ភ្នំពេញ៖ សហគមន៍ខ្មែរកម្ពុជា និងសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិប តេយ្យ កាលពីព្រឹកថ្ងៃទី៤ ខែតុលានេះ បានដឹកនាំប្រជាពលរដ្ឋ និងព្រះសង្ឃជួបជុំគ្នានៅក្បែរស្ថានទូតវៀតណាមប្រចាំកម្ពុជាដើម្បីទាម ទារ ឱ្យរដ្ឋាភិបាលវៀតណាម ទទួលស្គាល់ការពិតប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម និងសុំទោស ជាសាធារណៈខណៈសាលារាជធានីភ្នំពេញមិនមានការអនុញ្ញាតនោះឡើយ។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា សហ គមន៍ខ្មែរកម្ពុជាក្រោមធ្វើនេះ គឺបានបំពានទៅនឹងកិច្ចព្រមព្រៀងកំណត់ហេតុរួមរបស់សាលារាជធានី ភ្នំពេញហើយគាត់នឹងប្រឈមមុខចំពោះមុខច្បាប់។ លោកថា សាលារាជធានីភ្នំពេញកំពុងពិនិត្យមើលតើទង្វើរបស់សហគមន៍ខ្មែរកម្ពុជាក្រោមជ្រុលកម្រិតណា។
គួររំលឹកថា សាលារាជធានីភ្នំពេញ និងសហគមន៍ខ្មែរកម្ពុជាក្រោម បានប្រជុំជាមួយគ្នាកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ កន្លងមកនេះ អំពីការធ្វើបាតុកម្មរបស់សហគមន៍ខ្មែរកម្ពុជាក្រោម ហើយសាលារាជធានីភ្នំពេញបានប្រាប់ថា អ្វីដែលនៅសេសសល់នឹងស្នើសុំទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេច ប៉ុន្តែពួកគាត់នេះមិនបានស្តាប់នូវអ្វីដែលបានជជែកគ្នានោះទេ បែរជាសហគមន៍ខ្មែរកម្ពុជាក្រោមទៅប្រព្រឹត្តការធ្វើបាតុកម្មនៅមុខស្ថានទូត ដោយមិនគោរពចំពោះការប្រជុំនោះទេ។
លោកអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ នឹងកសាងឯកសារ ដែលសហគមន៍ខ្មែរកម្ពុជាក្រោម បានធ្វើល្មើសនឹងបទបញ្ញត្តិ ដើម្បីសុំគោលការណ៍ពីថ្នាក់ដឹកនាំ។
បើទោះបីជាសាលា រាជធានីភ្នំពេញបានអនុញ្ញាតឲ្យធ្វើការជួបជុំសម្តែងមតិនៅទៅលានប្រជាធិបតេយ្យនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ដោយមិនអនុញ្ញាតឲ្យមានការដើរហែរក្បួនងបិតស្ទីកឃ័រ និងចែកខិត្តប័ណ្ណ នៅតាមផ្សារនានាយ៉ាងណាក្តី ក៏សហគមន៍ខ្មែរកម្ពុជា និងសម្ព័ន្ធយុវជនខ្មែរដើម្បីប្រជាធិបតេយ្យចាប់ផ្តើមធ្វើបាតុកម្មតាមការគ្រោងទុកដែលថ្ងៃដំបូងនៃការធ្វើបាតុកម្មគឺថ្ងៃទី៤ នេះក្រុមបាតុករបានឈានដល់ការដុតទង់ជាតិវៀតណាមនៅចំពោះមុខស្ថានទូតវៀតណាមដែលមានទីតាំងនៅក្នុងខណ្ឌចំការមនតាមបណ្តោយមហាព្រះមុនីវង្សតែម្តង៕ រដ្ឋា