ភ្នំពេញ៖ជាថ្មីម្តងទៀត ក្រសួងសុខាភិបាលបានបញ្ជាឲ្យប្រធានលេខា ធិការដ្ឋាននៅតាមរាជធានីខេត្តទាំងអស់ត្រូវចាត់វិធានការច្បាប់ដោយសហការជាមួយនគរបាលយុត្តិធម៌ក្នុងការកសាងសំណុំរឿងបញ្ជូនទៅតុលាការចំពោះកន្លែងលក់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុស ច្បាប់។
លិខិតដែលចុះហត្ថលេខានៅថ្ងៃទី៤ ខែកញ្ញា ដោយលោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា កន្លងមកមន្ទីរសុខាភិបាលរាជធានី ខេត្ត បានសហការជា មួយអាជ្ញាធរមូលដ្ឋានក្នុងការចាត់វិធានការលុបបំបាត់កន្លែងលក់ឱសថ និងសេវាសុខាភិបាលគ្មានច្បាប់បានយ៉ាងល្អប្រសើរ។ លិខិតបានយោង តាមរបាយការណ៍សកម្មភាពរបស់គណៈកម្មការលុបបំបាត់ឱសថក្លែង ក្លាយ និងសេវាសុខាភិបាលខុសច្បាប់ឆមាសទី១ ឆ្នាំ២០១៥ កន្លែងលក់ឱសថ និងសេវាសុខាភិបាលគ្មានច្បាប់នៅតែមានសេសសល់មួយចំនួន ទៀត “ ធ្វើឲ្យប៉ះពាល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ” ។
តាមខ្លឹមសារនៃលិខិតនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យប្រធានលេខាធិការដ្ឋានរាជធានី ខេត្តទាំងអស់ ចាត់វិធានការកសាងសំណុំរឿងតាមរយៈមន្ត្រីនគរបាលយុត្តិធម៌ក្នុងដែនសមត្ថកិច្ចដោយបញ្ជូនឈ្មោះកន្លែងលក់ឱសថ និងសេវាសុខាភិបាលគ្មានច្បាប់ទាំងអស់ទៅតុលាការ។ រដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ផងដែរថា បើប្រធានលេខាធិការ ដ្ឋានមិនអនុវត្តតាមការណែនាំនេះ “យើងនឹងមានបញ្ហាប្រឈមដ៏ច្រើនចំពោះសុខភាពសាធារណៈ ដែលយើងត្រូវចៀសវាងឲ្យបាន រួមទាំងការ មិនយកចិត្តទុកដាក់អនុវត្តច្បាប់ឲ្យបានពេញលេញត្រឹមត្រូវ”។
សូមរំលឹកថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៥ ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ បានប្រកាសសហការគ្នាក្នុងការគ្រប់គ្រងគុណភាពសេវា កម្ម និងចាត់វិធានការទប់ស្កាត់ការធ្វើចរាចរណ៍ផលិតផលសុខាភិបាល និងសេវាសុខាភិបាលឯកជនខុសច្បាប់នៅកម្ពុជា ដើម្បីលើកកម្ពស់សុខុ មាលភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។
វិធានការទប់ស្កាត់របស់ក្រសួងសុខាភិបាលក្នុងការធ្វើចរាចរណ៍ផលិត ផលសុខាភិបាលខុសច្បាប់ និងសេវាសុខាភិបាលឯកជនខុសច្បាប់ជាបន្តបន្ទាប់នេះ បានធ្វើឡើងក្រោយពីមានការផ្ទុះការឆ្លងមេរោគអេដស៍កាលពីខែធ្នូ ឆ្នាំ២០១៤ កន្លងមក ដល់ប្រជាពលរដ្ឋប្រមាណ២៥០នាក់នៅខេត្ដបាត់ដំបង ដោយគ្រូពេទ្យភូមិម្នាក់ ឈ្មោះ យ៉ែម ជ្រិន ៕ដោយ៖ខេមរា