ភ្នំពេញ៖សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ៩ ខែសីហាឆ្នាំ២០១៤នេះ បានឃាត់ខ្លួនមនុស្សចំនួន ៩នាក់ដែលជាវេជ្ជបណ្ឌិតនិងបុគ្គលិកនៅមន្ទីរពេទ្យព្រះធ្វើកេតុមាលា ហៅពេទ្យធំក្នុងនោះមានឧត្តមសេនីយ៍២រូប។
ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានលោកឧត្តមសេនីយ៍ឯកផ្កាយ៣ លី សុវណ្ណជាប្រធានមន្ទីរពេទ្យ លោកផ្កាយ២ កែវ ដារ៉ាវុធ ជាអនុប្រធានមន្ទីរពេទ្យនិងវេជ្ជបណ្ឌិតចិន វៀតណាម ខ្មែរ៥នាក់រួមនិងមនុស្ស២ផ្សេងទៀតពាក់ព័ន្ធទៅនឹងការវះកាត់ដោះដូរក្រលៀនមនុស្សដែលច្បាប់នៅប្រទេសកម្ពុជាមិនអនុញ្ញាត។
ប្រភពបន្តថា សមត្ថកិច្ចមិនអាចបង្ហើបព័ត៌មានពិស្តាឱ្យដឹងនៅឡើយទេប៉ុន្តែបានអះអាងថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ហើយព័ត៌មានលម្អិតនឹងបញ្ជាក់នៅពេលក្រោយ។
តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថាក្នុងមួយថ្ងៃគេអាចវះកាត់ដោះដូរបានចំនួន ៧គូហើយថ្លៃដូរក្រលៀនមួយចំហៀងតម្លៃ ១៥.០០០ដុល្លារ។បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានឱ្យដឹងថាការវះកាត់ដោះដូរក្រលៀនលក់នេះមានចំនួន ១២គូក៏ប៉ុន្តែប្រភពមួយផ្សេងទៀតបានបញ្ជាក់ថា មិនមែនមានត្រឹមតែ១២គូនោះទេព្រោះបើតាមព័ត៌មានពីការវះកាត់ជួញដូរក្រលៀនដោយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យធំគេបានលិចឮជាងពីរឆ្នាំកន្លងមកហើយ៕ ជំនិត