ភ្នំពេញ៖ប៉ូលិសអាំងទែប៉ូល(Interpol)របស់សហរដ្ឋអាមេរិក បាននិងកំពុងតែស្វែងរកចាប់ខ្លួនអ្នកដែល បង្ហោះរូបភាពនានានៅលើគេហទំព័រទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ដោយបានគំរាមសម្លាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ ថា ប៉ូលិសអន្តរជាតិ Interpol របស់សហរដ្ឋអាមេរិកបាននិងកំពុងតាមចាប់ខ្លួនជន៣នាក់ ដែលបានសរសេរនៅលើទំព័រទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបានគំរាមសម្លាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាឲ្យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
លោកបន្តថា រហូតមកទល់ពេលប៉ូលិសអន្តរជាតិ បានកំណត់អត្តសញ្ញាណ អ្នកទាំង៣នាក់នោះ រួចរាល់អស់ហើយៗក៏ដឹងពីទីតាំងកន្លែងរស់នៅរបស់ពួកគេផងដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា «ខ្ញុំអំពាវនាវឲ្យប៉ូលិស អាំងទែប៉ូល ស្វែងរកចាប់ខ្លួនពួកគេមកអនុវត្តទោសចំពោះមុខច្បាប់នៅកម្ពុជា។ បើពួកគាត់គំរាមសម្លាប់ ថ្នាក់ដឹកនាំរបស់អាមេរិក ក៏មិនអាចរស់នៅបានដែរ»។
លោក ខៀវ សុភ័គ បញ្ជាក់ទៀតថា សមត្ថកិច្ចកម្ពុជា ស្វែងរកចាប់ខ្លួនអ្នកទាំងបីដោយសារតែពួកគេគំរាមសម្លាប់ ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា មិនមែនដោយសារការរិះគន់រដ្ឋាភិបាលឡើយ។
គេហទំព័រប៉ូលិសអាំងទែប៉ូលបានផ្សព្វផ្សាយស្វែងរកចាប់ខ្លួននោះ មាន ឈ្មោះម៉ៅ ឃឿន នៅរដ្ឋផេនស៊ីលវែនីញ៉ា (Pennsy lvania) ឈ្មោះ បូណា ប៊ុនផាត់ នៅរដ្ឋវ៉ាស៊ីនតោន (Washington State) និងឈ្មោះ យឿន សំរិទ្ធី នៅរដ្ឋចរចា (Georgia)សហរដ្ឋអាមេរិក។
ដីការបស់ អាំងទែប៉ូល បញ្ជាក់ថា សមត្ថកិច្ចកម្ពុជា ស្វែងរកចាប់ខ្លួនអ្នកទាំងបីដើម្បីកាត់ទោស និងទទួលទោសជាប់ពន្ធនាគារ។ ជនសង្ស័យទាំងបីនាក់នោះ ជាមនុស្សមានប្រជាប្រិយភាពក្នុងប្រព័ន្ធហេ្វសប៊ុក (Facebook) និង យូធូប (Youtube) ហើយធ្លាប់រិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់អាចរកដំណោះស្រាយនយោបាយបាន៕ រដ្ឋា