ភ្នំពេញ៖លោក កែវ មុនី ចៅក្រមជំនុំជម្រះបានអះអាងថា តុលាការពុំបានរកឃើញមានពិរុទ្ធភាពចំពោះលោក ហេង ឈាង និង ភរិយាលោកស្រី ទេព កុលាប ដូចការចោទប្រកាន់របស់លោក កុក អាននោះឡើយ ដូច្នេះតុលាការសម្រេចឲ្យឈ្មោះ ហេង ឈាង និង ឈ្មោះទេព កុលាប បានរួចផុតពីការចោទប្រកាន់ក្នុងសំណុំរឿងរដ្ឋប្បវេណីនេះ។
គួរជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្របានបើកសវនាការប្រកាសសាលក្រមកំបាំងមុខសម្រេចលើកចោលការប្តឹងចោទប្រកាន់របស់លោក កុក អាន ព្រឹទ្ធសមាជិកគណបក្សប្រជាជនដែលជាប្រធានក្រុមហ៊ុនអានកូប្រា ឌ័រ ដែលបានប្តឹងលោក ហេង ឈាង អតីតអនុប្រធានរបស់លោក និងភរិយា លោកស្រី ទេព កុលាប ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ទាមទារជំងឺចិត្ត ១លានដុល្លារ ទាក់ទងទៅនឹងការនិយាយជាសាធារណៈ ហើយត្រូវបានកាសែតមួយចំនួនដកស្រង់យកទៅចុះផ្សាយ។
លោក កែវ មុនី ចៅក្រមជំនុំជម្រះ បានថ្លែងនៅក្នុងពេលបើកសវនាការថា តុលាការទុករយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃប្រកាសសាលក្រមនេះទៅឲ្យដើមចោទប្តឹងឧទ្ធរណ៍ ប្រសិនបើមិនសុខចិត្តនឹងការសម្រេចក្ដីនេះ។
កន្លងមកលោក កុក អាន បានប្តឹងលោក ហេង ឈាង ដែលជាអតីតអនុប្រធានក្រុមហ៊ុនអានកូប្រាឌ័រ និងភរិយា លោកស្រី ទេព កុលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ» ចំពោះការថ្លែងរបស់លោក ហេង ឈាង ដែលបានចោទប្រកាន់លោក កុក អាន ថាបានឃុបឃិតគ្នាជាមួយចៅក្រមមួលបង្កាច់រូបលោកពាក់ព័ន្ធទៅនឹងការចោទប្រកាន់រឿងកិបកេងប្រាក់របស់ក្រុមហ៊ុន៕ សមិទ្ធ
លោក កុក អាន ព្រឹទ្ធសមាជិកនិងជាប្រធានក្រុមហ៊ុនអានកូប្រាឌ័រ