ហ្វីលីពីន៖អ្នកនាំពាក្យកងទ័ពហ្វីលីពីនបានប្រកាសកាលពីម្សិលមិញថា កងព័ទរបស់ខ្លួនបានសម្លាប់ពួកឧទ្ទាម Abu Sayyaf ចំនួន ២៦នាក់ និងទាហានរដ្ឋាភិបាលចំនួន ៣នាក់ បន្ទាប់ពីបានបើកប្រតិបត្តិការវាយប្រហារពេញមួយសប្តាហ៍ដើម្បីដណ្តើមកាន់កាប់តំបន់មួយនៅកោះប៉ែកខាងត្បូងដែល គ្រប់គ្រងដោយពួកឧទ្ទាម។
អ្នកនាំពាក្យកងទ័ពលោក Filemon Tan បន្តថា តំបន់ដែលទ័ពរដ្ឋាភិបាលវាយដណ្តើមបាននោះ ជាតំបន់គ្របដណ្តប់ដោយព្រៃប្រឹក្សាលើកោះ Basilan ស្ថិតនៅចម្ងាយជិត ៩០០គីឡូម៉ែត្រប៉ែកខាងត្បូងទីក្រុងម៉ានីល។ ប្រតិបត្តិការសឹករបស់ទ័ពរដ្ឋាភិបាលបានបណ្តេញពួកឧទ្ទាម Abu Sayyaf ឲ្យរត់បែកខ្ញែកគ្នាតែពួកនេះបានបន្សល់ទុកនៅក្នុងបន្ទាយនូវគ្រាប់បែកជាច្រើនគ្រាប់។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ប្រតិបត្តិការគឺតាំងពីថ្ងៃចន្ទ ទី១៤ ធ្នូដែលទាហានរដ្ឋាភិបាលប្រមាណ ៣០០នាក់ ដោយមានជំនួយកាំភ្លើងត្បាល់ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ដោយបានសម្លាប់ពួកឧទ្ទាម ២៦នាក់ និងទ័ពរដ្ឋាភិបាលចំនួន ៣នាក់។ ទោះជាយ៉ាងណាគេមិនបានឃើញសាកសពពួកឧទ្ទាមទេ។
គួរបញ្ជាក់ថា ចលនាឧទ្ទាម Abu Sayyaf បានចាប់កំណើតក្នុងទសវត្សឆ្នាំ៩០ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការភេរវកម្មអាល់កៃដា៕