប៉ុណ្ណោះ ដែលនៅបន្តអនុញ្ញាតឲ្យមានការនាំចេញ ដោយអះអាងថា ដើម្បីត្រៀមស្បៀងទុកនៅក្នុងស្រុកឱ្យបានកាន់តែច្រើន។

សម្តេចបន្តថា វិធានការនេះ នឹងចូលជាធរមាននៅវេលាយប់ម៉ោង ២៣ និង៥៩នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ខាងមុខ។ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល នឹងបញ្ចេញថវិកាបន្ថែម ដើម្បីផ្ដល់ជូនដល់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ដើម្បីប្រមូលទិញស្រូវពីកសិករ។

ក្នុងសន្និសីទនេះដែរ សម្ដេចតេជោ បានបញ្ជាឲ្យបិទកាស៊ីណូទាំងអស់នៅទូទាំងកម្ពុជា នៅថ្ងៃទី១ ខែមេសា នេះ ដោយអះអាងថា ជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស កូវីដ ១៩៕