ភ្នំពេញ ៖ នៅពេលកូវីដ ១៩ បានរាលដាលនៅក្នុងប្រទេសកម្ពុជា ធ្វើអោយសកម្មភាពសេដ្ឋកិច្ចនិងការផលិតមួយចំនួនបានរាំងស្ទះក៏ប៉ុន្តែសម្រាប់ខ្សែចង្វាក់ផលិតកម្មអាហារនៅកម្ពុជាវិញ បែរជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋនិងមានការកើនឡើងទៅវិញ ។
បើតាមលោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យមនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ផលប៉ះពាល់ទៅលើវិស័យសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ក្នុងអំឡុងពេលកូវីដ ១៩នេះ ឃើញថា សម្រាប់ឧស្សាហកម្មផលិតអាហារ មិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរទេ ព្រោះតែក្នុងពេលកូវីដ១៩ចាប់ផ្ដើមវាយលុក ពលរដ្ឋកម្ពុជាជាច្រើនបាននាំគ្នាទិញអាហាររក្សាទុកក្នុងផ្ទះ ហើយការនាំចូលពីខាងក្រៅក៏បានកាត់បន្ថយច្រើន ដូច្នេះហើយទើបតម្រូវការក្នុងស្រុកកាន់តែច្រើន ធ្វើអោយអ្នកផលិតអាហារក្នុងស្រុកបានបន្ថែមការផលិតបន្ថែមទៀតដើម្បី បំពេញតម្រូវការ ។
លោកបន្តថា កាលពីកូវីដ១៩ ផ្ទុះឡើងនៅកម្ពុជា ក្នុងអំឡុងខែមីនា ឆ្នាំ ២០២០នេះឃើញថាពលរដ្ឋជាច្រើនបានសម្រុកទិញ អាហារណាដែលអាចរក្សាទុកបានយូរ ហើយពេលនេះអ្នកផលិតបានជំរុញការផលិតបន្ថែម ដើម្បីបង្គ្រប់ ក៏ប៉ុន្តែនៅពេលដែលកូវីដ ១៩ មានស្ថានភាពធូរស្រាលបន្តិចវិញការលក់ផលិតផលអាហារបែរជាថយចុះទៅវិញ ។ វាអាចដោយសារតែពលរដ្ឋហ៊ានចេញពីផ្ទះនិងរកអាហារខាងក្រៅ បរិភោគ ខុសពីពេលដែលកូវីដ១៩កំពុងក្ដៅ ពួកគាត់សំងំនៅក្នុងផ្ទះ ។
ដោយឡែកលោកឧកញ៉ាតែ តាំងប៉រ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ក៏បានមានប្រសាសន៍ថា នៅក្នុងពិភពលោកជួបប្រទះនឹងជំងឺកូវីដ ១៩ ការនាំចូលពីក្រៅមកកាន់កម្ពុជាឃើញថា មានការថយចុះច្រើន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ។ ការថយចុះនៃការនាំចូលទំនិញពីខាងក្រៅគឺជាឱកាសសម្រាប់អ្នកផលិតក្នុងស្រុក ក្នុងការបង្កើនការផលិតនិងរកទីផ្សារសម្រាប់ផលិតផលរបស់ខ្លួនផងដែរ ជាក់ស្ដែងកាលពីមុន គ្រាន់តែផលិតផលមីមួយមុខកម្ពុជាបាននាំចូលពីខាងក្រៅ ប្រមាណជាង១០០លានដុល្លារអាមេរិក តែនៅពេលដែលមានរឹតបន្តឹងច្រកព្រំដែន ឃើញថាឧស្សាហកម្មផលិតមីក្នុងប្រទេសកម្ពុជា ក៏ចាប់ផ្ដើមពង្រឹងខ្លួន និងមានទីផ្សារកាន់តែធំ ពីប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ។ ហើយនៅពេលដែលមានការរឹតបន្តឹងច្រកព្រំដែននិងកាត់បន្ថយការនាំចូលមីពីខាងក្រៅក៏ឃើញថាកម្ពុជា នៅតែមានមីបរិភោគ ហើយមីដែលផលិតក្នុងស្រុកក៏ទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជាផងដែរ ៕