រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរ ជាង៦ម៉ឺននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2024 ក+ ក-

របាយការណ៍មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានបង្ហាញថា ក្នុងអំឡុងនៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០១ដល់ទី០៣ ខែតុលា ឆ្នាំ២០២៤ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន៦ម៉ឺន៥ពាន់២៥នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិ៦ម៉ឺន៤ពាន់៩៧៦នាក់ និងភ្ញៀវទេសចរអន្តរជាតិ៤៩នាក់។


ក្នុងរបាយការណ៍បានបញ្ជាក់បន្ថែមថា នាឱកាសបុណ្យភ្ជុំបិណ្ឌថ្ងៃទី០៣ ខែតុលា ម្សិលមិញ សម្រាប់រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ក្នុងខេត្តពោធិ៍សាត់ ទាំង២៨កន្លែង ភ្ញៀវទេសចរមានចំនួន២ម៉ឺន៣ពាន់២១២នាក់ ក្នុងនោះមានទេសចរជាតិមានចំនួន២ម៉ឺន៣ពាន់១៩៥នាក់ និងទេសចរអន្តរជាតិចំនួន១៧នាក់។


បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា នៃពិធីបុណ្យភ្ជុំ ឆ្នាំ២០២៣ ភ្ញៀវទេសចរមានការកើនឡើង ០,៨៥% (ឆ្នាំមុនមានចំនួន៦ម៉ឺន៤ពាន់៤៧១នាក់)។


ប្រភពបានបន្ថែមទៀតថា ក្រុមការងារមន្ទីរបានចុះសហការ និងធ្វើការទំនាក់ទំនងជាមួយមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍ទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផល រក្សាតម្លៃផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងថែរក្សាអនាម័យ សុវត្ថិភាព ចំណីអាហារ និងបរិស្ថាន។ ជាមួយគ្នានោះរាល់តម្លៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវបានដាក់បញ្ជាក់ច្បាស់ៗក្នុងតារាងបញ្ជីតម្លៃ និងបានដាក់ភាសាខ្មែរនៅខាងលើ និងភាសាបរទេសនៅខាងក្រោម។


ចំពោះសភាពការណ៍ទូទៅ តាមរមណីយដ្ឋាន សហគមន៍ និងគោលដៅ ទេស ចរណ៍នានាក្នុងខេត្ត បានប្រព្រឹត្តទៅជាធម្មតាដោយពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះទេ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/bcLlPPnfqxA