ភ្នំពេញ៖ចៅក្រមស៊ើបអង្កេតបានចុះហត្ថលេ ខាលើដីកាសម្រេចឃុំខ្លួនលោក ហ៊ី ណារិន អតីតអធិការនគរបាលខណ្ឌមានជ័យជាបណ្ដោះ អាសន្ននៅពន្ធនាគារព្រៃសពីបទវីតិក្រម និងបទការកេងយកផល ប្រយោជន៍ដោយខុសច្បាប់។
ប្រភពព័ត៌មានក្រៅរបងតុលាការក្រុងភ្នំពេញបានឲ្យដឹងថា ចៅក្រមស៊ើបអង្កេតតុលាការទីក្រុងភ្នំពេញលោក យូ ប៊ុណ្ណា កាលពីវេលាម៉ោង១១ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ បានសម្រេចចេញដីកាឃុំខ្លួនលោកហ៊ី ណារិន បណ្តោះអាសន្នហើយត្រូវបានដាក់ខ្នោះដៃរួចបញ្ជូនឡើងរថយន្ដយកទៅកាន់ពន្ធនាគារព្រៃស។
ប្រពភព័ត៌មានបានឲ្យដឹងទៀតថា ព្រះរាជអាជ្ញាអមតុលាការ បានសម្រេចចោទប្រកាន់លោក ហ៊ី ណារិន ចំនួន២បទល្មើស ទី១-ចោទពីបទវីតិក្រមតាមមាត្រា៥៩២ មាត្រា៥៩៣នៃក្រមព្រហ្មទណ្ឌនិងបទល្មើស និងទី២-ចោទពីបទការកេងយកផលប្រយោជន៍ដោយខុសច្បាប់តាមមាត្រា៥៩៧ និងមាត្រា៥៩៨នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថាការចាប់ឃុំខ្លួនលោកហ៊ី ណារិន បានធ្វើឡើងក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ បាននស្រាវជ្រាវរកឃើញការប្រព្រឹត្ដបទល្មើសចំនួន៨ករណីក្នុងពេលដែល លោកហ៊ី ណារិន បំពេញភារកិច្ចជាអធិការនគរបាលខណ្ឌមានជ័យនិងមានព្យសនកម្មគិតជា ទឹកប្រាក់ប្រមាណជា ២.៧១២.២៣៦.០០០រៀលដែលជាសាច់ប្រាក់បានមកពីការកិបកេងគ្រប់រូបភាព ក្នុងខណៈជាប្រធានអង្គភាពនគរបាលខណ្ឌមានជ័យជាធ្វើប្រយោជន៍ផ្ទាល់ខ្លួន។
តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយចុះថ្ងៃទី០១តុលា ស្តីពីការឃាត់ខ្លួនឈ្មោះ ហ៊ី ណារិន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា អ ប ព បានទទួលពាក្យប្តឹងចំពោះលោក ហ៊ី ណារិន ចំនួន៥លើក ហើយអង្គភាពបានសុំឱ្យលោក ហ៊ី ណារិន ធ្វើការបំភ្លឺ និងស្នើឱ្យមានការកែលម្អចំនួន២លើករួចមកហើយ ប៉ុន្តែលោក ហ៊ី ណារិន ហាក់ព្រងើយកន្តើយដោយនៅតែបន្តប្រព្រឹត្តអំពើខុសច្បាប់ដដែល ។
សេចក្តីប្រកាសព័ត៌មានដដែលក៏បានឱ្យដឹងទៀតថា បន្ទាប់ពីបានស៊ើបអង្កេតអស់រយៈពេល៨ខែ និងបានជួបប្រមូលព័ត៌មានពីមន្ត្រីនគរបាលដែលបម្រើការងារនៅក្នុងអធិការដ្ឋានខណ្ឌមានជ័យចំនួន៤១រូប និងការប្រមូលព័ត៌មានពីប្រភពនានាជាច្រើនផ្សេងទៀត អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនឈ្មោះ ហ៊ី ណារិន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កាលពីថ្ងៃទី៣០កញ្ញា ដោយសារបុគ្គលនេះបានប្រព្រឹត្តល្មើស៖ ១-បើកយកប្រាក់ខែរបស់មន្ត្រី នគរបាលដែលអវត្តមានពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៤ និងមន្ត្រីនគរបាលដែលអសកម្មពីឆ្នាំ២០០៦ដល់ឆ្នាំ២០០៩។ ២-តម្រូវ ឱ្យប្រជាពលរដ្ឋបង់លុយក្នុងការធ្វើសៀវភៅស្នាក់នៅ (ក២) មួយក្បាលតម្លៃ៥០.០០០រៀល សៀវភៅគ្រួសារមួយក្បាលតម្លៃ៥០.០០០រៀល និងចុះឈ្មោះសមាជិកថ្មីចំនួន២០.០០០រៀលក្នុងម្នាក់។ ៣-តម្រូវឱ្យ មន្ត្រីក្រោមឱវាទទិញអាវចំណាំងផ្លាត និងស្រោមកាំភ្លើងវែង។ ៤-កេងយកប្រាក់ឧបត្ថម្ភកម្លាំងហ្វឹកហាត់ ការពារបាតុកម្ម។ ៥-តម្រូវឱ្យមេល្បែងស៊ីសង ម្ចាស់អាជីវកម្ម រោងចក្រ និងមន្ត្រីមួយចំនួន បង់ប្រាក់ជារៀងរាល់ខែ។ ៦-ទាមទារលុយពីម្ចាស់ម៉ូតូដែលចាប់ទុក ដោយសារគ្មានពន្ធ និងការលក់ម៉ូតូដែលម្ចាស់មិនដោះស្រាយ។ ៧-ការប្រមូលលុយផាកពិន័យ លើសកំណត់ពីម្ចាស់ម៉ូតូដែលធ្វើចរាចរណ៍គ្មានស្លាកលេខ កញ្ចក់ និងមួក។ ៨-តម្រូវឱ្យបង់លុយពីការដោះស្រាយវិវាទគ្រោះថ្នាក់ចរាចរណ៍ ចំនួន១០%នៃថ្លៃសំណ។
គួរបញ្ជាក់ថាបើសិនតុលាការរកឃើញភស្តុតាងដែលបានប្រព្រឹត្ដបទល្មើសវីតិក្រម និងបទការកេងយកផលប្រយោជន៍ដោយខុសច្បាប់មែននោះលោកហ៊ី ណារិន នឹងត្រូវប្រឈមមុខការជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ៕ ជំនិត