ប្រទះឃើញ​ជើងមនុស្ស​មួយ​កំណាត់​ក្នុង​ធុងសំរាម​មុខ​មន្ទីរពេទ្យ​លោកសង្ឃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 October, 2014 ក+ ក-

ភ្នំពេញ​៖ ជើងមនុស្ស​មួយ​កំណាត់​ត្រឹម​ក​.​ជើង​ចុះក្រោម​ត្រូវគេ​ប្រទះ ឃើញ នៅក្នុង​ធុងសំរាម​ស៊ីន​ទ្រី​នៅមុខ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​មន្ទីរ ពេទ្យ​លោកសង្ឃ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក បង្ក​ឲ្យមាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៤​នេះ​។​

​ប្រធាន​មន្ទីរពេទ្យ​ព្រះកុសុមៈ ដែល​គេ​ស្គាល់​ថា​ឈ្មោះ សេក សុខ​ឃឿន និង​បុគ្គលិក​មន្ទីរពេទ្យ ត្រូវ​គ​រិះគន់​យ៉ាងខ្លាំង ចំពោះ​ប្រការ​ដែល​គ្មាន​ការទទួលខុសត្រូវ ខ្វះ​ក្រមសីលធម៌ និង​គ្មាន​មនុស្សធម៌​ក្នុងឋានៈ​ជា​គ្រូពេទ្យ​សង្គ្រោះ​ជីវិត​មនុស្ស ឡើយ​។

បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​ភ្លាមៗ​នោះគេ​សង្កេតឃើញ​កម្លាំង​នគរបាល​មូលដ្ឋាន​ប៉ុស្ដិ៍​ទឹកល្អក់​ទី​២ ឬ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក និង​គ្រូពេទ្យ​បាន​ចុះទៅពិនិត្យ និង​ស៊ើបសួរ​ទើប​ដឹងថា​ជា​ជើង​របស់​ស្ត្រី​អ្នកជំងឺ​ម្នាក់​ដែល​ត្រូវ​ក្រុមគ្រូពេទ្យ​កាត់ចេញ​ដោយសារ​មាន​ស្នាមដំបៅ​ធ្ងន់ធ្ងរ​ខណៈ​មាន​ជំងឺ​ទឹក នោម​ផ្អែម ហើយ​ព្យាបាល​មិនជា​។​

សាច់ញាតិ​បានបញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ស្ដ្រី​រងគ្រោះ​ឈ្មោះ ឡេង ទូច អាយុ​៧២​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ដ​កណ្ដាល មាន​ជំងឺ​ទឹកនោមផ្អែម ហើយ​កើត​ដំបៅ​នៅ​ជើង​ខាងឆ្វេង​ព្យាបាល​មិនជា​សះស្បើយ​ទេ​ដែល​តម្រូវឱ្យ​ក្រុមគ្រូពេទ្យ​សម្រេច​កាត់ចេញ​ត្រឹម​ក​.​ជើង​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែតុលា កន្លងមកនេះ​។​

ប្រភព​ន​បន្តថា ក្រោយពី​កាត់​ជើង​រួចហើយ​កូន​របស់​ជនរងគ្រោះ​បាន​យក​ជើង​ម្ដាយ​របស់ខ្លួន​ទៅ​ដាក់​ចោល​ក្នុង​ធុងសំរាម​ដោយ​ពុំ​មានការ​រុំ​បិទ​ជិត​នោះទេ ដូច្នេះ​ទើប​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​នៅពេល​ប្រទះឃើញ​ជើងមនុស្ស​ដែលនាំឱ្យ​សង្ស័យថា​ជា​អំពើ​ឃាតកម្ម​។​

​ប្រជាពលរដ្ឋ​បានចាត់ទុក​ថា រឿងនេះ​ជា​កំហុស​របស់​គ្រូពេទ្យ ពិសេស​គឺប្រធាន​មន្ទីរពេទ្យ​ដែល​មិនបាន​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ​ការ​វេច​ខ្ចប់​សំណល់​វេជ្ជសាស្ត្រ​ប្រគល់​ឲ្យ​សាច់ញាតិ​អ្នកជំងឺ​យក​ជើង​ទៅ​បោះចោល​ដោយ​ខ្លួនឯង​ពាសវាល​ពាសកាល​គ្មាន​អនាម័យ​ត្រឹមត្រូវ ។​

​គួរ​ជម្រាប​ថា អង្គភាព​កម្ទេច​កាកសំណល់​វេជ្ជសាស្ត្រ​ត្រូវបាន​បង្កើតឡើង​ជាច្រើន​ឆ្នាំកន្លងមកហើយ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​។​សាលា​រាជធានី​ភ្នំពេញ​ក៏​ធ្លាប់​បានធ្វើ​សេចក្តីជូនដំណឹង​ណែនាំ​ដល់​គ្រប់​មន្ទីរពេទ្យ​រដ្ឋ គ្លីនិក​ឯកជន ឬ​ក្រុមហ៊ុន​ឯកជន​ដែល​ធ្វើ​អាជីវកម្ម​ផ្នែក​ឱសថ​ឲ្យ​យល់ដឹង​ពី​ការ​វេច​ខ្ចប់​កាកសំណល់​វេជ្ជសាស្ត្រ​ដូចជា ស៊ីរ៉ាំង ឱសឋ​ខូចគុណភាព សំណល់​ពី​ការវះកាត់ ,​ពី​ការ​សម្រាលកូន ។​ល​។ ហើយ​បាន​តម្រូវ​ឲ្យ​បញ្ជូនទៅ​ឲ្យ​អង្គភាព​កម្ទេច​សំណល់​វេជ្ជសាស្ត្រ​របស់​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ ដើម្បី​កម្ទេចចោល​ដោយ​ឧបករណ៍​បច្ចេកទេស មិន​ប៉ះពាល់​សុខភាព និង​បរិស្ថាន ៕ រដ្ឋា​​Untitled-1Untitled-1