កំពង់ចាម៖ យុវនិស្សិតពេទ្យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្នុងផ្ទះសំណាក់រួមនិងវត្ថុតាងជាថ្នាំញៀន១០កញ្ចប់ និងសម្ភារៈមួយចំនួនទៀតកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤នេះ។
សមត្ថកិច្ចដែលចុះបង្ក្រាបបាននិយាយថា ជនសង្ស័យបានឃាត់ខ្លួននៅផ្ទះសំណាក់យីហោ អាតសុខ សួស្តី ស្ថិតនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយដកហូតវត្ថុតាងមានដូចជាៈ ម្សៅក្រាម ពណ៌សចំនួន១០កញ្ចប់តូច និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
ប្រភពដដែលបន្តថា ជនសង្សយ័ ឈ្មោះ ផន ឃ្លីត ហៅ ព្រាប បូរី ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិតាសែន ឃុំស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជានិស្សិតពេទ្យឆ្នាំទី៥ សកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល។
មជ្ឈដ្ឋានមួយចំនួនដែលបានដឹងរឿងនេះបានសម្តែងការសោកស្តាយយ៉ាងក្រៃលែងចំពោះអនាគត យុវនិស្សិតរូបនេះ ព្រោះនៅសល់តែ២ឆ្នាំទៀតប៉ុណ្ណោះគេនឹងបញ្ចប់ការសិក្សាជំនាញគ្រូពេទ្យហើយ តែឥឡូវត្រូវជាប់ពិរុទ្ធដែលមិនដឹងថាត្រូវជាប់ឃុំប៉ុន្មានឆ្នាំនោះទេ៕ ដោយៈរដ្ឋា