តួ​ក​គី​៖​រុស្ស៊ី​មិនមែន​កម្ទេច​ក្រុម ISIS នៅស៊ីរីទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 December, 2015 ក+ ក-

​តួ​ក​គី​៖​អ្នកនាំពាក្យ​ប្រធានាធិបតី​តួ​ក​គី លោក Ibrahim Kalin ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្នុង​រដ្ឋធានី Ankara កាលពីម្សិលមិញ​ថា រុស្ស៊ី​មិនមែន​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម ISIS នៅក្នុង​ប្រទេស​ស៊ី​រី​នោះទេ ដោយ​ពួកគេ​បាន​នឹង​កំពុង​គាំទ្រ​របប និង​គាំទ្រ​ដល់​ប្រធានាធិបតី​ស៊ី​រី លោក Bashar al-Assad​។ នេះ​បើតាម​ព័ត៌មាន AFP​។​
​លោក Kalin បាន​បញ្ជាក់ថា ក្រុម IS ត្រូវបាន​គេ​ប្រើប្រាស់​ជាហេតុ​ផល​មួយ ដើម្បី​រក្សា​នូវ​របប​របស់លោក Assad ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា បានសម្លាប់​ជន​ស៊ីវិល​ជាង​៤០០,០០០​នាក់​នៅ​ស៊ី​រី​។​លោក​បាន​លើក​ហេតុផល​ថា ទីតាំង​ដែល​ត្រូវបាន​ផ្តល់ ឲ្យ​ដោយ​របប​លោក Assad ទៅកាន់​រុស្ស៊ី ដើម្បី​វាយប្រហារ​លើ​គោលដៅ​របស់​ក្រុម IS គឺ​មិនមាន​ការជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុម IS នោះទេ​។​
​ដោយឡែក​ប្រធានាធិបតី​តួ​ក​គី លោក Recep Tayyip Erdogan បាន​លើកឡើងថា មាន​ត្រឹមតែ​១០​ភាគរយ​ប៉ុណ្ណោះ នៃ​ការវាយប្រហារ​តាម​ដែន អាកាស​របស់​រុស្ស៊ី បាន​វាយ​ចំ​លើ​គោលដៅ របស់​ក្រុម IS ខណៈ​៩០​ភាគរយ​ទៀត បាន​វាយប្រហារ​លើ​ពួក Turkmens និង​ក្រុម​ឥស្លាម​ដទៃទៀត ដែល​កំពុង​ប្រឆាំងនឹង​របប របស់លោក Assad​។​
​គួរ​បញ្ជាក់ថា រុស្ស៊ី បាន​បើក​ការវាយប្រហារ​តាម​ដែនអាកាស នៅក្នុង​ប្រទេស​ស៊ី​រី ចាប់តាំងពី​ថ្ងៃទី​៣០ ខែកញ្ញា ហើយ​ទំនាក់ទំនង​រវាង​ស៊ី​រី និង​តួ​ក​គី បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ចាប់តាំងពី​ការចាប់ផ្តើម​នៃ​វិបត្តិ​នៅ​ស៊ី​រី ក្នុង​ឆ្នាំ​២០១១៕

ibrahim-kalin