ភ្នំពេញ៖នារសៀលថ្ងៃទី២៦កញ្ញានេះ នៅក្រសួងមហាផ្ទៃតំណាងរាជ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសអូស្ត្រាលីបានចុះហត្ថ លេខាលើអនុសារណៈយោគយល់គ្នាជាលក្ខណៈទ្វេភាគីដែលផ្តល់ការគាំទ្រ និងអនុញ្ញាតឲ្យជនភៀសខ្លួនមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Scott Morrison រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែនអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
តាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អនុសារណៈរវាងកម្ពុជា និងអូស្ត្រាលីនេះ នឹងអនុញ្ញាតឲ្យមានការទទួលជនភៀសខ្លួនពីអូស្ត្រាលី ឲ្យមករស់នៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើគោលការណ៍ នៃការស្ម័គ្រចិត្តរបស់ជនភៀសខ្លួន និងស្របតាមអនុសញ្ញាស្តីពីជនភៀសខ្លួន។
ប្រភពបន្តថា ចំនួនជនភៀសខ្លួននិងពេលវេលានៃការតាំងទីលំនៅជនភៀសខ្លួន នឹងត្រូវកំណត់ដោយកម្ពុជា ហើយក៏មិនមែនទទួលជនភៀសខ្លួនទាំង ១.០០០ នាក់នោះឲ្យមករស់នៅកម្ពុជានោះទេ។
ក្នុងពិធីនេះ រដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី មិនបានឆ្លើយតបអ្វីមួយម៉ាត់សោះ ទៅកាន់ក្រុមអ្នកកាសែតជាតិ និងអន្តរជាតិជាច្រើននាក់ដែលបានរង់ចាំ និងស្រែកសួរនៅទីស្តីការក្រសួងមហាផ្ទៃបន្ទាប់ពីពិធីនេះបានបញ្ចប់។
ទោះបីជាបែបនេះក្តី ក៏ក្រោយពីមានការផ្សព្វផ្សាយករណីទទួលយកជនភៀសខ្លួនពីប្រទេសអូស្រា្តលីមករស់នៅកម្ពុជានេះ គេឃើញមានប្រតិកម្មជាច្រើនពីសង្គមស៊ីវិល និងប្រជាពលរដ្ឋ៕ រដ្ឋា
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋមន្ត្រីកម្ពុជានិងអូស្ត្រាលីកាលពីរសៀលថ្ងៃទី២៦កញ្ញា នៅក្រសួងមហាផ្ទៃ