ប៉េកាំង៖រដ្ឋាភិបាលក្រុងប៉េកាំងបានកោះហៅមន្ត្រីទូតអាមេរិកប្រចាំទីក្រុងប៉េកាំងមកជួបដើម្បីធ្វើការតវ៉ាជាផ្លូវការចំពោះសេចក្តីសម្រេចលក់អាវុធទៅឲ្យតៃវ៉ាន់។ ចិនបានទាមទារឲ្យអាមេរិកលុបចោលវិញនូវកិច្ចសន្យាលក់គ្រឿងសព្វាវុធ នេះ ដោយបានព្រមានថា នឹងដាក់ទណ្ឌកម្មដល់ក្រុមហ៊ុនណាដែលពាក់ព័ន្ធនឹងកិច្ចសន្យានេះ។
កិច្ចសន្យា លក់គ្រឿងសព្វាវុធ ទៅឲ្យតៃវ៉ាន់ ដែលមានតម្លៃជាទឹកប្រាក់សរុបរហូតដល់ទៅជិត ២ពាន់លានដុល្លារ ហើយក្នុងនោះក៏មាននាវាចម្បាំងដ៏ទំនើបចំនួន ២គ្រឿងផងដែរ ត្រូវបានរដ្ឋាភិបាលអាមេរិកបញ្ជូនទៅសុំភ្លើងខៀវពីសភាកាលពីថ្ងៃពុធ ។ ទោះជាយ៉ាងក៏ដោយគេរំពឹងថា សភានឹងអនុម័តចំពោះគម្រោងលក់គ្រឿងសព្វាវុធនេះ ព្រោះបច្ចុប្បន្ននេះ សភាអាមេរិកស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋ ដែលជាទូទៅគាំទ្រការលក់គ្រឿងសព្វាវុធទៅឲ្យតៃវ៉ាន់ស្រាប់ទៅហើយ។
ក្រោយពីទទួលដំណឹងនេះ ចិនបានបញ្ចេញប្រតិកម្មតបវិញភ្លាមៗ ដោយបានកោះហៅមន្ត្រីទូតអាមេរិកឲ្យទៅជួប ដើម្បីធ្វើការតវ៉ា ហើយបានប្រាប់ទៅរដ្ឋាភិបាលអាមេរិកថា ការលក់គ្រឿងសព្វាវុធទៅឲ្យកោះតៃវ៉ាន់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ លើវិធាននៃទំនាក់ទំនងអន្តរជាតិ និងជាពិសេស គឺជាការបំពានទៅលើអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ចិន៕